នៅក្នុងរបាយការណ៍ថ្មីមួយ អង្គការសិទ្ធិមនុស្សអន្តរជាតិ (HRW) បានរិះគន់ រដ្ឋាភិបាលប៉ាគីស្ថាន ជុំវិញការបន្តបង្ក្រាបទៅលើការប្រឆាំងរបស់ពលរដ្ឋ អ្នកកាសែត និងអ្នកនយោបាយប្រឆាំង។
HRW ដែលមានមូលដ្ឋានមនៅអាមេរិកបានបញ្ចេញរបាយការណ៍ពិភពលោក ប្រចាំឆ្នាំរបស់ខ្លួន «World Report 2022» កាលពីថ្ងៃទីព្រហស្បតិ៍កន្លងទៅនេះ ដោយមានជំពូកស្តីពីប៉ាគីស្ថានដែលបានផ្តោតទៅលើសេរីបញ្ចេញ មតិយោបល់ សាសនា និងសិទ្ធិស្ត្រី និងការរំលោភបំពានដោយប៉ូលិស និងកងកម្លាំងសន្តិសុខប៉ាគីស្ថាន។
ជំពូកស្តីពីប៉ាគីស្ថាននោះ បានឱ្យដឹងថា៖ «អាជ្ញាធរបន្តការប្រើច្បាប់ប្រឆាំងភេរវកម្ម ដើម្បីបង្ក្រាបការប្រឆាំងក្រុមសង្គម ស៊ីវិលត្រូវបានគេរឹតត្បិតយ៉ាងតឹងរ៉ឹង ក្រុមរិះគន់សកម្មភាពរដ្ឋាភិបាល»។
អាជាធរ ក៏បានបង្ក្រាបទៅលើសមាជិកនិងអ្នកគាំទ្របក្សនយោបាយាប្រឆាំង។
ក្រសួងការបរទេសប៉ាគីស្ថាន មិនបានឆ្លើយតមរបាយការណ៍នេះទេ។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី អ៊ីមរ៉ាន ខាន់ ត្រូវរងការរិះគន់ពីក្រុមសិទ្ធិមនុស្សនៅក្នុង និងក្រៅប្រទេស ចាប់តាំងពីលោកបានឡើងកាន់អំណាចនៅក្នុងឆ្នាំ ២០១៨ ដែលលទ្ធផលបោះឆ្នោតទូទៅត្រូវបានគេតវ៉ាប្រឆាំងថា មានការលួយបន្លំ។
ចាប់តាំងពីឡើងកាន់អំណាចរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្ស Tehreek-e-Insaf ប៉ាគីស្ថានបានរងការរងការរិះគន់ ជុំវិញអំពើពុករលួយ។
ស្របពេលជាមួយគ្នានេះ អ្នកកាសែតប៉ាគីស្ថាន និងអង្គការព័ត៌មាន បានរាយការណ៍ថា ត្រូវស្ថិតនៅការគ្រប់គ្រងតឹងរ៉ឹងជាងមុនពីរដ្ឋាភិបាល និងយោធាដ៏មានឥទ្ធិពលរបស់ប្រទេសនេះ ដែលបានគ្រប់គ្រងប៉ាគីស្ថានជិតពាក់កណ្តាលនៃប្រវត្តិសាស្ត្រ ៧៤ ឆ្នាំរបស់ខ្លួន។
ក្រុមអ្នកសារព័ត៌មានដែលរិះគន់រដ្ឋាភិបាលនេះត្រូវបានចាប់ពង្រត់ វាយប្រហារ បាញ់ ឬត្រូវបានគេចោទប្រកាន់ពីបទក្បត់ជាតិ និងអំពើឧក្រិដ្ឋដទៃទៀត នៅក្រោមរដ្ឋាភិបាលរបស់លោកខាន់។
របាយការណ៍របស់ HRW កាលពីថ្ងៃព្រហស្បតិ៍ កត់សម្គាល់ពីបរិយាកាសនៃការភ័យខ្លាចនៅក្នុងចំណោមអ្នកកាសែតនៅពេលតាមយកព័ត៌មានការរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាល។
របាយការណ៍នោះ និយាយថា៖ «អង្គការក្រៅរដ្ឋាភិបាល (NGOs) បានរាយការណ៍អំពីការបំភិតបំណ័យ ការធ្វើបាប និងការស៊ើបយកការណ៍ពីអាជ្ញាធររដ្ឋាភិបាល។
«រដ្ឋាភិបាលបានប្រើបញ្ញត្តិនៃ NGOs នៅក្នុងគោលនយោបាយរបស់ប៉ាគីស្ថានដើម្បីរារាំងការចុះឈ្មោះ និងដំណើរការនៃជំនួយមនុស្សធម៌អន្តរជាតិ និងក្រុមសិទ្ធិមនុស្ស»។
របាយការណ៍របស់ HRW ក៏បានផ្តោតទៅលើបញ្ហាផ្សេងៗដែលទាក់ទងទៅនឹងសេរីភាពជំនឿ និងសាសនានៅក្នុងប្រទេសប៉ាគីស្ថាន ជាទីដែលច្បាប់ប្រមាថព្រះ ត្រូវបានគេប្រើប្រាស់កាន់តែខ្លាំងឡើងប្រឆាំងនឹងជនជាតិភាគតិច និងសមាជិកនៃមូស្លីមភាគច្រើន។
កាលពីឆ្នាំទៅ មនុស្សយ៉ាងតិច ៣ នាក់ ត្រូវបានគេសម្លាប់ ទាក់ទងជាមួយការចោទប្រកាន់ការជេរប្រមាថព្រះក្នុងនោះ មានអ្នកគ្រប់គ្រងរោងចក្រស្រីលង្កានៅទីក្រុង Sialkot ភាគខាងកើត ដែលត្រូវបានវាយរហូតដល់ស្លាប់ ដោយហ្វូងមនុស្សនៅខែធ្នូ ឆ្នាំ ២០២១។
ចាប់តាំងពីឆ្នាំ ១៩៩០ មក មនុស្សយ៉ាងតិច ៨០ នាក់ ត្រូវបានគេសម្លាប់ទាក់ទងនឹងការចោទប្រកាន់ប្រមាថព្រះនៅក្នុងប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមការឱ្យដឹងពីសារព័ត៌មានAlJazeera។
HRW ក៏បានរៀបចំឯកសារអំពីការចោទប្រកាន់អំពីការរំលោភសិទ្ធិប្រឆាំងស្ត្រីនិងកុមារនៅក្នុងប្រទេសអាស៊ីខាងត្បូងនេះ ដែលជាប់ចំណាត់ ១៦៧ ក្នុងចំណោមប្រទេសចំនួន ១៧០ នៅលើស្ថិតិស្ត្រីសកល សន្តិភាព និងសន្តិសុខរបស់សាកលវិទ្យាល័យ Georgetown University។
របាយការណ៍របស់ HRW បានឱ្យដឹងថា៖ «អំពើហិង្សាប្រឆាំងស្ត្រី និងស្ត្រីក្នុងនោះមានការចាប់រំលោភ ឃាតកម្មការវាយប្រហារ អំពើហិង្សាក្នុងគ្រួសារ និងការរៀបការដោយបង្ខំ គឺកើតមានទូទាំងប្រទេសប៉ាគីស្ថាន។ ក្រុមអ្នកការពារសិទ្ធិមនុស្សបានប៉ាន់ប្រមាណថា ស្ត្រីប្រហែល ១ ០០០ នាក់ ត្រូវបានគេសម្លាប់ជារៀងរាល់ឆ្នាំ៕