​រុស្សី​បាន​ព្រមាន​ដើរចេញ​ពី​ការចរចា ​ដើម្បី​បញ្ចប់​វិបត្តិ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ប្រសិនបើ​លោកខាងលិច​បន្ត​មិន​ទទួលយក​ការទាមទារ​របស់ខ្លួន​ ជុំវិញ​ការ​​ធានា​សន្តិសុខ បើទោះជា​យ៉ាងនេះ​ក៏ដោយ​ភាគី​ទាំងអស់​បាន​យល់ព្រម​បន្ត​ការចរចា​នៅ​សប្ដាហ៍​នេះ​។​

​គ្មាន​របកគំហើញ​ថ្មី​មួយ បានកើត​​ឡើង​បន្ទាប់ពី​កិច្ចចរចា​ជិត ៨ ​ម៉ោង ​នៅ​ក្រុង​ហ្សឺ​ណែវ​រវាង​អនុរដ្ឋមន្ត្រី​ការ បរទេស​រុស្ស៊ី​លោក​ ស៊ើ​ហ្គេ​យ៍ រី​យ៉ាប​កូវ និង​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​វេន​ឌី ហ្សឺ​មែន​។ ប៉ុន្តែ​កិច្ចប្រជុំ​នេះ​ក៏​មិនមាន​ការបែកបាក់​ទាំង​ស្រុង ដែល​រុស្ស៊ី​បាន​ព្រមាន​ថា អាច​ឈានដល់​សកម្មភាព​យោធា​ ប្រសិនបើ​បន្ទាត់​ក្រហម​របស់ខ្លួន​មិនត្រូវ​បាន​គោរព​។​

​បន្ទាប់ពី​កិច្ចប្រជុំ លោ​ក រី​យ៉ាប​កូវ បាន​និយាយថា ដាច់ខាត​មិនត្រូវ​ឱ្យ​ប្រទេស​អ៊ុយ​ក្រែ​ន ​ក្លាយជា​សមាជិក​នៃ​សម្ព័ន្ធភាព​យោធា​លោកខាងលិច​ណា​តូ​ទេ ដែល​នេះ​ជាការ​ទាមទារ​សំខាន់បំផុត​របស់​រុស្ស៊ី​។​

​ប៉ុន្តែ​លោកស្រី​ ហ្សឺ​មែន ​បានបញ្ជាក់​ជាថ្មី​ម្ដង​ទៀតថា សហរដ្ឋអាមេរិក​មិនអាច​ធ្វើការ​សន្យា​បែបនេះ​បានទេ ពីព្រោះ «​យើង​នឹងមិន​អនុញ្ញាតឱ្យ​នរណាម្នាក់ រិះគន់​គោលនយោបាយ​បើកទ្វារ​បស់​អង្គការ​ណា​តូ​»​ទេ ហើយ​លោកស្រីនិយាយថា សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​នឹងមិន​ឈរ​មើល​ទេ ប្រ​​សិន​បើ​រុស្សី​ព្យាយាម​ផ្លាស់ប្តូរ​ព្រំដែន​អន្តរជាតិ «​ដោយ​កម្លាំង​»​។​

​អ្នកស្រី​និយាយថា​៖ «​ប្រសិនបើ​រុស្សី​ដើរ​ចេញពី​ផ្លូវ​ការទូត ប្រហែលជា​ច្បាស់​ណាស់​ថា ពួកគេ​មិនដែល​យកចិត្តទុកដាក់​ក្នុង​ការបន្ត​ការទូត​ទាល់​តែ​សោះ​»​។​

​លោ​ក រី​យ៉ាប​កូវ បាន​និយាយថា​ ទីក្រុង​មូ​៉​ស្គូ​នឹង «​វិនិច្ឆ័យ​ជំហាន​បន្ថែមទៀត និង​ការរំពឹងទុក​នៃ​ការងារ​ទាំង​​អស់នេះ ហើយ​ធ្វើការ​សម្រេចចិត្ត​សមស្រប​ដោយ​ផ្អែកលើ​លទ្ធផល​នៃ​ព្រឹត្តិការណ៍​ដែល​នឹង​មកដល់​» ទាក់​ទង​នឹង​ថា តើ​វា​សម​នឹង​ការបន្ត​ការ​ពិភាក្សា​ដែរឬទេ​?​។​

​ទីក្រុង​ម៉ូស្គូ បានចាប់ផ្ដើម​ការចរចា​ដោយ​ព្រមាន​ថា ​ខ្លួន​នឹង​ដើរចេញ ប្រ​​សិន​លោកខាងលិច​នៅតែ​បន្ត​មិន​គោរព​ការទាមទារ​របស់ខ្លួន​។​

​មន្ត្រី​រុស្សី​នឹង​ជួបពិភាក្សា​ជាមួយ​ណា​តូ​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​នៅ​ថ្ងៃ​ពុធ និង​ជាមួយ​អង្គការ​សន្តិសុខ និង​សហប្រតិបត្តិការ​អឺរ៉ុប ដែលមាន​សមាជិក​ចំនួន ៥៧ ប្រទេស នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីក្រុង​វី​យែ​ន​។ លោកស្រី ​ហ្សឺ​មែន ​បាន​និយាយថា លោកស្រី​នឹង «​មានការ​សន្ទនា​បន្ថែមទៀត​ជាមួយ​រដ្ឋា​ភិ​​បាល​រុស្ស៊ី ហើយ​សម្រេចចិត្ត​លើ​ម​ធ្យោ​បាយ​ដ៏​ល្អ​បំផុត​ឆ្ពោះទៅមុខ​» នៅពេល​ក្រោយ​ក្នុង​សប្ដាហ៍​នេះ​។​

​លោ​ក រី​យ៉ាប​កូវ មិនបាន​សន្យាថា​ នឹងមាន​ការកាត់បន្ថយ​ភាព​តានតឹង​នោះទេ ហើយ​និយាយថា ចលនា​យោធានៅ​រុស្ស៊ី «​នឹង​បន្តទៅទៀត ពីព្រោះ​នេះ​ជា​អ្វីដែល​តម្រូវឱ្យមាន ដើម្បី​រក្សា​កម្រិត​ការត្រៀម​ប្រតិបត្តិ​ការចាំបាច់​របស់​កងកម្លាំងប្រដាប់អាវុធ​របស់​យើង នៅក្នុង​ស្ថានភាព​ដែល​បរិ​យាកាស​សន្តិសុខ​របស់​រុស្ស៊ី​បាន​ផ្លាស់ប្តូរ​ទៅ​អាក្រក់​»​។​

«​ដកទ័ព​ទៅ​បន្ទាយ​វិញ ឬ​ប្រាប់​យើង​អំពី​ការធ្វើ​សមយុទ្ធ និង​គោលបំណង​របស់​វា​» លោកស្រី ​ហ្សឺ​មែន ​បាន​និយាយ​បែបនេះ ហើយ​បន្តទៀតថា​៖ «​ប្រសិនបើ​រុស្ស៊ី​ស្ថិតនៅលើ​តុ ហើយ​ចាត់វិធានការ​ជាក់ស្ដែង ដើម្បី​កាត់បន្ថយ​ភាព​តានតឹង យើង​ជឿថា​យើង​អាច​សម្រេចបាន​នូវ​វឌ្ឍនភាព​»​។​

​លោកស្រី​ ហ្សឺ​មែន ​បាន​និយាយថា​ លោកស្រី​បានលើកឡើង​អំពី​សំណើ​កិច្ចព្រមព្រៀង​កំណត់​សព្វាវុធ ដើម្បី​កំណត់​ការដាក់​ពង្រាយ​មី​ស៊ី​ល ការ​អភិវឌ្ឍ​មី​ស៊ី​ល​ជំនាន់​ថ្មី ឬ​កំណត់​ការ​ធ្វើ​សមយុទ្ធ​។ ប៉ុន្តែ​គ្មាន​ការពិភាក្សា​អំពី​ការដាក់​ពង្រាយ​ទាហាន​អាមេរិក​នៅ​អឺរ៉ុប​ទេ​៕