​ប្រទេស​ស៊ុយអែត បាន​បញ្ជូនទាហាន​រាប់រយ​នាក់​ទៅ​ពង្រឹង​កងកម្លាំង​នៅលើ​កោះ​ដ៏​សំខាន់​មួយ​ក្នុង​សមុទ្រ​បាល់​ទិ​ក ​ខណៈពេលដែល​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប្រទេស​នេះ​និយាយថា​ ពួកគេ​មិនគួរ​ឆោតល្ងង់​ទេ ហើយ​គួរតែ​ព្រួយបារម្ភ​អំពី​ការវាយប្រហារ​។​

​ការដាក់​ពង្រាយ​អាសន្ន​ទៅកាន់​កោះ​ហ្គោ​ដ​ឡេ​ន​ដ៍​បាន​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ដោយមាន​យន្ត​ហោះ និង​ស្រឡាង​អ្នកដំណើរ ចុះចត​ជាមួយ​ទាហាន និង​ឧ​ប​ករ​ណ៍​យោធា​។

កោះ​ហ្គោ​ដ​ឡេ​ន​ដ៍ ដែល​ត្រូវបាន​គេ​ហៅថា នាវាចម្បាំង​មិនអាច​ពន្លិច​បាន គឺជា​ដែនដី​យុទ្ធសាស្ត្រ​មួយ​នៅ​ចំ​កណ្ដាល​សមុទ្រ​បាល់​ទិ​ក​។​

​ការដាក់​ពង្រាយ​នេះ​បានកើត​ឡើង ខណៈ​ប្រទេស​ក្នុង​តំបន់​សមុទ្រ​បាល់​ទិ​ក​មានការ​ព្រួយ​​បារម្ភ​ថា ភាព​តានតឹង​ដែល​កំពុង​កើនឡើង​រវាង​រុស្ស៊ី និង​លោកខាងលិច​ជុំវិញ​ប្រទេស​អ៊ុយ​ក្រែ​ន អាច​ហៀរហូរ​មកដល់​ពួកគេ​។ សារព័ត៌មាន​ស៊ុយអែត បានកត់សម្គាល់​ការកើនឡើង​នៃ​សកម្មភាព​របស់​កងទ័ព​ជើង ទឹក​របស់​រុ​ស្ស៊ី​នៅ​សមុទ្រ​បាល់​ទិ​ក មុន​ការដាក់​ពង្រាយ​នេះ​។​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ស៊ុយអែត​លោក​ភី​ធឺ ហ៊ុល​ឃ្វី​ស បាន​និយាយថា ការព្រួយបារម្ភ​អំពី​ការវាយប្រហារ លើ​ស៊ុយអែត គឺ​មិនអាច​បោះបង់ចោល​បានទេ ហើយ​វា​សំខាន់​ណាស់​ក្នុងការ​បង្ហាញថា ស៊ុយអែត គឺមិនមែន «​ឆោតល្ងង់​» ទេ​៕