ប្រទេស​អ៊ុយក្រែន​សង្ស័យ​ថា​ក្រុម​ពាក់ព័ន្ធ​នឹង​ទីភ្នាក់ងារ​ចារកម្ម​បេឡារុស​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​ទៅ​លើ​គេហទំព័រ​រដ្ឋាភិបាល​មួយ​ចំនួន​ ដោយ​ប្រើប្រាស់​មេរោគ​កុំព្យូទ័រ​​ផ្ដល់​ឱ្យ​​​និង​បង្កើត​ដោយ​ក្រុម​ពាក់ព័ន្ធ​នឹង​ទីភ្នាក់ងារ​ចារកម្ម​រុស្ស៊ី​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​សន្តិសុខ​អ៊ុយក្រែន​១ រូប​។

លោក​សឺហ៊ី ដេមេឌីក​ អនុលេខាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​ និង​ការពារ​ជាតិ​របស់​អ៊ុយក្រែន​ បាន​ប្រាប់​សារព័ត៌មាន​​រ៉​​យទ័រ​ ​ថា​ក្រុម​ដែល​មាន​ឈ្មោះ​ថា​ UNC1151 គឺ​ត្រូវ​បាន​គេ​សង្ស័យ​ថា​នៅ​ពីក្រោយ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​សុក្រ ដែល​លោក​និយាយ​ថា ​ជា​ការ​បិទ​បាំង​សម្រាប់​សកម្មភាព​បំផ្លិច​បំផ្លាញ​បន្ថែម​ទៀត​នៅ​ពី​ក្រោយ​ឆាក​។

កាល​ពី​ថ្ងៃ​សុក្រ​ គេហទំព័រ​រដ្ឋាភិបាល​អ៊ុយក្រែន​មួយ​ចំនួន​បាន​រង​ការ​វាយ​ប្រហារ ហើយ​បាន​ចាប់​ផ្ដើម​បង្ហាញ​សារ​ក្នុង​ភាសា​រុស្ស៊ី​ អ៊ុយក្រែន​ និង​ប៉ូឡូញ​ ដែល​បាន​លើក​ឡើង​ថា ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​ជនជាតិ​អ៊ុយក្រែន​គឺ​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ ហើយ​ពួកគេ​គួរ​តែ «ខ្លាច​ និង​រំពឹង​រឿង​អាក្រក់បំផុត​»។

លោក​ដេមេឌីក ដែល​ជា​អតីត​ប្រធាន​នាយកដ្ឋាន​ប៉ូលិស​បច្ចេកវិទ្យា​នៃ​កង​កម្លាំង​ប៉ូលិស​ជាតិ​អ៊ុយក្រែន​ បាន​និយាយ​ថា​ក្រុម​ UNC1151 គឺ​មាន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​បេឡារុស​ ហើយ​មាន​ប្រវត្តិសាស្ត្រ​លីទុយអានី ឡេ​តូនី ប៉ូឡូញ និង​អ៊ុយក្រែន​។ លោក​និយាយ​ថា មេរោគ​កុំព្យូទ័រ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​វាយ​ប្រហារ​នេះ​ គឺ​មាន​លក្ខណៈ​ស្រដៀង​នឹង​មេរោគ​ប្រើប្រាស់​ដោយ​ក្រុម​រុស្ស៊ី​ក្នុង​ការ​វាយ​ប្រហារ​លើ​គណបក្ស​ប្រជាធិបតេយ្យ​របស់​អាមេរិក​កាល​ពី​ឆ្នាំ​ ២០១៦​។

បេឡារុស និង​រុស្ស៊ី​ នៅ​មិន​ទាន់​បាន​ធ្វើ​ការ​អត្ថាធិប្បាយ​លើ​ការ​លើកឡើង​របស់​លោក​ដេមេឌីក​ទេ​ ប៉ុន្តែ​កាល​ពី​មុន​ៗ​បាន​ច្រានចោល​ការ​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​ ដែល​រួម​ទាំង​ការ​វាយ​ប្រហារ​ទៅ​លើ​អ៊ុយក្រែន​៕