តើសហភាពអឺរ៉ុបនឹងចំណាយសតវត្សរ៍ទី២១ ក្រោមការរុញច្រានពីមហាអំណាចខាងក្រៅ? នៅក្រុងប្រ៊ុចសែល មន្ត្រីសហភាពអឺរ៉ុប តែងតែលើកឡើងថា សមូហភាពអំណាច គឺជាមធ្យោបាយតែ ១ គត់សម្រាប់ជួយសង្គ្រោះពួកគេពីវាសនានៃការដួលរលំអំណាចចាស់។ បើទោះបីជាប្រទេសអឺរ៉ុបនីមួយៗមិនប្រកួតប្រជែងជាមួយមហាអំណាចពិភពលោកដូចជាអាមេរិក និងចិន សហភាពអឺរ៉ុបរួមគ្នាគឺជាសេដ្ឋកិច្ចធំជាងគេទី៣ ក្នុងពិភពលោក។
ប៉ុន្តែគំនិតថា ទម្ងន់សេដ្ឋកិច្ចអាចប្រែក្លាយយ៉ាងស្រួលទៅជាអំណាចភូមិសាស្ត្រនយោបាយ កំពុងឆ្លងកាត់ការសាកល្បងយ៉ាងធ្ងន់ធ្ងរ។
សហភាពអឺរ៉ុបត្រូវបានគេមើលឃើញថា មិនមែនជាភាគីសំខាន់ក្នុងការចរចាវិបត្តិប្រទេសអ៊ុយក្រែន។ ស្របពេលជាមួយគ្នានេះប្រទេសចិន បានដាក់ការគាបសង្កត់លើការនាំចេញរបស់ប្រទេសលីទុយអានី ដែលជាសមាជិកសហភាពអឺរ៉ុប ហើយទីក្រុងប្រ៊ុចសែលនៅមានភាពស្ទាក់ស្ទើរក្នុងការសម្រេចធ្វើការឆ្លើយតបសមស្របណាមួយ។
ប្រសិនបើអ្វីៗដំណើរការមិនល្អសម្រាប់សហភាពអឺរ៉ុបក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ និងខែខាងមុខនេះ ការពិភាក្សាអំពី «អំណាចភូមិសាស្ត្រនយោបាយ» របស់អឺរ៉ុប នឹងកាន់តែក្លាយជារឿងគេមិនសូវជឿ។ ប៉ុន្តែប្រសិនបើក្រុងប្រ៊ុចសែលចាត់វិធានការសមស្រប ជាពិសេសលើបញ្ហាប្រទេសលីទុយអានី នោះពួកគេអាចពង្រឹងសមត្ថភាពការពារផលប្រយោជន៍របស់ខ្លួននៅលើឆាកអន្តរជាតិ។
វិបត្តិអ៊ុយក្រែន គឺជាបញ្ហាដែលមានឥទ្ធិពលបង្កឱ្យមាសង្គ្រាម ឬរក្សាសន្តិភាពនៅទ្វីបអឺរ៉ុប ដូច្នេះហើយទើបមន្ត្រីសហភាពអឺរ៉ុបមួយចំនួនមានអារម្មណ៍អាម៉ាស់ នៅពេលដែលពួកគេមិនអាចចូលរួមក្នុងការចរចាដោយផ្ទាល់នាពេលថ្មីៗនេះ។ ប៉ុន្តែនេះ មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលក្រុងប្រ៊ុចសែលមិនបានចូលរួម។ សហភាពអឺរ៉ុប គឺមិនមែនជាអំណាចយោធា ហើយទំនងមិនប្រែប្រួលទៅជាអំណាចបែបនេះទេ។ បន្ថែមពីលើនេះ ប្រទេសអ៊ុយក្រែន គឺមិនមែនជាសមាជិកសហភាពអឺរ៉ុបទេ។
ផ្ទុយទៅវិញ ប្រទេសលីទុយអានី គឺជាសមាជិកនៃសហភាពអឺរ៉ុប។ ប្រទេសនេះកំពុងជាប់ក្នុងទំនាស់ពាណិជ្ជកម្មជាមួយប្រទេសចិន បន្ទាប់ពីពួកគេបានសម្រេចពង្រឹងទំនាក់ទំនងជាមួយកោះតៃវ៉ាន់។ ចិនមិន ត្រឹមតែបិទរាល់ពាណិជ្ជកម្មជាមួយលីទុយអានីទេ ចិនក៏កំពុងរារាំងផលិតផលទាំងអស់ដែលមានសមាសធាតុផលិតនៅក្នុងប្រទេសលីទុយអានី ដែលបង្កឱ្យមានការឈឺក្បាលយ៉ាងខ្លាំងសម្រាប់អ្នកវិនិយោគបរទេសនៅក្នុងប្រទេសនេះ។ សហភាពអឺរ៉ុប គឺមហាអំណាចពាណិជ្ជកម្មដ៏ធំមួយក្នុងពិភពលោក ដូច្នេះពួកគេមានឱកាស និងកាតព្វកិច្ចដើម្បីជួយប្រទេសលីទុយអានី។
ប្រទេសចិន បានជ្រើសរើសយុទ្ធសាស្ត្រដ៏ឆ្លាតវៃមួយ។ មានការរាយការណ៍ថា អ្នកវិនិយោគជនជាតិអាល្លឺម៉ង់ កំពុងដាក់សម្ពាធឱ្យរដ្ឋាភិបាលលីទុយអានីធ្វើការផ្លាស់ប្ដូរគោលនយោបាយរបស់ខ្លួន ហើយការស្ទង់មតិសាធារណជនលីទុយអានីបានបង្ហាញថា ការពង្រឹងទំនាក់ទំនងជាមួយកោះតៃវ៉ាន់ គឺមិនសូវមានប្រជាប្រិយភាពទេ។
ប៉ុន្តែអ្នកវិភាគមួយចំនួនក៏និយាយថា យុទ្ធសាស្ត្ររបស់ចិនក៏មានហានិភ័យផងដែរ។ ការគាបសង្កត់ទៅលើលីទុយអានីក៏ជាការគាបសង្កត់ទៅលើខ្សែចង្វាក់ផ្គត់ផ្គង់ទាំងមូលរបស់សហភាពអឺរ៉ុប ជាការវាយប្រហារទៅលើទីផ្សារតែមួយរបស់សហភាពអឺរ៉ុប។
នេះគឺមិនត្រឹមតែជាបញ្ហាទ្រឹស្ដីប៉ុណ្ណោះទេ។ មន្ត្រីអឺរ៉ុបកំពុងព្រួយបារម្ភថា ជម្លោះជាមួយចិននឹងរីករាលដាលដល់សាធារណរដ្ឋឆែក ដែលទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកោះតៃវ៉ាន់។ រោងចក្រឆែកដើរតួនាទីយ៉ាងសំខាន់ក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សហភាពអឺរ៉ុប ហើយប្រសិនបើផលិតផលឆែករងការគាបសង្កត់ នោះទីផ្សារតែមួយរបស់សហភាពអឺរ៉ុប នឹងរងផលវិបាកយ៉ាងខ្លាំង។
មន្ត្រីសហភាពអឺរ៉ុប បានសន្យាគាំទ្រ និងសាមគ្គីភាពជាមួយប្រទេសលីទុយអានី។
សំណុំរឿងមួយប្រហែលជានឹងត្រូវលើកឡើងប្រឆាំងនឹងប្រទេសចិន នៅអង្គការពាណិជ្ជកម្មពិភពលោក ប៉ុន្តែអាចត្រូវចំណាយពេលច្រើនឆ្នាំ ដើម្បីសម្រេចបានផ្លែផ្កា។ ដូច្នេះ បារាំងដែលបច្ចុប្បន្នកាន់តំណែងជាប្រធានសហភាពអឺរ៉ុប កំពុងសម្លឹងមើលការពន្លឿនការអនុម័តច្បាប់ប្រឆាំងការបង្ខិតបង្ខំ។
នេះនឹងអនុញ្ញាតឱ្យ EU ឆ្លើយតបនឹងវិធានការបង្ខិតបង្ខំពាណិជ្ជកម្មពីប្រទេសចិន ឬប្រទេសណាមួយផ្សេងទៀត ជាមួយនឹងវិធានការជាច្រើនដែលអាចរួមបញ្ចូលការទប់ស្កាត់លើការវិនិយោគ និងពន្ធគយ។
ការអនុម័តច្បាប់នេះ អាចជួយអឺរ៉ុបក្នុងការទប់ទល់នឹងមិនត្រឹមតែសម្ពាធពីប្រទេសចិនទេ វាក៏អាចទប់ទល់នឹងសម្ពាធទាំង ២ សហរដ្ឋអាមេរិក និងរុស្ស៊ី៕