រដ្ឋាភិបាល​​តុងហ្គា​ជម្លៀស​ខ្លួន​ពលរដ្ឋ​ខ្លួន​ទៅ​កាន់​ទីទួល​ខ្ពស់​ បន្ទាប់​ពី​ភ្នំ​ភ្លើង​ក្រោម​សមុទ្រ​​ផ្ទុះ​ឡើង​ដែល​បណ្ដាល​ឱ្យ​មាន​រលក​​ស៊ូណាមិ​បោក​បក់​មក​លើ​កោះ​នានា​នៅ​ប៉ាស៊ីហ្វិកខា​ង​ត្បូង​ និង​បង្ក​ឱ្យ​មាន​ការ​ប្រកាស​អាសន្ន​រហូត​ដល់​ឆ្នេរ​ខាង​លិច​របស់​សហរដ្ឋ​អាមេរិក​។​

មិន​មាន​របាយការណ៍​ភ្លាម​ៗ​អំពី​ការ​រង​របួស​ ឬ​ទំហំ​នៃ​ការ​ខូច​ខាត​ក្នុង​កោះ​នេះទេ​។ ​យោង​តាម​ការិយាល័យ​ឧតុនិយម​​អូស្ត្រាលី​​ រលក​​ស៊ូណាមិ​​កម្ពស់​១,២ ​ម៉ែត្រ​ត្រូវ​គេ​ឃើញ​នៅ​​​រដ្ឋ​ធានី​Nuku''alofa ​របស់​ប្រទេស​តុងហ្គា។​​ យោធា​នៃ​ប្រទេស​នូវែលសេឡង់​​និយាយថា​ ខ្លួន​កំពុង​តាម​ដាន​ស្ថានកា​រណ៍​ ហើយ​នៅ​តែ​រង់​ចាំ​ដោយ​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ជួយ​ប្រសិន​បើ​មាន​ការ​ស្នើ​សុំ​។​​ ​

ការិយាល័យ​ឧតុនិយម​តុងហ្គា​​និយាយ​ថា​ ភ្នំ​ភ្លើងបាន​​​​ផ្ទុះឡើង​កាល​ពី​ថ្ងៃ​សុក្រ​ក្នុង​ចម្ងាយ​ប្រហែល​៦៤​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​នៃ​ក្រុង​Nuku''alofa ​ដែល​ធ្វើ​ឱ្យ​មាន​​រលក​​ស៊ូណាមិ​ខ្នាត​តូច​ដែល​មាន​កម្ពស់​ត្រឹម​ដល់​០,៣​ម៉ែត្រ​​​។ ​

មន្ត្រី​នៅ​ក្នុង​រដ្ឋធានី​ស៊ូវ៉ា​នៃ​កោះ​ហ្វ៊ីជី​និយាយ​ថា​ ការ​ផ្ទុះ​មាន​កម្រិត​ខ្លាំង​លាន់​ឮ​ដូច​ជា​«​សំឡេង​ផ្គរ​លាន់​ខ្លាំង​»​​ដែល​មាន​ចម្ងាយ​ជាង​៨០០ គី​ឡូម៉ែត្រ​ពី​កោះ​។​ អាជ្ញាធរ​​​នៅ​​ហ្វ៊ីជី​ដែល​​នៅ​​ក្បែរ​​នោះ​​ក៏​​បាន​​ចេញ​​ការ​​ព្រមាន​​ដោយ​​ប្រាប់​​ប្រជាជន​​ឱ្យ​​ចៀស​​វាង​នៅ​​មាត់​​ច្រាំង​​ដោយ​សារ​​ចរន្ត​​ទឹក​​ខ្លាំង​ និង​​រលក​​​ដ៏​​គ្រោះ​ថ្នាក់​។​​​

ទីភ្នាក់ងារ​​គ្រប់​គ្រង​គ្រោះ​អាសន្នជាតិ​នូវែលសេឡង់​ឯ​ណោះ​វិញ​​និយាយ​ថា​ ផ្នែក​ខ្លះ​នៃ​ប្រទេស​នូវែលសេឡង់​អាច​រំពឹង​ថា​នឹង​មាន​«​ចរន្ត​ទឹក​ខ្លាំង​ និងខុស​ពី​​ធម្មតា​ និង​ការ​កើន​ឡើង​ដែល​មិន​អាច​ទាយ​ទុក​ជា​មុន​បាន​នៅ​ច្រាំង​ទន្លេ​ បន្ទាប់​ពីការ​​​​​ផ្ទុះ​​ភ្នំ​ភ្លើង​​​»​ នេះ​។​​

ទីភ្នាក់ងារ​​ឧតុនិយម​​ជប៉ុន​ក៏​បាន​ចេញ​ការ​ព្រមាន​អំពី​រលក​​ស៊ូណាមិ​​កាល​ពី​ថ្ងៃ​អាទិត្យ​ ហើយ​​និយាយ​ថា​ រលក​ទឹក​សមុទ្រ​អាចឡើ​ង​ខ្ពស់​រហូត​ដល់​៣​ម៉ែត្រ​​នៅ​​កោះ ​Amami​នៅ​ភាគ​ខាង​ត្បូង​របស់ខ្លួន​។ ​

​​អាជ្ញាធរ​អាមេរិក​វិញ​ ក៏​បាន​ស្នើ​ឱ្យ​ពល​រដ្ឋ​ខ្លួន​រស់​នៅ​តាម​បណ្ដោយ​ឆ្នេរ​ប៉ាស៊ីហ្វិក​ ទាំង​កោះ​ហាវ៉ៃ ​និង​រដ្ឋ​អាឡាស្កា ​​ឱ្យ​បំផ្លាស់​ទី​ឆ្ងាយ​ពី​ឆ្នេរ​សមុទ្រ​ទៅ​ដី​ខ្ពស់​ ហើយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ណែនាំ​ជាក់​លាក់​ពី​មន្ត្រី​គ្រប់​គ្រង​គ្រា​អាសន្ន​ក្នុង​តំបន់​របស់​ពួក​គេ​។​​ យោង​តាម​មជ្ឈមណ្ឌល​ជាតិ​ព្រមាន​ពី​រលក​យក្ស​ស៊ូណាមិ​​ការ​ប្រែ​ប្រួល​កម្រិត​ទឹក​សមុទ្រ​ក៏​ចាប់​ផ្តើម​នៅ​ក្នុង​រដ្ឋ​អាឡាស្កា​ និង​កាលីហ្វ័រនី​ញ៉ា​ផង​ដែរ​។​

តំបន់​ឆ្នេរ ​និង​ផែ​ត្រូវ​បាន​បិទ​នៅ​ទូទាំង​រដ្ឋ​កាលីហ្វ័រនី​ញ៉ា​ភាគ​ខាង​ត្បូង​ ដើម្បី​ជា​ការ​ប្រុង​ប្រយ័ត្ន​ ប៉ុន្តែ​សេវា​អាកាសធាតុ​ជាតិ​សរសេរ​លើ​ធ្វីតធើរ​​ថា​​«​មិន​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​ទឹក​ជោរ​ជន់​នោះ​ទេ​ប៉ុន្តែ​ចរន្ត​ទឹក​​ខ្លាំង​អាច​កើត​មាន​​ដែល​ត្រូវ​ឱ្យ​ប្រជាជន​​​នៅឆ្ងា​យពី​ទឹក​»​៕

ហួន ​ឌីណា