កាល​ពី​ថ្ងៃ​ចន្ទ​ ទី ​១០ មករា ​ប្រធានាធិបតី​រុស្ស៊ី​ ​លោក ​វ៉្លាឌីមៀរ​ ពូទីន​ ​លើក​ឡើង​​​ថា​ ភាព​ចលាចល​ថ្មី​ៗ​នេះ​នៅ​ប្រទេស​កាហ្សាក់ស្ថាន​គឺ​បង្ក​ដោយ «កម្លាំង​បំផ្លិច​បំផ្លាញ​ពី​ខាង​ក្នុង និង​ខាង​ក្រៅ​» ហើយ​ទាហាន​ ២ ០០០ នាក់ ​របស់​ប្រទេស​លោក​ នឹង​ចាកចេញ​នៅ​ពេល​ដែល​បេសកកម្ម​រក្សា​សន្តិភាព​របស់​ពួកគេ​ត្រូវ​បាន​បញ្ចប់​។

ក្នុង​កិច្ចប្រជុំ​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​សមូហភាព​ (CSTO) ដែល​ជា​សម្ព័ន្ធ​ភាព​យោធា​រវាង​ប្រទេស​អាមេនី បេឡារូស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី និង​តាហ្ស៊ីគីស្ថាន លោក​ពូទីន​មិន​បាន​បញ្ជាក់​អំពី​ពេល​កំណត់​សម្រាប់​ការ​ដក​ចេញនោះ​​ទេ ដោយ​និយាយ​ថា​ទាហាន​រុស្ស៊ី​ ​នឹង​បន្ត​វត្ត​មាន​នៅ​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន​ដរាបណា​លោក​ប្រធានាធិបតី​កាស៊ីម-ជូម៉ាត តូកាយ៉េវ​ «ចាត់​ទុក​ថា​វា​ចាំ​បាច់​»។

លោក​ពូទីន​បាន​និយាយ​ថា​ភាព​ចលាចល​នេះ​មាន​រោគសញ្ញា​នៃ​ការ​ប៉ុនប៉ង​អន្តរាគមន៍​ពី​បរទេស​នៅ​ក្នុង​តំបន់​មួយ​ដែល​រុស្ស៊ី​​ចាត់​ទុក​ថា ​នៅ​ក្នុង​ដែន​ឥទ្ធិពល​របស់​ខ្លួន ហើយ​បាន​ធ្វើ​ការ​ប្រៀប​ធៀប​ព្រឹត្តិការណ៍​ថ្មី​ៗ​ទៅ​នឹង​ការ​បាតុកម្ម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​នាំ​ទៅ​ដល់​ការ​ទម្លាក់​ប្រធានាធិបតី​ប្រទេស​នេះ​ ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​ក្នុង​ឆ្នាំ ២០១៤​។ លោក​ពូទីន​និយាយ​ថា​ អង្គការ​ CSTO នឹង​មិន​អនុញ្ញាត​ឱ្យ​មាន «បដិវត្តន៍​ពណ៌» នោះ​ទេ ដែល​ជា​ពាក្យ​ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​បាន​វាយ​លុក​ប្រទេស​ជា​ច្រើន​នៃ​អតីត​សហភាព​សូវៀត​។

យ៉ាង​ហោច​ណាស់​បាតុករ​ ៥៨០០ នាក់​ ​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ច្រើន​ជាង​ ២០០០ នាក់​បាន​រង​របួស​ បន្ទាប់​បាតុកម្ម​ដោយ​ហិង្សា​ជា​ច្រើន​ដែល​ចាប់​ផ្ដើម​កាល​ពី​សប្ដាហ៍​មុន​។ កាល​ពី​ថ្ងៃ​អាទិត្យ​ក្រសួង​សុខាភិបាល​កាហ្សាក់ស្ថាន​បាន​និយាយ​ថា​ មនុស្ស​ ១៦៤ នាក់​បាន​ស្លាប់​ក្នុង​បាតុកម្ម​ ប៉ុន្តែ​ក្រោយ​មក​បាន​ដក​ការ​ប្រកាស​នេះ​វិញ​។

មន្ត្រី​កាហ្សាក់ស្ថាន​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ សណ្តាប់​ធ្នាប់​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ហើយ​ ទាហាន​បរទេស​ «ទំនង» នឹង​ចាកចេញ​នៅ​សប្ដាហ៍​បន្ទាប់​។ ប៉ុន្តែ​រុស្ស៊ី​ មាន​ប្រវត្តិសាស្ត្រ​បញ្ជូន​ «កង​កម្លាំង​រក្សា​សន្តិភាព​» ដែល​មិន​ចាកចេញ​ ដូច​ដែល​ពួកគេ​បាន​ធ្វើ​នៅ​តំបន់​ម៉ុលដូវ៉ា និង​អាបខាស៊ី​នៃ​ប្រទេស​ហ្សកហ្ស៊ី​៕