The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ខណៈ​ការគំរាមកំហែង​ទៅវិញទៅមក​កើនឡើង​​អាមេរិក អ៊ីរ៉ង់​ជិត​ឈានដល់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​

ខណៈ​ការគំរាមកំហែង​ទៅវិញទៅមក​កើនឡើង​​អាមេរិក អ៊ីរ៉ង់​ជិត​ឈានដល់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​

Content image - Phnom Penh Post
មេដឹ​កនាំ​កំពូល​អុីរ៉ង​់ Ayatollah Ali Khamenei ថ្លែង​សុន្ទ​រ​កថា​តាម​វីដេអូ​ខនហ្វើរ៊ិន។​ AFP

ខណៈ​ការគំរាមកំហែង​ទៅវិញទៅមក​កើនឡើង​​អាមេរិក អ៊ីរ៉ង់​ជិត​ឈានដល់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​

​ថ្មីៗ​នេះ អ៊ី​រ៉ង់ និង​សហរដ្ឋអាមេរិក បាន​ចូលរួម​ក្នុងការ​កើនឡើង​នៃ​ការព្រមាន និង​គំរាមកំហែង​គ្នា​ទៅវិញទៅមក បើទោះបីជា​ពួកគេ​កំពុងមាន​ការរីកចម្រើន​ក្នុង​កិច្ចចរចា​ការទូត ​ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ក៏ដោយ​។​

​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន សភា​របស់​ប្រទេសអ៊ី​រ៉ង់ បានដាក់​ទណ្ឌកម្ម ហើយ​ភាគច្រើន​ជា​និមិត្តរូប ទៅលើ​ជនជាតិ​អាមេរិក​ចំនួន ៥១ នាក់ ដែលជា​មន្ត្រី​ស៊ីវិល និង​យោធា ជុំវិញ​ការចោទប្រកាន់ថា បាន​ប្រព្រឹត្ត​អំពើ​ភេរវកម្ម និង​រំលោភ​សិទ្ធិមនុស្ស ក្នុងការ​ធ្វើឃាត​មេបញ្ជាការ​អ៊ី​រ៉ង់ ​១ ​រូប គឺ​លោក​ឧត្ដមសេនីយ៍ទោ​ កាស៊ី​ម ស៊ូ​ឡី​ម៉ា​នី កាលពី ​២ ​ឆ្នាំមុន​។​

​ជាការ​ឆ្លើយតប​លោក​ជេ​ក ស៊ូ​លី​វ៉ាន់ ទីប្រឹក្សា​សន្តិសុខ​របស់​ប្រធានាធិបតី​អាមេរិក បាន​ព្រមាន​ថា អ៊ីរ៉ង់នឹង​ជួប «​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​» ប្រសិន​បើ​ជនជាតិ​អាមេរិក​ណាមួយ ជា​​ពិសេស​បុគ្គល​ទាំង ៥១ នាក់​ខាងលើរង​ការវាយប្រហារ​ពីអ៊ីរ៉ង់​។​

​បើទោះជា​យ៉ាងនេះ​ក៏ដោយ នៅ​ថ្ងៃ​ដែល​សភា​អ៊ី​រ៉ង់​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​ជនជាតិ​អាមេរិក អនុរដ្ឋមន្ត្រី​ការបរទេស​អ៊ី​រ៉ង់ និង​ជា​អ្នកដឹកនាំ​គណៈប្រតិភូ​ចរចា​នុយក្លេអ៊ែរ​លោក ​អា​លី បា​ហ្គា​រី កា​នី ការខ្វែងគំនិត​គ្នា​ជាមួយ​មហាអំណាច​ពិភពលោក កំពុង​ថយចុះ ហើយ​ការចរចា​កំពុង​ដើរទៅ​មុខ​។​

​ការដាក់ទណ្ឌកម្ម និង​ការប្រើប្រាស់​សម្តី​មុតៗ គឺ​មិនមែនជា​អ្វី​ថ្មី​ក្នុង​ទំនាក់ទំនង​ដ៏​តានតឹង​រវាងអ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​សកម្មភាព​​ថ្មីៗ​នេះ គឺ​គួរឱ្យកត់សម្គាល់​ដោយសារ​វា​បាន​កើនឡើង​នៅ​ចំ​ពេលដែល​ភាគី​ទាំង ​២ ​ចង់​បញ្ចប់​ការចរចា​ដោយ​ជោគជ័យ ដោយ​មិន​បង្ហាញថា​ ខ្លួន​បានធ្វើ​ការលះបង់​ធំដុំ​ណាមួយ​។​

​អតីត​ប្រធានាធិបតី​សហរដ្ឋ​អា​មេ​រិ​កលោក​ ដូ​ណា​ល់ ត្រាំ បាន​ដក​ខ្លួន​សហរដ្ឋអាមេរិក​ចេញពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ​២០១៥ ដែលមាន​ឈ្មោះថា «​ផែនការ​សកម្មភាព​រួម​» ឬ JCPOA ហើយ​បានសម្រេច​ជា​ឯកតោភាគី​ដាក់ទណ្ឌកម្ម​លើ​វិស័យ​ប្រេង និង​វិស័យ​ហិរញ្ញវត្ថុ​របស់​អ៊ី​រ៉ង់​។ លោក ​ត្រាំ បាន​និយាយថា លោក​ធ្វើបែបនេះ គឺ​ដើម្បី​ដាក់​សម្ពាធ​លើ​អ៊ី​រ៉ង់​ឱ្យ​ចរចា​កិច្ចព្រមព្រៀង​ថ្មី​មួយ ដែល​រួម​​បញ្ចូល​ការដាក់​កំណត់​លើ​កម្មវិធី​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​របស់​អ៊ី​រ៉ង់ និង​សកម្មភាព​នយោបាយ និង​យោធា​របស់​ពួកគេ​ក្នុង​តំបន់​។​

​ដើមឡើយ ប្រធានាធិបតី​អាមេរិក​ថ្មី​លោក ​ចូ បៃ​ដិ​ន ចង់​ត្រឡប់​ទៅរក​កិច្ចព្រមព្រៀង​ដើម​ឱ្យ​ឆាប់​បំផុត ដោយ​រក្សា​ជំហរ​របស់​ត្រាំ​ទៅលើ​បញ្ហា​មី​ស៊ី​ល និង​គោលនយោបាយ​ការទូត សម្រាប់​ការចរចា​នៅពេល​អនាគត​។ ប៉ុន្តែ​ឥឡូវនេះ រដ្ឋបាល​ថ្មី​បាន​សញ្ញា​ថា លក្ខខណ្ឌ​ទាំង ​២ ​នេះ គឺ​ចាំបាច់​សម្រាប់​ការស្ដារ​កិច្ចព្រមព្រៀង​។​

​រីឯអ៊ី​រ៉ង់​វិញ​ដើមឡើយ​បាន​និយាយថា ខ្លួន​នឹង​ពិចារណា​ការស្ដារ​កិច្ច​ព្រមព្រៀង​ដើម ប្រសិនបើ​អាមេរិក​ដក​ទណ្ឌកម្មរ​បស់​លោក ​ត្រាំ និង​សន្យា​ថា ប្រធានាធិបតី​អាមេរិក​នាពេល​អនាគត នឹងមិន​ចាកចេញ​ពី​កិច្ច​ព្រមព្រៀង​ទៀត​ទេ​។ អ៊ីរ៉ង់​បាន​បន្ទន់​ការទាមទារ​ទាំងនេះ ខណៈពេលដែល​ការចរចា​បានចាប់ផ្ដើម​ទៅមុខ​។​

​បើទោះបី​ជាមាន​ជំហរ​ដ៏​តឹងរ៉ឹង ភាគី​ទាំងសងខាង​នៅតែមាន​តម្រូវការ​យ៉ាងខ្លាំង​ ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥​។​

​លោក​ បៃ​ដិ​ន គឺ​ត្រូវការ​ការជោគជ័យ​លើ​បញ្ហា​គោលនយោបាយ​ការបរទេស ជាពិសេស​បន្ទាប់ពី​ការចាកចេញ​ដ៏​រញ៉េរញ៉ៃ​ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ រីឯ​ប្រទេស​អ៊ី​រ៉ង់​វិញ ដែល​បាន​ឆ្លងកាត់​ការដាក់​សម្ពាធ​របស់លោក​ ត្រាំ គឺ​ត្រូវការ​ការដក​ទណ្ឌកម្ម ដើម្បី​ជួយ​ស្ដារ​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់ចុះ​យ៉ាងខ្លាំង​។​

​ក្នុងការ​ថ្លែង​សុន្ទរកថា​មួយ អា​យ៉ា​តូ​ឡា អា​លី ខា​មេ​៉​នី បានផ្ដល់​សញ្ញា​នៃ​ការយល់ព្រម​ដោយ​ប្រយោល​ចំពោះ​ការចរចា​ជាមួយ​សហរដ្ឋ​អាមេរិក ដោយ​លោក​បាន​និយាយ​​ថា​៖ «​ការពិភាក្សា និង​ការចរចា​ជាមួយ​សត្រូវ​នៅ​ចំណុចប្រសព្វ​ជាក់លាក់ គឺ​មិនមែន​មានន័យថា ការចុះចាញ់​នោះទេ​»៕

អត្ថបទគួរចាប់អារម្មណ៍