The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សារព័ត៌មាន​ជប៉ុនៈ​ នាវាចម្បាំង​ជប៉ុន​ហែល​ឆ្លង សមុទ្រ​ចិន​ខាងត្បូង​យ៉ាងតិច​ ២ ​​ដង​ កាលពី​ឆ្នាំមុន​

សារព័ត៌មាន​ជប៉ុនៈ​ នាវាចម្បាំង​ជប៉ុន​ហែល​ឆ្លង សមុទ្រ​ចិន​ខាងត្បូង​យ៉ាងតិច​ ២ ​​ដង​ កាលពី​ឆ្នាំមុន​

Content image - Phnom Penh Post
លោក​នាយករ​ដ្ឋមន្ត្រី លោក ​ហ្វូ៊មីអូ ​គីស៊ីដា ថ្លែង​អំពីគោលនយោបាយ​របស់​លោក​ក្នុងអំឡុង​បើ​កកិច្ចប្រជុំសភា។ AFP

សារព័ត៌មាន​ជប៉ុនៈ​ នាវាចម្បាំង​ជប៉ុន​ហែល​ឆ្លង សមុទ្រ​ចិន​ខាងត្បូង​យ៉ាងតិច​ ២ ​​ដង​ កាលពី​ឆ្នាំមុន​

នាវាចម្បាំង​ជប៉ុនបានធ្វើការ​ហែល​ឆ្លងកាត់​តំបន់​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង ​ដែលជា​ដែនសមុទ្រ​កំពុង​រង​ការ​ចម្រូងចម្រាស​មួយ​ក្រោម ​«​ប្រតិបត្តិការ​សេរីភាព​នៃ​នាវាចរណ៍​» កាលពី​ឆ្នាំ​២០២១ ​កន្លងទៅ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារ​ព័ត៌មាន​និន្នាការ​អភិរក្ស​ដ៏​ធំ​មួយ​របស់​ជប៉ុន​ Yomiuri Shimbun នៅក្នុង​ខែមករា​នេះ​។​

​សារព័ត៌មាន​ខាងលើ​បានធ្វើការ​ដកស្រង់​សម្ដី​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​ជប៉ុន ​១ ​រូប​។​

​ប្រភពពី​មន្ត្រី​នោះ បានឱ្យដឹងថា​ នាវាចម្បាំង​របស់​កងទ័ព​ស្វ័យការពារ​ជប៉ុន​បាន ​«​ហែល​ឆ្លងកាត់​ដែនទឹក​ដែល​នៅក្បែរ​កោះ​សិប្បនិម្មិត និង​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ដែល​ទាមទារ​ដោយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​»​។ ការធ្វើដំណើរ​ឆ្លងកាត់​នោះដែរ​ធ្វើឡើង​យ៉ាងតិច​ចំនួន ​២ ​ដង កាលពី​ឆ្នាំមុន​ដោយ​កាលពី​ខែមីនា​ម្ដង និង​ខែសីហា​ម្ដង​។​

​កាសែត​ Yomiuri បាន​ចុះ​​ផ្សាយ​ថា​៖ «​ប្រតិបត្តិការ​របស់​ក​ង​ទ័ពជើងទឹក​ស្វ័យការពារ​ជប៉ុន បានចាប់ផ្ដើម​នៅ​ខែមីនា ឆ្នាំ​ ២០២១ ក្រោម​រដ្ឋាភិបាល​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ​យូ​ស៊ី​ហ៊ី​ដិ​ស៊ូ​ហ្គា (Yoshihide Suga)»​។ លោក​ ស៊ូ​ហ្គា បាន​ចុះ​ចេញពី​តំណែង​កាលពី​ខែតុលា​ហើយ​តំណែង​ប្រមុខ​រដ្ឋាភិបាល​នេះ​ជំនួស​ដោយ លោក​ ហ្វូ​៊​មី​អូ គី​ស៊ី​ដា (FumioKishida)​។​

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ​ជប៉ុន បាន​ប្រាប់​កាសែត​ខាងលើ​ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​គោលបំណង «​ព្រមាន​ចិន​ដែល​បាន​រំលោភច្បាប់​អន្តរជាតិ​និង​ដើម្បី​ការពារ​សេរីភាព​នៃ​នាវាចរណ៍ និង​ច្បាប់ ក៏ដូចជា​សណ្ដាប់ធ្នាប់​ផ្លូវ​សមុទ្រ​»​។​

​យ៉ាងណាមិញ​សារព័ត៌មាន​ខាងលើ​បាន​ចុះផ្សាយ​ថា នាវា​របស់​ជប៉ុន​មិនបាន​ចូលទៅក្នុង​ដែនទឹក​របស់​ចិន​ទេ ដោយ​ហែល​នៅលើ​ដែនសមុទ្រ​អន្តរជាតិ​តែប៉ុណ្ណោះ​។ ​បន្ថែម​ពីនេះ​ទៅទៀត​ប្រតិបត្តិការ​ទាំងនេះ​ធ្វើឡើង​ «​នៅពេលដែល​នាវា​ទាំងនោះ​ធ្វើដំណើរ​ទៅ ​ឬត្រឡប់មកពី​សមយុទ្ធ​រួមជាមួយ​កង​ទ័ពជើងទឹក​ប្រទេស​ដទៃទៀត ឬការពង្រាយ​កងទ័ព​នៅ​តំបន់​មជ្ឈិមបូព៌ា​»​។​

​សារព័ត៌មាន ​South China Morning Post បានធ្វើការ​​សន្និដ្ឋានថា នាវា​របស់​ជប៉ុន​ទំនងជា​នាវាចម្បាំង​ពិឃាដ​ប្រភេទ ​Hyuga-class ​ដែល​អាច​ផ្ទុក​ឧទ្ធម្ភាគចក្រ​បាន ដោយ​នាវា​នេះ បានចេញ​ដំណើរ​ទៅ​សមយុទ្ធ​យោធា​ញឹកញាប់​ជាមួយ​អាមេរិក​អូស្ត្រាលី វៀតណាម និង​បារាំង​កាលពី​ឆ្នាំមុន​។​

​បើ​យោងតាម​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ​ ១៩៨២ ​ដែនសមុទ្រត្រូវបាន​បែងចែក​ជា​ ៣​ គឺ (១) ដែនដី​ទឹកសមុទ្រ (Territorial Sea) ដែលមាន​ចម្ងាយ​ប្រមាណ ២២​ គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ប្រទេស​ណាមួយ​ហើយ​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​របស់​ប្រទេស​នោះ (២) តំបន់សេដ្ឋកិច្ចផ្ដាច់មុខ (Economic Exclusive Zone) មាន​ចម្ងាយ​ប្រមាណ​ ៣៧០​​ គីឡូម៉ែត្រ ពី​ឆ្នេរ​ប្រទេស​ណា​​មួយ​ហើយ​ប្រទេស​នោះ​មាន​សិទ្ធិ​ប្រើប្រាស់ ​ដើម្បី​រុករ​កធន​ធាន​ធម្មជាតិ​តែ​មិនមាន​សមត្ថកិច្ច​ពេញលេញ​ដូច​ដែនទឹក​សមុទ្រ​ទេ និង (៣) ដែនសមុទ្រ​អន្តរជាតិ​ដែលជា​លម្ហ​សមុទ្រ មិន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ប្រទេស​ណា​ទាំងអស់​។​

​ចំពោះ​អត្ថន័យ​នៃ «​សេរីភាព​នៃ​នាវាចរណ៍​» វិញ​ជា​និយម​ន័យ​ផ្លូវច្បាប់​ដែល​ស្ថិតក្រោម​ភាពចម្រូងចម្រាស​។​ ប្រទេស​ខ្លះ​យល់ថា នាវា​របស់ខ្លួន​អាច​ហែល​ឆ្លងកាត់​ដែនដី​ទឹកសមុទ្រ និង​ដែនដី​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​​មុខ ដោយ​មិនចាំបាច់​សុំច្បាប់ និង​ជូនដំណឹង​ដល់​ប្រទេស​ម្ចាស់​សមុទ្រ​ទុកជាមុន​។

​ចំណែកឯ​ករណី​សមុទ្រ​ចិន​ខាងត្បូង​វិញ ចិន​ទាមទារ​ឱ្យ​នាវា​បរទេស​នានា​ធ្វើការ​សុំច្បាប់​ខ្លួន​ជាមុន ដើម្បី​មាន​សិទ្ធិ​ហែល​ឆ្លងកាត់​តំបន់​នោះបាន​។ ចិន​បានធ្វើការ​ទាមទារ​យក​ដែនសមុទ្រ​ចិន​ខាងត្បូង​ប្រមាណ ៩០ ​ភាគរយ ​ក្រោម​ខ្សែបន្ទាត់ ៩ ​ចំណុច ដោយ​ផ្អែកលើ​ទិ​ដ្ឋ​ភាព​ប្រវត្តិសាស្ត្រ​។​

​មានការ​យល់ឃើញ​ខុសៗ​គ្នា ចំពោះ​ករណី​ដែល​នាវា​ជប៉ុន​ហែល​ឆ្លងកាត់​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ មកទល់ពេលនេះ ក្រសួងការពារជាតិ ឬក្រសួងការបរទេស​ជ​ប៉ុន​នៅ​មិនទាន់​ចេញមក​បកស្រាយ លើ​រឿងរ៉ាវ​នេះ​ទេ​។

​លោក Mark Valencia ដែលជា​បញ្ញវន្ត​ជាន់ខ្ពស់​បែប​ទស្សនកិច្ច​របស់​វិទ្យាស្ថាន​ជាតិ​សម្រាប់​ការសិក្សា​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​មូលដ្ឋាន​នៅ​កោះ​ហៃ​ណាន ប្រទេស​ចិន បាន​យល់ឃើញថា​៖ «​ប្រតិ​ប​ត្តិ​ការ​សេរីភាព​នៃ​នាវាចរណ៍​របស់​ជប៉ុន មិន​ដូច​ទៅនឹង​សហរដ្ឋអាមេរិក​នោះទេ​»​។

«​ប្រតិបត្តិការ​នេះ​មិន​ប្រឆាំងនឹង​ដែនដី​ទឹកសមុទ្រ​ចិន ឬការទាមទារ​អធិបតេយ្យភាព​របស់​ចិន​ឡើយ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​ប្រាប់​សារព័ត៌មាន​អាស៊ីសេរី​។

​លោក​បានធ្វើ​ការបន្ថែម​ថា​៖ «​ទាំងនេះ​ជា​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​លើ​ដែនសមុទ្រ​អន្តរ​ជាតិ​ហើយ​សេរីភាព​នេះ​ មិន​ត្រូវបាន​ប្រឆាំង​ដោយ​ចិន​ឡើយ​»​។

​អ្នកវិភាគ​មកពី​វិទ្យាស្ថាន​សិក្សា​ការពារជាតិ​របស់​ជប៉ុន​បាន​ប្រាប់​សារព័ត៌មាន South China Morning Post ថា ការហៅ​ប្រតិបត្តិការ​នេះ​ជា «​ប្រតិបត្តិការ​សេរីភាព​នៃ​នាវា​​ចរណ៍​» ស្រដៀង​នឹង​អ្វីដែល​អាមេរិក​បានធ្វើ​ឡើងក​ន្ល​ង​មក ហាក់បីដូចជា​លើស​បន្តិច ដោយសារតែ​នាវា​របស់​កងទ័ពជើងទឹក​ជប៉ុន​ហែល​ត្រឹមតែ​ដែនសមុទ្រ​អន្តរជាតិ​នោះទេ​។

«​សកម្មភាព​របស់​ជប៉ុន ​គឺ​ស្របច្បាប់​ស្ទើរតែ​ឥតខ្ចោះ​តែម្ដង ប៉ុន្តែ​នេះ​ក៏​បង្កប់​នូវ​ន័យ​នយោបាយ​ពីក្រោយ​រឿងនេះ​ដែរ​»​។ នេះ​បើតាម​ការបន្ថែម​របស់​អ្នកជំនាញ​រូបនោះ​។ អ្នកជំនាញ​នោះបាន​បន្តថា​៖ «​ការធ្វើ​នាវាចរណ៍​នេះ​អាច​ធ្វើការ​សន្និដ្ឋានបាន​ថា ជប៉ុន​មានបំណង​ដាក់​សម្ពាធ​លើ​ចិន ហើយ​ខ្ញុំ​រំពឹងទុក​ថា រដ្ឋធានី​ប៉េកាំង​អាច​នឹង​ព្រួយបារម្ភ​ទៅលើ​រឿងនេះ​»៕
​នេះ​»៕

​ហ៊ីម រដ្ឋា​

អត្ថបទគួរចាប់អារម្មណ៍