សមាជិក​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ (WEF) ត្រឹម​តែ ១ ​ក្នុង​ចំណោម​ ១០​ បាន​និយាយ​ថា​ពួកគេ​រំពឹង​ទុក​ថា ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​សកលលោក ​នឹង​បង្កើន​ល្បឿន​ក្នុង​រយៈ​ពេល ៣ ឆ្នាំ​ខាង​មុខ។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​នៃ​មន្ត្រី​រដ្ឋាភិបាល បញ្ញវន្ត​ និង​មេដឹកនាំ​អាជីវកម្ម​ជិត​ ១០០០ នាក់​ ដោយ​ត្រឹម​តែ​សមាជិក​ ១ ក្នុង​ចំណោម​ ៦ មាន​សុទិដ្ឋិនិយម​អំពី​ទស្សនវិស័យ​ពិភពលោក​។

ការ​ប្រែប្រួល​អាកាសធាតុ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​គ្រោះ​ថ្នាក់​លេខ​១ ​ដោយ​អ្នក​ឆ្លើយ​តប​នៅ​ក្នុង​ការ​ស្ទង់​មតិ​សម្រាប់​របាយការណ៍​ហានិភ័យ​ប្រចាំ​ឆ្នាំ​របស់ WEF ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ ទី​១០ មករា​។ សំណឹក​នៃ​ភាព​ស្អិតល្មួត​ក្នុង​សង្គម វិបត្តិ​ជីវភាព​រស់​នៅ និង​ការ​ចុះ​ខ្សោយ​នៃ​សុខភាព​ផ្លូវ​ចិត្ត​ត្រូវ​បាន​កំណត់​ថា​ជា​ហានិភ័យ​ ដែល​បាន​កើន​ឡើង​ច្រើន​បំផុត​ចាប់​តាំង​ពី​ការ​ចាប់​ផ្ដើម​នៃ​ជំងឺ​រាតត្បាត​កូវីដ១៩​។

ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា អាកាសធាតុ​មិន​ប្រក្រតី​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ហានិភ័យ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ក្នុង​រយៈ​ពេល​ខ្លី និង​ការ​បរាជ័យ​នៃ​សកម្មភាព​អាកាសធាតុ​ក្នុង​រយៈ​ពេល​មធ្យម និង​រយៈ​ពេល​វែងពី ២ ទៅ ១០ ឆ្នាំ។

របាយការណ៍​នេះ​ ត្រូវ​បាន​បោះពុម្ព​ជា​រៀងរាល់​ឆ្នាំ​មុន​កិច្ចប្រជុំ WEF ប្រចាំ​ឆ្នាំ​នៅ​ទីក្រុង​ដាវូស។ ប៉ុន្តែ​ នៅ​ឆ្នាំ​នេះ WEF ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ​ បាន​ពន្យារ​ពេល​ព្រឹត្តិការណ៍​ខែ​មករា​រហូត​ដល់​ពាក់​កណ្ដាល​ឆ្នាំ ២០២២ ដោយ​សារ​តែ​ការ​រីក​រាលដាល​នៃ​វ៉ារ្យ៉ង់​មេរោគ​អូមីក្រុង​៕