​រដ្ឋាភិបាល​នី​ហ្សេ​រី​យ៉ា​អះអាង​កាលពី​ថ្ងៃ​ពុធ​ថា ​ប្រទេស​នេះ​នឹង​លុបចោល​ការហាម​ប្រាម​រប​ស់​ខ្លួន​នៅលើ​វេទិកា Twitter ក្រោម​វិធាន​ការដែល​នឹង​ផ្តល់ឱ្យ​មនុស្ស​រាប់លាន​នាក់​នៅក្នុង​ប្រទេស​អាច​ចូល​ប្រើ​បណ្ដាញ​សង្គម​នេះ​វិញ​បាន​។​

​យោងតាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​ការសម្រេចចិត្ត​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន Twitter យល់ព្រម​បំពេញ​លក្ខខណ្ឌ​ទាំងអស់​ដែល​កំណត់ដោយ​រដ្ឋាភិបាល​នី​ហ្សេ​រី​យ៉ា​។​លក្ខខណ្ឌ​ទាំងនោះ​រួមមាន​៖«​ការគ្រប់គ្រង​ការចេញផ្សាយ​ដែល​ត្រូវបាន​ហាមឃាត់​ស្របតាម​ច្បាប់​នី​ហ្សេ​រី​យ៉ា​» និង​ការដោះស្រាយ​បញ្ហា​នៃ​ប្រតិបត្តិការ និង​ពន្ធ​។​

​កាលពី​ខែមិថុនា​កន្លងទៅ រដ្ឋាភិបាល​នី​ហ្សេ​រី​យ៉ា​ផ្អាក​ប្រតិបត្តិការ​របស់ Twitter នៅក្នុង​ប្រទេស ដោយ​ចោទប្រកាន់​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​មួយ​នេះ​ថា​អនុញ្ញាត​ឱ្យប្រើ​វេទិការ​របស់ខ្លួន​បម្រើ​ឱ្យ​សកម្មភាព​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​អត្ថិភាព​សាជីវកម្ម​របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា​។​

​ការហាមឃាត់​នេះ​ធ្វើឡើង​ត្រឹមតែ ២ ថ្ងៃ​បន្ទាប់ពី Twitter លុប​សារ​របស់លោក​ប្រធានាធិបតី Muhammadu Buhari ដែល​ក្រុមហ៊ុន​ចាត់ទុកថា​រំលោភបំពាន់​ច្បាប់​សហគមន៍​របស់ខ្លួន​។ លោក​Buhari កាលនោះ​សរសេរ​គំរាម​ដាក់ទណ្ឌកម្ម​លើ​ក្រុម​អប្បគមន៍​ក្នុង​តំបន់​បន្ទាប់ពី​មានការ​វាយប្រហារ​លើ​ទ្រព្យសម្បត្តិ​សាធារណៈ​។​

​រដ្ឋាភិបាល​រៀបរាប់​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ពុធ​ថា​៖«​ការពិត​ពិភពលោក​ថ្មី​គឺថា​វេទិកា​ឌីជីថល និង​ប្រតិបត្តិ​ករ​របស់​ពួកគេ​មាន​ឥទ្ធិពល​យ៉ាង​ធំធេង​លើ​សង្គម អន្តរ​កម្ម​សង្គម និង​ជម្រើស​សេដ្ឋកិច្ច​របស់​យើង​។ វេទិកា​ទាំងនេះ​អាច​ប្រើ​ជា​ឧបករណ៍ ឬ​ជា​អាវុធ​»​។​

​រដ្ឋាភិបាល​បន្ថែមថា​ការសម្រេចចិត្ត​របស់ខ្លួន​ក្នុងការ​លុបចោល​ការផ្អាក​នេះ ជាការ​បើក​ជំពូក​ថ្មី​នៃ​ការទូត​ឌីជីថល​សកល​និង​កំណត់​គំរូ​ប្រតិបត្តិការ​ថ្មី​សម្រាប់​Twitter ដើម្បី​ត្រឡប់មកវិញ​កាន់តែ​រឹងមាំ​សម្រាប់​ផលប្រយោជន៍​របស់​ជន​ជាតិ​នី​ហ្សេ​រី​យ៉ា​៕