សហរដ្ឋអាមេរិក​បាន​ចោទ​ប្រកាន់​រុស្ស៊ី​ថា​ កំពុង​រៀប​ចំ​ផែនការ​ធ្វើ​ប្រតិបត្តិ​សម្ងាត់​ដើម្បី​បង្កើត​«លេស​សម្រាប់​ការ​ឈ្លាន​ពាន​» ​តំបន់​ខាង​កើត​របស់​ប្រទេស​អ៊ុយក្រែន​ បន្ទាប់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ការទូត​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​បាន​ជាប់គាំង​។

អ្នក​នាំ​ពាក្យ​សេតវិមាន​លោកស្រី​ជេន ផ្សាគី​ បាន​អះអាង​ថា​ រដ្ឋាភិបាល​អាមេរិក​ បាន​ទទួល​ដំណឹង​ថា​រុស្ស៊ី​ បាន​ដាក់​ពង្រាយ​ក្រុម​ទាហាន​ប្រតិបត្តិការ​ពិសេស​ទៅ​កាន់​តំបន់​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​លើ​កង​កម្លាំង​គាំទ្រ​ដោយ​ខ្លួន​ ហើយ​ចោទ​ប្រកាន់​ថា ​អ៊ុយក្រែន​ គឺ​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នោះ​ ដែល​ការ​ចោទ​ប្រកាន់​នេះ​នឹង​ក្លាយ​ជា​ «លេស​សម្រាប់​ការ​ឈ្លាន​ពាន​»​។

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង​លោក​ឌីមីទ្រី ប៉េស្កូវ​ បាន​បដិសេធ​ថា ​ក្រុងម៉ូ​ស្គូ​ពុំ​មាន​ផែន​ការ​ដើម្បី​បង្កើត​លេស​ធ្វើ​ការ​ឈ្លានពាន​តំបន់​ភាគ​ខាង​លិច​នៃ​ប្រទេស​អ៊ុយក្រែន​ទេ​ ហើយ​និយាយ​ថា​ទីភ្នាក់ងារ​សារព័ត៌មាន​លោក​ខាង​លិច​បាន​ធ្វើ​ការ​រាយការណ៍​ដោយ​ផ្អែក​លើ​ព័ត៌មាន​ «​មិន​មាន​មូលដ្ឋាន​»។

ការ​អះអាង​របស់​អាមេរិក​ និង​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​ថ្មី​ៗ​នេះ​ទៅ​លើ​រដ្ឋាភិបាល​អ៊ុយក្រែន​ បាន​កើត​ឡើង​បន្ទាប់​រុស្ស៊ី ​បាន​ធ្វើ​ការ​ចរចា​ជាមួយ​នឹង​សហរដ្ឋអាមេរិក និង​អង្គការ​ណាតូ ​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​។ ប៉ុន្តែ​ការ​ចរចា​នេះ​មាន​លក្ខណៈ​ជាប់​គាំង​ និង​មិន​បាន​សម្រេច​អ្វី​នោះ​ទេ​ ហើយ​មន្ត្រី​ជាន់​ខ្ពស់​រុស្ស៊ី​ បាន​និយាយ​ថា ​ការ​ចរចា​នេះ​គឺ​ជា​ «ផ្លូវ​ទាល់​»​៕