កាល​ពី​ថ្ងៃ ពុធ ទី​ ១២ មករា សមាជិក​ព្រឹទ្ធសភា​អាមេរិក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​បង្ហាញ​សេចក្ដីព្រាងច្បាប់​មួយ​ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី​ ប្រសិន​បើ​ពួកគេ​សម្រេច​ចិត្ត​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន​។

សេចក្ដីព្រាងច្បាប់​ស្ដីពី​ការ​ការពារ​អធិបតេយ្យភាព​អ៊ុយក្រែន​ ដែល​ស្នើ​ឡើង​ដោយ​ប្រធាន​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក​លោក ​រ៉ូប៊ឺត ម៉ានេនដេស​ និង​សមាជិក​ ២៥ ​រូប​ ដទៃ​ទៀត​ នឹង​កំណត់​កាតព្វកិច្ច​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ និង​នីតិបុគ្គល​រុស្ស៊ី ប្រសិន​បើ​រុស្ស៊ី​ បង្កើន​សកម្មភាព​ប្រឆាំង​អ៊ុយក្រែន​។ សេចក្ដីព្រាង​ក៏​នឹង​កំណត់​ឱ្យ​ក្រសួង​ការបរទេស​ និង​ក្រសួង​ការពារ​ជាតិ​អាមេរិក​ជួយ​ពង្រឹង​សមត្ថភាព​យោធា​អ៊ុយក្រែន​ និង​បង្កើន​ជំនួយ​សន្តិសុខ​។

ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​លោក​ ម៉ានេនដេស​ និយាយថា​វិធានការ​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ប្រឆាំង​រុស្ស៊ី​ គឺ​ «អ៊ុយក្រែន​ដែល​រឹងមាំ និង​រួប​រួម​គ្នា​»​ ហើយ​សង្ឃឹម​ថា​ នឹង​អាច​ធ្វើ​ការ​ជាមួយ​គណបក្ស​សាធារណរដ្ឋ​ដើម្បី​ជួយ​អ៊ុយក្រែន​ប្រឆាំង​នឹង​ «អ្នក​យាយី​នៅ​ក្រុង​ម៉ូ​ស្គូ»​។

នេះ​គឺ​ជា​លើក​ទី​២ ​នៅ​សប្ដាហ៍​នេះ​ ដែល​សមាជិក​សភា​អាមេរិក​បាន​ស្នើ​សេចក្ដីព្រាងច្បាប់​ប្រឆាំង​នឹង​រុស្សី​។ កាល​ពី​ថ្ងៃ​ចន្ទ​ សមាជិក​សភា​តំណាង​ ១​ ​ក្រុម​មក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​បង្ហាញ​សេចក្ដីព្រាងច្បាប់​ការ​ធានា​ស្វ័យភាព​អ៊ុយក្រែន​ ដោយ​ការ​ពង្រឹង​ការ​ការពារ ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​សេចក្ដីព្រាងច្បាប់​របស់​លោក​ ម៉ានេនដេស ដោយ​មាន​ការ​បន្ថែម​ការ​តម្រូវ​ឱ្យ​ច្រានចោល​ការ​ទាមទារ​របស់​រុស្ស៊ី​ ​។

ការ​ដាក់​ពង្រាយ​ទាហាន​រុស្ស៊ី​ ​ជិត​ ១០០ ០០០ នាក់​ នៅ​តំបន់​ព្រំដែន​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​ក្រុងម៉ូ​ស្គូ​គឺ​កំពុង​ត្រៀម​ធ្វើ​ការ​ឈ្លានពាន​។ រុស្សី​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ និង​បាន​និយាយ​ថា​ អ៊ុយក្រែន​ និង​លោក​ខាង​លិច ​គឺ​កំពុង​បង្ក​ការ​គំរាម​កំហែង​ទៅ​ដល់​សន្តិសុខ​របស់​ខ្លួន​ ហើយ​បាន​ធ្វើ​ទាមទារ​ការ​ធានា​សន្តិសុខ​ពី​លោក​ខាង​លិច​។

មន្ត្រី​រុស្ស៊ី និង​អាមេរិក​បាន​ជួប​ចរចា​នៅ​ថ្ងៃ​ចន្ទ​ និង​ថ្ងៃ​ពុធ​ ដើម្បី​ស្វែង​រក​ការ​កាត់​បន្ថយ​ភាព​តានតឹង​៕