​ប្រទេស​ចិន ​ជា​ប្រទេសដែល​រកឃើញ​មេរោគ​កូ​វីដ​ដំបូង​គេ​នៅ​ឆ្នាំ ២០១៩ ក៏​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ចុងក្រោយ ដែល​នៅតែ​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ហ្សេ​រ៉ូ​កូ​វីដ ដោយបាន​ដាក់​មនុ​ស្សរា​ប់​លាន​នាក់​ឱ្យនៅ​ដាច់​ពី​គេ ទោះបីជា​ខ្លួន​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​រដូវរងា​នៅ​ខែក្រោយ​ក៏ដោយ​។​

​រដ្ឋាភិបាល​ចិន​រាយការណ៍​ថា តាមរយៈ​គោលនយោបាយ​នេះ​រដ្ឋាភិបាល បាន​គ្រប់គ្រង​ស្ថានភាព និង​ទប់ស្កាត់​ការផ្ទុះ​ឡើង​ការរីក​រាលដាល​កូ​វីដ​ឱ្យនៅ​ត្រឹម ​៣០ ​ករណី​ទូទាំងប្រទេស រួមទាំង​មួយចំនួន ដែល​បង្កឡើង​ដោយ​វ៉ា​រ្យ៉​ង់​ដែល​តា​ដ៏​កាច​សាហាវ​។​

​យ៉ាងណាមិញ គោលនយោបាយ​នេះ បាន​ណែនាំ​ឱ្យមាន​វិធានការ​តឹង​​រ៉ឹង​ដើម្បី​រក្សា​ការឆ្លង​ពី​ការរីក​រាលដាល រួមទាំង​ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ ការ​ចាក់សោ និង​ការដាក់​ឱ្យនៅ​ដាច់​ពី​គេ​យ៉ាង​ទូលំទូលាយ​។​

​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ប្រទេស​ចិន​ ប្រើ​រូបមន្ត ​«dynamic zero»​ ឬការបិទ​ខ្ទប់​តឹងរ៉ឹង និង​ការធ្វើ​តេស្តទ្រង់ទ្រាយ​ធំ​ភ្លាមៗ​។​

​ផ្ទុយ​ពី​ប្រទេស​ដទៃទៀត​ដែល​ការ​​បិទ​ខ្ទប់​មាន​សភាព​ទន់ខ្សោយ​នៅឡើយ មនុស្ស​នៅក្នុង​ប្រទេស​ចិន ​អាច​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ចាកចេញ​ពី​អគារ​របស់​ពួកគេ ឬ​បង្ខាំង​នៅក្នុង​បន្ទប់​របស់​ពួកគេ ប្រសិនបើ​ពួកគេ​ទំនង ឬចាត់ទុកថា មាន​ទំនាក់ទំនង​ជាមួយ​បុគ្គល​ដែលមាន​ហានិភ័យ​ឆ្លង​ខ្ពស់​។​

​ទីក្រុង​ស៊ី​អាន​មាន​ប្រជាជន​ច្រើន​រាប់​លាន​នាក់ ត្រូវបានបិទ​ខ្ទប់​នៅក្នុង​ខែធ្នូ បន្ទាប់ពី​រកឃើញ​ករ​ណី​ឆ្លង​ចំនួន ១៥០ ករណី និង​បាន​បញ្ជា​ឱ្យ​ប្រជាជន​ចំនួន ១៣ ​លាន​នាក់ រស់នៅ​ក្នុងផ្ទះ​។​

​ឧប្បត្តិហេតុ​មួយទៀត ដែល​គេ​បាន​ចាត់វិធានការ​ភ្លាមៗ លើ​ទីក្រុងដែលមាន​ទំហំ​ស្រដៀង​គ្នា​នឹង​ទីក្រុង​ខាងលើ​ គឺ​តំបន់​ចេង​ចូ​វ​ជា​កន្លែង ដែល​អ្នកស្រុក​ទាំងអស់​ត្រូវបាន​ធ្វើតេស្ត ​បន្ទាប់ពី​រកឃើញ​ករណី​ឆ្លង​តែ ១១ ករណី​ប៉ុណ្ណោះ​។​

​នៅក្នុង​ព្រឹត្តិការណ៍​ថ្មីៗ​នេះ អាជ្ញាធរ​ចិនបាន​បិទ​ផ្សារ​ទំនើប​មួយចំនួន បន្ទាប់ពី​រកឃើញ​ដាន​មេរោគ​ឆ្លង​នៅក្នុង​ផ្លែឈើ ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​។ យោងតាម​របាយការណ៍ យ៉ាងហោចណាស់​ទីក្រុង​ចំនួន ៩ ​នៅក្នុង​ខេត្ត​ហ្សឺ​ជាំ​ង និង​ខេត្ត​ជាំ​ង​ស៊ី បាន​​រកឃើញ​គំរូ​មេរោគ​ឆ្លង​នៅក្នុង​ផ្លែ​ស្រកា​​នាគ​ ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​។​

​ជើងហោះហើរ​អន្តរជាតិ ក៏​ជាការ​រួមចំណែក​នៃ​កម្រិត​មុន​ការ​រាតត្បាត​របស់​ពួកគេ ហើយ​ការមកដល់​របស់​អ្នកដំណើរ​មក​ប្រទេស​នេះ​ គឺ​តម្រូវ​ដាក់​ឱ្យនៅ​ដាច់ ដោយឡែក​ពី​គេ​ជាច្រើន​សប្តាហ៍​។ កម្មវិធី​តាមដាន​ទំនាក់ទំនង​ផ្ទាល់ និង​ទំនាក់ទំនង​ជិត​​ស្និទ្ធ​ជាធម្មតា តម្រូវឱ្យមាន​ការដាក់​ឱ្យនៅ​ដាច់ ដោយឡែក​យ៉ាង​ឆាប់រហ័ស ប្រសិនបើ​រកឃើញថា​មាន​ជាប់​ពាក់ព័ន្ធ​។​

​ករណី​កូ​វីដ​ឆ្លង​ជាង​ ១០០ ម៉ឺន និង​មនុស្ស​តិចជាង ៥​ ពាន់​នាក់​ប៉ុណ្ណោះ បាន​ស្លាប់នៅក្នុង​ប្រទេស​ចិន​ ចាប់​​តាំងពី​ជំងឺ​រាតត្បាត បានចាប់ផ្តើម​ដែល ជា​ប្រភាគ​នៃ​ករណី​​ ១ ​លាន ​ដែល​ត្រូវបាន​កត់ត្រា​ដោយ​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​ ១ ​ថ្ងៃ ​កាលពី​ដើមខែ​នេះ​។ បើទោះជា​មានការ​ចោទថា ទិន្នន័យ​ឆ្លង​ពិតប្រាកដ ត្រូវបាន​រាយការណ៍​ស្ថិតក្នុង​កម្រិត​ទាប​កាលពីដើមឆ្នាំ ២០២០ ក៏ដោយ ប៉ុន្តែ​គេ​សង្កេតឃើញ​ប្រទេស​នេះ ចាប់ផ្ដើម​ត្រឡប់មក​សភាព​ធម្មតា​វិញ ចាប់តាំងពី​ពេលនោះ​មក​។​

​លោក Liang Wannian មន្ត្រី​ម្នា​ក់នៅ​គណ​:​ក​ម្មា​ធិ​ការ​សុខភាព​ជាតិបាន​​ប្រាប់​អ្នកយកព័ត៌មាន កាលពី​ខែ​មុន​ថា​៖ «​យើង​នៅតែ​មិនអាច​បញ្ឈប់​ករណី​ក្នុងស្រុក​មិនឱ្យ​សល់​តែ ​១ ករណី​នោះទេ ប៉ុន្តែ​យើង​មាន​សមត្ថភាព និង​ទំនុកចិត្ត​ក្នុងការ​ពន្លត់​ការផ្ទុះ​ឡើង​យ៉ាង​ឆាប់រហ័ស​នៅពេលដែល​ករណី​ក្នុងស្រុក​ត្រូវបាន​រកឃើញ​»​។​

​ក្រៅពី​វិធាន​តឹងរ៊ឹ​ង​នេះ ប្រទេសចិន ​បាន​ប្រើ​បច្ចេកវិទ្យា​ជំនួយ ដើម្បី​កំណត់​អត្តសញ្ញាណ និង​ស្ថានភាព​សុខភាព​របស់​ពួកគេ​។ ឧទាហរណ៍ អ្នកស្រុកដែល​មិនបាន​ឆ្លងកាត់​ការធ្វើ​តេស្ត នឹង​ឃើញ​លេខ​កូដ​សុខភាព​របស់​ពួកគេ​ប្រែជា​ពណ៌​លឿង​នៅក្នុង​ប្រព័ន្ធភ្លើង​ចរាចរណ៍​របស់​កម្មវិធី ដោយ​ហាម​ពួកគេ​មិនឱ្យ​ចាក​ចេញពី​ទីក្រុង ឬ​ចូលទៅក្នុង​ទីក្រុង​ប៉េកាំង ដែល​គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​​រងា​ក្នុង​រយៈពេល​តិចជាង ៤​ សប្តាហ៍​។​

​ការដែល​មាន​លេខ​កូដ​សុខភាព ដែល​បង្ហាញ​ពី​ស្ថានភាព​កូ​វីដ របស់​មនុស្ស​តាមរយៈ​កម្មវិធី​ដែល​ទាមទារ​ឱ្យមាន​ការចុះឈ្មោះ​ពិត គឺ​ចាំបាច់​នៅក្នុង​ប្រទេស​ចិនដីគោក ហើយ​ត្រូវតែ​បង្ហាញ​ដើម្បី​ចូល​កន្លែង ឬ​ធ្វើដំណើរ​។​

​យ៉ាងណាមិញ ប្រសិនបើ​ការ​តាម​​ដាន​ទំនាក់ទំនង​មិនអាច​កំណត់​អត្ត​​សញ្ញាណ​ខ្សែចង្វាក់​ចម្លង​បានទេ​ការធ្វើ​តេស្ត​ចាំបាច់​នឹងត្រូវ​ពង្រីក​បន្ថែម ដើម្បី​បំពេញ​ចន្លោះ​នៃ​ព័ត៌មាន ដែល​រក​មិនទាន់​ឃើញ ដោយ​អាជ្ញាធរ​មូលដ្ឋាន​អាចបង្កើត​គោលការណ៍​ណែនាំ ដើម្បី​ចាប់ផ្តើម​ការធ្វើ​តេស្ត​ដ៏​ធំ អាស្រ័យ​លើ​និន្នាការ​នៃ​ការផ្ទុះ​ឡើង និង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ទីក្រុង​។​

​ទោះជា​គោលការណ៍ ហ្សេ​រ៉ូ​កូ​វីដ មាន​ប្រសិទ្ធភាព​យ៉ាងណាក្ដី ប៉ុន្តែ​ផល​លំបាក​នៃ​ការអនុវត្ត​គោលការណ៍​នេះ​ក៏មាន​ដូចគ្នា ដោយ​គេ​ឃើញ​មានការបិទទ្វារ​ស្ទើរតែ​ឥតឈប់ឈរ​នៅ​ជិត​ព្រំដែន​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​អាជីវកម្ម​ត្រូវបាន​បង្ខំ​ឱ្យ​រើ​ទីតាំង​ចេញពី​តំបន់​ទាំងនេះ​។​

​សហគមន៍​ដែល​ត្រូវបាន​បិទទ្វារ​បាន​ត្អូញត្អែរ​អំពី​ការផ្គត់ផ្គង់​អាហារ​មិន​គ្រប់គ្រាន់ ការថែទាំ​វេជ្ជសាស្ត្រ និង​ការផ្គត់ផ្គង់​។​ក្នុងពេល​ជាមួយគ្នានេះ ច្បាប់​ធ្វើដំណើរ និង​ការដាក់កំហិត​ដ៏​ធ្ងន់ធ្ងរ បានធ្វើឱ្យ​ជន​ចំណាក​​ស្រុក​ឃ្លាតឆ្ងាយ​ពី​គ្រួសារ​អស់​រយៈពេល​ជាច្រើន​ខែ​៕