បន្ទាប់​ពី​ជំនួប​អស់រយៈពេល​ជាង​ ៤ ​ម៉ោង​ជាមួយ​គណៈប្រតិភូ​រុស្ស៊ី​ អង្គការ​ណាតូ​លើក​ឡើង​ថា​ខ្លួន​មាន​ឆន្ទៈ​ចរចា​លើ​ការ​គ្រប់គ្រង​អាវុធ​ និង​ការ​ដាក់​ពង្រាយ​មីស៊ីល​នៅ​ទ្វីប​អឺរ៉ុប​ ប៉ុន្តែ​បាន​ច្រានចោល​ការ​ទាមទារ​ធានា​សន្តិសុខ​របស់​រុស្ស៊ី​ ដែល​រួមមាន​ការ​ធានា​ថា ​ខ្លួន​នឹង​មិន​ពង្រីក​សមាជិកភាព​មក​អឺរ៉ុប​ខាង​កើត​ ជា​ពិសេស​ប្រទេស​អ៊ុយក្រែន​។

នៅ​សប្ដាហ៍​នេះ​ ប្រទេស​រុស្ស៊ី និង​លោក​ខាង​លិច​បាន​ចាប់​ផ្ដើម​ការ​ចរចា​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ប្រទេស​អ៊ុយក្រែន​ បន្ទាប់​ពី​ការ​ដាក់​ពង្រាយ​ទាហាន​រុស្ស៊ី​ ជិត​ ១០០ ០០០ នាក់ ​នៅ​តំបន់​ព្រំដែន​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា ​ក្រុង​មូស្គូ​ គឺ​កំពុង​ត្រៀម​ធ្វើ​ការ​ឈ្លានពាន​។ រុស្ស៊ី​ ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ និង​បាន​និយាយ​ថា ​អ៊ុយក្រែន​ និង​លោក​ខាង​លិច​ គឺ​កំពុង​បង្ក​ការ​គំរាម​កំហែង​ទៅ​ដល់​សន្តិសុខ​របស់​ខ្លួន​ ហើយ​បាន​ធ្វើការ​ទាមទារ​ការ​ធានា​សន្តិសុខ​ពី​លោក​ខាង​លិច​។

អគ្គលេខាធិការ​អង្គការ​ណាតូ​លោក​ជេន ស្ទូលតេនប៊ឺក​ បាន​និយាយ​ថា​ «ការ​ខ្វែង​គំនិត​ដ៏​ធំ» គឺ​នៅ​មាន​រវាង​សម្ព័ន្ធ​ភាព​យោធា​លោក​ខាង​លិច​ និង​រុស្ស៊ី​ ហើយ​ «ការ​ខ្វែង​គំនិត​នេះ​នឹង​មិន​ងាយ​ដោះ​ស្រាយ​ទេ​»​។

លោក​បន្ថែម​ទៀត​ថា​៖ «មាន​ហានិភ័យ​ពិត​ប្រាកដ​សម្រាប់​ជម្លោះ​ប្រដាប់​អាវុធ​ថ្មី​នៅ​អឺរ៉ុប​»​។ អង្គការ​ណាតូ​ បាន​និយាយ​ថា ​ការ​ទាមទារ​ធានា​សន្តិសុខ​របស់​រុស្ស៊ី គឺ​ភាគ​ច្រើន​មិន​អាច​ទទួល​យក​បាន​។

អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ ​លោក​ អាឡិចសាន់ឌឺ ហ្គ្រីសកូ​ បាន​និយាយ​ថា ​ការ​ទាមទារ​ការ​ធានា​សន្តិសុខ​របស់​រុស្ស៊ី​ «​គឺ​ជាគោលជំហរ​គោលការណ៍​ ហើយ​យើង​មិន​អាច​ដើរ​ចេញ​ពី​វា​ទេ​»។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​លោក​និយាយ​ថា​ កិច្ចប្រជុំ​នេះ​គឺ​ «ស្មោះត្រង់ ដោយ​ផ្ទាល់ ស៊ីជម្រៅ និង​ទូលំទូលាយ​» ប៉ុន្តែ «ក្នុង​ពេល​ជាមួយ​គ្នា​នេះ វា​បាន​បង្ហាញ​ពី​ចំនួន​ដ៏​ច្រើន​នៃ​ភាព​ខុស​គ្នា​លើ​សំណួរ​ជា​មូលដ្ឋាន​»​៕