សម្ព័ន្ធ​សកល​នៃ​អង្គការ​ត្រួតពិនិត្យ​ការពិត​និយាយថា យូ​ធូប (Youtube) គឺជា​បណ្តាញ​ដ៏​ធំ​នៃ​ព័ត៌មាន​មិន​ពិត និង​ព័ត៌មាន​ប្រឌិត​តាម​អ៊ីនធឺណិត និង​នៅ​ទូទាំង​ពិភពលោក ហើយ​មិន​ដំណើរការ​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​ការរីក​រាលដាល​នៃ​ព័ត៌មាន​មិន​ពិត​នៅលើ​វេទិកា​នេះ​ទេ​។​

​លិខិត​មួយ​ដែល​ចុះហត្ថលេខា​ដោយ​ស្ថាប័ន​ជាង ៨០ រួមទាំង​ក្រុមហ៊ុន Full Fact របស់​ចក្រភព​អង់គ្លេស និង​កម្មវិធី​ត្រួតពិនិត្យ​ការពិត​របស់​កាសែត Washington Post និយាយថា Youtube កំពុង​អនុញ្ញាត​ក្រុម​ផ្សេងៗ ធ្វើការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​របស់ខ្លួន​ដូចជា​ក្រុម Doctors for the Truth ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​កូ​វីដ ១៩ និង​វីដេអូ​ដែល​គាំទ្រ​ការចោទប្រកាន់ថា​មានការ​ក្លែងបន្លំ​អំឡុងពេល​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​។​

​លិខិត​ដែល​ផ្ញើជូន​នាយក​ប្រតិបត្តិ​របស់ YouTube លោក Susan Wojcicki និង​ហៅ YouTube ថា ជា​ផ្លូវដែក​ដ៏​សំខាន់​សម្រាប់​ការមិនពិត​និយាយថា​៖ «YouTube កំពុង​អនុញ្ញាតឱ្យ​វេទិកា​របស់ខ្លួន​ក្លាយជា​អាវុធ​របស់​តួអង្គ​ដែល​មិន​សម​ហេតុផល ដើម្បី​កេងប្រវ័ញ្ច​អ្នកដទៃ ព្រមទាំង​រៀបចំ និង​រៃអង្គាសប្រាក់​ដោយ​ខ្លួនឯង​»​។

​លិខិត​ដដែល​ជំរុញ​ឱ្យ YouTube ដែលជា​កម្មសិទ្ធិ​របស់ Google ធ្វើការ​ផ្លាស់ប្តូរ​មួយចំនួន​ចំពោះ​ប្រតិបត្តិការ​របស់ខ្លួន​។ លិខិត​និយាយថា YouTube ក៏​គួរតែ​ជួសជុល​ក្បួន​ណែនាំ​មាតិកា​របស់ខ្លួន​ផងដែរ​ដើម្បី​ធានាថា​វា​មិន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​យ៉ាងសកម្ម​ដល់​អ្នកប្រើប្រាស់​ឬ​ណែនាំ​មាតិកា​មកពី​បណ្តាញ​ដែល​មិន​គួរឱ្យ​ទុកចិត្ត​។​

​ឆ្លើយតប​ទៅនឹង​លិខិត​ថ្មី​អ្នកស្រី Elena Hernandez អ្នកនាំពាក្យ​របស់ YouTube និយាយថា ក្រុមហ៊ុន​បាន​បណ្តាក់ទុន​យ៉ាងច្រើន​នៅក្នុង​គោលនយោបាយ​ដូចជា​កាត់បន្ថយ​ការរីក​រាលដាល​នៃ​ព្រំដែន​ព័ត៌មាន​មិន​ពិត និង​តែងតែ​ស្វែងរក​មធ្យោបាយ​ដ៏​មាន​អត្ថន័យ ដើម្បី​កែលម្អ ហើយនឹង​បន្ត​ពង្រឹង​ការងារ​របស់ខ្លួន​ជាមួយនឹង​សហគមន៍​ត្រួតពិនិត្យ​ការពិត​។​

​អ្នកស្រី Hernandez បន្តថា​៖ «​យើង​បានឃើញ​ការវិវឌ្ឍ​ដ៏​សំខាន់ ដោយ​រក្សា​ការប្រើប្រាស់​ព័ត៌មាន​មិន​ពិត​តាម​ព្រំដែន​ដែល​បាន​ណែនាំ​នៅក្រោម​១ ភាគរយ​នៃ​ការមើល​ទាំងអស់​នៅលើ​YouTube ហើយ​មានតែ​ប្រហែល ០.២១ ភាគរយ​នៃ​ការមើល​ទាំងអស់​ប៉ុណ្ណោះ​ជា​មាតិកា​បំពាន ដែល​យើង​ដកចេញ​នៅពេល​ក្រោយ​»៕

វីដេអូ៖