​ក្នុងការ​ថ្លែង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​អង្គារ ទី ​១១ មករា ​ប្រធានាធិបតី​អាមេរិក​លោក ​ចូ បៃ​ដិ​ន បាន​គាំទ្រ​ការផ្លាស់ប្ដូរ​បទបញ្ជាផ្ទៃក្នុង​របស់​ព្រឹទ្ធសភា​អាមេរិក ដើម្បី​អនុម័ត​ច្បាប់​កំណែទម្រង់​ពង្រីក​សិទ្ធិ​បោះឆ្នោត ដោយ​ព្រមាន​អំពី​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ចំពោះ លទ្ធិប្រជាធិបតេយ្យ​រប​ស់​អាមេរិក ប្រសិនបើ​សមាជិកសភា​មិន​ធ្វើ​សកម្មភាព «​ការ​ពារ​បេះដូង និង​ព្រលឹង​» នៃ​ប្រទេស​។​

​លោក​ បៃ​ដិ​ន មិនបាន​ទាមទារ​ឱ្យ​លុបបំបាត់​ទាំងស្រុង​នូវ​បទបញ្ជាផ្ទៃក្នុង Filibuster ដែល​អនុញ្ញាត​គណបក្ស​សំ​ឡេង​ភាគតិច​ក្នុង​ព្រឹទ្ធសភា​ធ្វើការ​រារាំង​សេចក្ដីព្រាងច្បាប់​ណា​មួយ​ ប្រសិនបើ​សេចក្ដីព្រាងច្បាប់​នោះ​មិនមាន​សំឡេងគាំទ្រ​ ៦០ ក្នុងចំណោម ១០០​។ លោក​ បៃ​ដិ​ន ​និយាយថា លោក​គាំទ្រ​ការលុបបំបាត់​បទបញ្ជា​ផ្ទៃ​ក្នុងនេះ​ក្នុងការ​អនុម័ត​សេចក្ដីព្រាងច្បាប់​ដែល​ទាក់ទង​ជាមួយ​កំណែទម្រង់​ការបោះឆ្នោត​។ ការលុបបំបាត់​បែបនេះ​មានឱកាស​តិចតួច​ ដើម្បី​ទទួល​ការ​​គាំទ្រ​ពី​សមាជិក​ទាំង ​៥០ ​រូប ​នៃ​គណបក្ស​ប្រជាធិបតេយ្យ ខណៈពេលដែល​សមាជិក​គណបក្ស​សាធារណរដ្ឋ​ទាំងអស់​មាន​ជំហរ​ប្រឆាំង​ដាច់ខាត​នឹង​​ការ​លុប​នេះ​។​

​ដើមឡើយ​លោក ​បៃ​ដិ​ន ដែល ជា​អតីត​សមាជិក​ព្រឹទ្ធសភា​អាមេរិក គឺ​មិន​គាំទ្រ​ការលុបបំបាត់ Filibuster ទេ ប៉ុន្តែ​លោក​និយាយថា ឥឡូវនេះ បទបញ្ជាផ្ទៃក្នុង​បែបនេះ​គឺ​ត្រូវបាន «​រំលោភបំពាន​» ដោយ​គណបក្ស​សំឡេង​ភាគតិច​។​

​លោក​និយាយថា​៖ «​គួរឱ្យ​សោកស្ដាយ ព្រឹទ្ធសភា​សហ​រដ្ឋ​អាមេរិក ដែល​រចនា​ឡើងជា​អង្គ​វិនិច្ឆ័យ​ដ៏​អស្ចារ្យ​បំផុត​របស់​ពិភពលោក បាន​ក្លាយជា​សម្បក​ទទេ​នៃ​អតីតកាល​របស់ខ្លួន​»​។​

​លោក​ បៃ​ដិ​ន បានធ្វើការ​​ប្រៀបធៀប​គូប្រជែង​នៃ​ការ​​ផ្លាស់ប្ដូរ​បទបញ្ជាផ្ទៃក្នុង​នេះ ទៅនឹង​ម្ចាស់​ទាសករ និង​អ្នក​រើសអើង ដែល​នេះ គឺជា​ការ​ប្រថុយ​ដ៏​ធំ​មួយ​សម្រាប់​លោក ​បៃ​ដិ​ន ខណៈពេលដែល​លោក​ព្យាយាម​ជំរុញឱ្យមាន​ការគាំទ្រ​ក្នុង​ព្រឹទ្ធសភា ដែល​បែង​ចែកជា ​២ ​ក្រុម ៥០-៥០​។​

​សេចក្ដីព្រាងច្បាប់​មួយ ដែល​ត្រូវបាន​ស្នើឡើង​ដោយ​គណ​បក្ស​ប្រជាធិបតេយ្យ មាន​ឈ្មោះថា «​ច្បាប់​ស្ដីពី​សេរីភាព​ក្នុងការ​បោះឆ្នោត​» ក្នុងចំណោម បទ​ប្បញ្ញត្តិ​ផ្សេងទៀត គឺ​ដើម្បី​រារាំង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រឹតបន្តឹង​ការបោះឆ្នោត​តាម​សំបុត្រ ឬ​អវត្តមាន​ធ្វើឱ្យ​ថ្ងៃ​បោះឆ្នោត​ក្លាយជា​ថ្ងៃ​ឈប់សម្រាក និង​រារាំង​ការ​គូស​ផែនទី​ដោយ​លម្អៀង​។

​បើទោះបីជា​លោក​ បៃ​ដិ​ន ​បានធ្វើ​ការជំរុញ​បែបនេះ​ក៏ដោយ ការផ្លាស់ប្ដូរ​បទបញ្ជា​ផ្ទៃក្នុង​របស់​ព្រឹទ្ធសភា ​គឺ​ត្រូវការ​ការគាំទ្រ​របស់​ស​មា​ជិ​ក​ទាំង ​៥០ របស់​គណបក្ស​ប្រជាធិបតេយ្យ និង​ការបោះឆ្នោត​បំបែក​ការជាប់គាំង​ដោយ​អនុ​ប្រធានាធិបតី​។​

​សមាជិក​ព្រឹទ្ធសភា​គណ​បក្ស​ប្រជាធិបតេយ្យ​លោក ​ចូ ម៉ាន់​ឈី​ន និង​លោកស្រី ​កៀរ​ស្ទី​ន ស៊ី​នី​ម៉ា បានប្រកាស​ដាច់​ខាត​ប្រឆាំងនឹង​ការលុបបំបាត់ Filibuster ខណៈពេលដែល​សមាជិក​មួយចំនួន​បានបង្ហាញ ការព្រួយបារម្ភ​អំពី​ការលើក​​ឡើង​បែបនេះ​។​

​រីឯ​គណបក្ស​សាធារណរដ្ឋ​វិញ បាន​កត់សម្គាល់ថា គណបក្ស​ប្រជាធិបតេយ្យ​បានទទួលការការពារ​ពី Filibuster នៅពេលដែល​ពួកគេ​ជា​គណបក្ស​សំឡេង​ភាគតិច ហើយ​ប្រសិន​បើ​ពួកគេ​ចាញ់​ការបោះឆ្នោត ២០២២ ឬ ២០២៤ នោះ​ពួកគេ​អាច​នឹង​បាត់​ការការពារ​នេះ​។​

​បើទោះជា​យ៉ាងនេះ​ក៏ដោយ មេដឹកនាំ​សំឡេង​ភាគច្រើន​របស់​គណបក្ស​ប្រជាធិបតេយ្យ​លោក ​ឆាក់ ស៊ូ​មឺ​រ នៅតែ​ព្យា​យាម​ដាក់​សម្ពាធ​លើ​គណបក្ស​សាធារណរដ្ឋ ដោយ​ផ្ដល់​ពេល​ដល់​សប្ដាហ៍​ក្រោយ​ដើម្បី​បោះ​បង់​ការប្រឆាំង ឬ​ប្រឈមមុខ​នឹង​ការលុបបំបាត់ Filibuster​។​

​មេដឹកនាំ​សំឡេង​ភាគតិច​របស់​គណបក្ស​សាធារណរដ្ឋ​លោក​ មិច ម៉ា​កូ​ណែ​ល បាន​គំរាម​ធ្វើឱ្យមាន​ផលប៉ះពាល់​ភ្លាមៗ ប្រសិនបើ​គណបក្ស​ប្រជាធិបតេយ្យ​លុបបំបាត់ Filibuster​។​

​គណបក្ស​សាធារណរដ្ឋ​បាន​លើកឡើងថា​ កំណែទម្រង់​របស់​គណបក្ស​ប្រជាធិបតេយ្យ នឹង​រំលោភ​សិទ្ធ​របស់​រដ្ឋ​នីមួយៗ​ក្នុងការ​រៀបចំ​ការបោះ​​ឆ្នោត​ហើយ​បាន​ចោទប្រកាន់​គណបក្ស​ប្រជាធិបតេយ្យ​ថា កំពុង​ចង់​ធ្វើឱ្យ​ប្រព័ន្ធ​បោះឆ្នោត មានការ​លម្អៀង​។​

​សកម្មជន​និយាយថា​ អ្នក​រិះគន់​ទាំងនោះ​មិន​អើពើ​នឹង​ឧទាហរណ៍​ជាក់ស្តែង​នៃ​ការ​គាបសង្កត់​អ្នកបោះឆ្នោត​។

​ក្រុម​សិទ្ធិ​បោះឆ្នោត​នៅ​ហ្ស​កហ្ស៊ី បានដាក់​ពាក្យ​នៅ​តុលា​ការ​រួចទៅហើយ ដែល​ចោទ​​ប្រកាន់​សមាជិកសភា​សា​ធារ​ណ​រដ្ឋ​ថា រៀបចំ​ឡើងវិញ​នូវ​មណ្ឌល​សភា ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ដល់​បេក្ខជន​គណបក្ស​សាធារណរដ្ឋ និង​ប​ដិសេធ​ការ​តំណាងឱ្យ​អ្នក​បោះ​​ឆ្នោត​ស្បែក​ខ្មៅ​៕