បន្ទាប់ពី​គ្មាន​លទ្ធផល​ផ្លែផ្កា​ក្នុងការ​ចរចា​ការទូត​រយៈពេល​ ១ ​សប្ដាហ៍ ​នៅ​ទីក្រុង​ហ្សឺ​ណែវ វី​យែ​ន និង​ប្រ៊ុ​ច​សែ​ល សំណួរ​មិនទាន់មាន​ចម្លើយ​ដ៏​ធំ​មួយ​បាន​លេចឡើង​៖ «​តើ​រុស្ស៊ី​ពិតជា​ចង់​ធ្វើការ​វាយប្រហារ​លើ​អ៊ុយ​ក្រែ​ន​ដែរ ឬទេ​?»​។​

​ទាហាន​រុស្ស៊ី​ជិត ​១០០ ០០០ នាក់ ​គឺ​ត្រូវបាន​ដាក់ពង្រាយ​នៅ​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ក្រុង​ម៉ូស្គូ​បាន​រំឭកថា ខ្លួន​នឹង​ប្រតិកម្ម​ជា​​មួយ​នឹង​មធ្យោបាយ «​បច្ចេក​ទេស​យោធា​»​ ប្រសិនបើ​ការ​​ទាមទារ​របស់ខ្លួន គឺ​មិន​ត្រូវបាន​បំពេញ​។​

​បណ្ដា​ប្រទេស​លោក​ខាងលិច​នៅ​មិនទាន់​ច្បាស់​ថា ​តើ​រុស្ស៊ី​ពិតជា​ចង់​វាយប្រហារ​ឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន​ដែរ ឬទេ ប៉ុន្តែ​ប្រធានាធិបតី​រុស្ស៊ី​លោក ​វ្ល៉ា​ឌី​មៀរ ពូ​ទីន ប្រហែលជា​មិនមាន​ឱកាសល្អ​ជាង​នេះ​ ដើម្បី​ធ្វើ​ដូច្នេះ​ទេ​។​

​សម្ព័ន្ធភាព​យោធា​លោក​ខាងលិច​ណា​តូ គឺជា​បញ្ហា​កណ្ដាល​មួយ​នៃ​រដ្ឋបាល​របស់​លោក ពូ​ទីន ដោយ​ក្នុង​រយៈ​​ពេល​ជាច្រើន​ឆ្នាំ​លោក បាន​មាន​ទុក្ខព្រួយ​ជាច្រើន​ជុំវិញ​អង្គការ​នេះ ជាពិសេស​ពាក់ព័ន្ធ​នឹង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​នៅពេល​លោក​ចូលកាន់​អំណាច​ដំបូង លោក ពូ​ទីន​ ធ្លាប់​មានបំណង​អូស​រុស្ស៊ី​ឱ្យទៅ​ជិត​នឹង​លោកខាងលិច ហើយ​សូម្បីតែ​អះអាងថា លោក​ធ្លាប់​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក ប៊ី​ល គ្លី​ន​តុ​ន ជុំវិញ​ការចូលរួម​ក្នុង​ណា​តូ​។​

​ប៉ុន្តែ​ការប៉ះទង្គិច​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ ច​ច ដាប់​ប៊ែ​ល​យូ ប៊ូ​ស ជុំវិញ​សង្គ្រាម​នៅ​អ៊ី​រ៉ា​ក់ និង​ការ​​ពង្រីក​សមាជិកភាព​អង្គការ​​ណា​តូ​មក​អឺរ៉ុប​ខាងកើត លោក ពូ​ទីន បានចាប់ផ្ដើម​មើលឃើញ​អង្គការ​ណា​តូ​ជាការ​​គំរាមកំហែង​មកលើ​ខ្លួន​។​

​បន្ថែម​ពីលើ​នេះ ប្រទេស​អ៊ុយ​ក្រែ​ន ​ក៏​ជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​ការព្រួយបារម្ភ​លោក ពូ​ទីន ជុំវិញ​ការប្រើប្រាស់​ប្រទេស​នេះ​ដោយ​លោកខាងលិច​ ដើម្បី​គំរាមកំហែង​ដល់​អធិបតេយ្យ​របស់​រុស្ស៊ី​។​

​វិមាន​ក្រឹម​ឡាំង​បាន​មើលឃើញ​បដិវត្តន៍​ពណ៌​ទឹកក្រូច​ឆ្នាំ ២០០៤ និង ២០០៥ ​នៅ​អ៊ុយ​ក្រែ​ន ជាការ​ហាត់​សម​ដើម្បី​ផ្លាស់ប្ដូរ​របប​នៅ​រុស្ស៊ី​។ កាលនោះ​បាតុករ​ជាច្រើន​នៅ​ក្រុង​កៀវ បាន​ជួយ​ឱ្យ​របប​គាំទ្រ​លោកខាងលិច​ចូលកាន់​អំណាច បន្ទាប់ពី​មាន​ជម្លោះ​លទ្ធផល​បោះឆ្នោត ជាមួយ​របប​គាំទ្រ​ដោយ​ក្រុង​ម៉ូស្គូ​។​

​នៅ​ឆ្នាំ ​២០០៨ អង្គការ​ណា​តូបានសម្រេច​ថា ប្រទេស​អ៊ុយ​ក្រែ​ន និង​ប្រទេស​ហ្ស៊​ក​ហ្ស៊ី​ នៅ​មិនទាន់​អាច​ចូល​សម្ព័ន្ធ​​ភាព​យោធា​បានទេ ប៉ុន្តែ​អគ្គលេខាធិការ​អង្គការ​ណា​តូ បាន​ប្ដេជ្ញា​ថា ប្រទេស​ទាំង ​២ ​នេះ​អាច​ធ្វើជា​សមាជិក​នៅពេល​អនាគត​។ មិនយូរប៉ុន្មាន​ប្រ​ទេស​រុស្ស៊ី បានធ្វើការ​វាយ​​ប្រហារ​ចូល​ប្រទេស​ហ្ស៊​ក​ហ្ស៊ី និង​ជួយ​ផ្ដាច់ខ្លួន​តំបន់​ជនជាតិ​​ភាគតិច​ចំនួន​ ២​។ គេ​មើលឃើញថា នេះ​គឺជា​ការរារាំង​សមាជិកភាព​របស់​ហ្ស៊​ក​ហ្ស៊ី និង​ជាការ​គំរាមកំហែង​ទៅកាន់​អ៊ុយ​ក្រែ​ន​។​

​នៅ​ឆ្នាំ ​២០១៤ ប្រជាជន​អ៊ុយ​ក្រែ​ន ​បាន​ទម្លាក់​របប​គាំទ្រ​ដោយ​ក្រុង​ម៉ូស្គូ​ជាថ្មី​ម្ដងទៀត​។ រុស្ស៊ី​បាន​ឆ្លើយតប​នឹង​ព្រឹ​តិ្ត​ការណ៍​នេះ ដោយ​ធ្វើការ​កាត់​យក​ឧបទ្វីប​គ្រី​មា ហើយ​បាន​ជួយ​គាំទ្រ​កងកម្លាំង​ផ្ដាច់ខ្លួន​នៅ​តំបន់​ខាងកើត​អ៊ុយ​ក្រែ​ន​។​

​កាលពី​ខែកក្កដា ឆ្នាំមុន លោក ពូ​ទីន ​បាន​ចុះផ្សាយ​អត្ថបទ​ប្រវែង ៥ ០០០ ​ពាក្យ ដែល​បានបង្ហាញ​អំពី​ការគិត​របស់លោក​ជុំវិញ​ទំនាក់ទំនង​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។ លោក​និយាយថា ប្រទេស​ទាំង ​២ ​គឺជា «​ប្រទេស​បងប្អូន​» ដែលមាន​បុព្វបុរស​រួមគ្នា ហើយបង្ហាញ​ការពង្រឹង​ជំហរ​របស់លោក​បន្ទាប់​ពី​ព្រឹត្តិការណ៍​ឆ្នាំ ២០១៤ និង​បានធ្វើការ​គំរាម​កំហែង​ ប្រសិនបើ​អ៊ុយ​ក្រែ​ន​រសាត់​កាន់តែ​ឆ្ងាយ​ទៅៗ​។​

​ក្នុង​រយៈពេល​កាន់អំណាច ២០​ ឆ្នាំ ការទាមទារ​ដែន​ឥទ្ធិ​ពល​របស់ខ្លួន​មកវិញ​តាមរយៈ​ការរារាំង​ការពង្រីក​របស់​អង្គ​ការ​ណា​តូ ជាពិសេស​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។ អ្នកវិភាគ​មួយចំនួន បាន​និយាយថា​ ស្ថានភាព​បច្ចុប្បន្ន​បានផ្ដល់​ឱកាសល្អ​បំផុត​សម្រាប់​លោក ពូ​ទីន ​ក្នុងការ​ធ្វើបែបនេះ​។​

​ប្រធានាធិបតី​ថ្មី​របស់​អា​មេរិ​ក លោក​ ចូ បៃ​ដិ​ន បាន​បង្វែរ​គោលនយោបាយ​អាមេរិក​មក​ផ្ដោតលើ​ការប្រឈមមុខ​ដាក់គ្នា​ជាមួយ​ប្រទេស​ចិន​វិញ ដោយ​មិនសូវ​ផ្ដល់​អាទិភាព​ដល់​ការទំនាក់ទំនង​ជាមួយ​រុ​ស្ស៊ី​។ ប៉ុន្មាន​ខែក្រោយ​មក​ទើប​លោក​ បៃ​ដិ​ន​​ បាន​យក​អារម្មណ៍​មក​ដា​ក់លើ​អឺរ៉ុប​ បន្ទាប់​រុ​ស្ស៊ី​ដាក់ពង្រាយ​ទាហាន​នៅ​ព្រំ​ដែន​ជាមួយ​អ៊ុយ​ក្រែ​ន​។​

​រីឯ​សហភាព​អឺរ៉ុប​វិញ ដែល​នាំ​​ចូល​ឧស្ម័ន​ធម្មជាតិ​យ៉ាងច្រើន​ពី​រុស្ស៊ី គឺ​នៅមាន​ភាពស្ទាក់ស្ទើរ​ចាត់វិធានការ​ធំដុំ​ណាមួយ ខណៈពេលដែល​ពួកគេ​មិនមាន​ជំហរ​គោលនយោបាយ​ការ​បរទេស​ខុសៗ​គ្នា ហើយ​មាន​កង្វះ​សមត្ថភាព​យោធា​​ ដើម្បី​រារាំង​ប្រទេស​រុស្ស៊ី។​

​លោក​ បៃ​ដិ​ន ​បាន​គំរាម​ដាក់ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​រុស្ស៊ី​ ប្រសិនបើ​ពួកគេ​ឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន​។ បើទោះជា​យ៉ាងនេះ​ក៏ដោយ ចាប់តាំងពី​ឆ្នាំ ២០១៤ រដ្ឋាភិបាល​លោក ពូ​ទីន បានអនុម័ត​គោលនយោបាយ​ដើម្បី​ពង្រឹង​ភាព​ធន់​របស់​សេដ្ឋ​កិច្ច​ប្រទេស​រុស្ស៊ី​។ ការប៉ះទង្គិច​ធំដុំ ដូចជា​ជំងឺ​កូ​វីដ ​១៩ បានបង្ហាញ​ពី​ភាព​ធុន​នៃ​គោល​​នយោបាយ​ទាំងនេះ​។​

​ចាប់ពី​ឆ្នាំ ​២០១៥ ទុនបម្រុង​របស់​ធនា​គារ​កណ្ដាល​រុ​ស្ស៊ីបាន​កើនឡើង​រហូតដល់ ៧០ ភាគរយ ហើយ​មាន​រូបិយប័ណ្ណ​បរទេស​រហូតដល់ ៦២០ ​ពាន់​លាន​ដុល្លារ​។ ការ​សន្សំសំចៃ​កញ្ចប់​ថវិកាជាតិ បានធ្វើឱ្យ​បំណុល​ជាតិ​របស់​រុស្សី​ធ្លាក់ចុះ​ដល់​កម្រិត​អប្បបរមាត្រឹម​តែ​ ២០ ភាគរយ​នៃ GDP ធៀប​នឹង​អត្រា​ជា​មធ្យម ៥៤ ​ភាគរយ​។​

​បន្ថែម​ពីលើ​នេះ ការដាក់ទណ្ឌកម្ម​លើ​ការនាំចេញ​របស់​រុស្ស៊ី​ក៏មាន​ការលំបាក​ផងដែរ ដោយសារ​អឺរ៉ុប គឺ​រំពឹង​យ៉ាងខ្លាំង​លើ​ផលិតផល​រុស្ស៊ី​មួយចំនួន​ដូចជា​ឧស្ម័ន​ធម្មជាតិ និង​ប្រេង​។ តម្លៃ​ឧស្ម័ន​ធម្មជាតិ និង​ប្រេង ខ្ពស់​ក៏​នឹង​ជួយ​រុស្ស៊ី​ផងដែរ ដែល​បាន​បង្កើត​មូលនិធិ​សន្សំ​ចំណូល​ពី​ប្រេង សម្រាប់​ពេល​មាន​បញ្ហា​។ បច្ចុប្បន្ន​មូលនិធិ​នេះ​គឺមាន​ទំហំ ១៩០ ​ពាន់​លាន​ដុល្លារ ហើយ​ត្រូវបាន​ព្យាករ​ថា​ នឹង​កើន​ដល់ ២៤០​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៤៕