​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​នៅ​ប្រទេស​យេ​ម៉ែន ​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហា​រ្រ​ដូន​កាលពី​ថ្ងៃ​ចន្ទ ​នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ជា​រដ្ឋធានី​អារ៉ាប់​រួម (UAE)​ដែល​បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់ យ៉ាងតិច​ ៣​ នាក់​។

​ក្រុម​ឧទ្ទាម​ហ៊ូ​ធី បាន​វាយប្រហា​រ្រ​ដូន​ទៅលើ​រោងចក្រ​ប្រេង​សំខាន់​មួយកន្លែង​។ ការវាយប្រហារ​នោះ បាន​បណ្តាលឱ្យ​ឆេះ​នៅ​ព្រលានយន្តហោះ​​អន្តរជាតិ​អា​ប៊ូ​ដា​ប៊ី​។ នេះ​បើ​យោងតាម​ការឱ្យ​ដឹង​ពីសា​រ​ព័ត៌មាន ​AP​។​

២​នាក់​ក្នុងចំណោម​អ្នកស្លាប់​ទាំង​នោះ ត្រូវ​បានកំណត់​អត្តសញ្ញាណ​ដោយ​ប៉ូលិស​អារ៉ាប់​រួម​ថា ជា​ជនជាតិ​​ឥណ្ឌា និង​ម្នាក់ទៀត គឺជា​ជនជាតិ​​ប៉ា​គី​ស្ថាន​។ នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី​ AP​។ មនុស្ស​ជាច្រើន​នាក់​ទៀត​នៅ​តំបន់ឧស្សាហកម្ម​មួយ​ដែលជា​ទីតាំង​ក្រុមហ៊ុន​ថាមពល​គ្រប់គ្រង​ដោយ​រដ្ឋ​នៅក្នុង​ទីក្រុង​អា​ប៊ូ​ដា​ប៊ី បាន​រងរបួស​ស្រាលៗ​នៅក្នុង​ការ​វាយ​ប្រហារ​នោះ​។​

​តាម​ការរាយការណ៍ ក្រុមហ៊ុន​នោះគ្រប់គ្រង​បណ្តាញ​បំពង់​ប្រេង​ជា​ផ្នែក បន្ថែម​ទៅលើ​រោងចក្រ​ស្តុក​សម្រាប់រថយន្ត​ដឹក​ប្រេង​។ រថយន្ត​ដឹក​ប្រេង​ចំនួន​៣​គ្រឿង ស្ថិតនៅក្នុង​រោងចក្រ​​ប្រេង​ដែល​ឆេះ​នោះ ខណៈ​អគ្គិភ័យ​មួយទៀត បាន​ឆាបឆេះ​នៅ​ជាយ​​ព្រលានយន្តហោះ​នៃ​ទីក្រុង​នេះ​។​

​ក្រុម​ហ៊ូ​ធីបាន​អះអាង​ការទទួល​ខុសត្រូវ​ចំពោះ​ការវាយប្រហារ​កាល​ពីថ្ងៃ​ចន្ទ ប៉ុន្តែ​មិនបាន​បង្ហាញ​អ្វី​ជាក់​​លាក់​ទេ​។ នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី​ AP​។

​ទីប្រឹក្សា​សន្តិសុខ​លោក Jake Sullivan កាលពី​ថ្ងៃ​ចន្ទ បាន​និយាយ​ថា អាមេរិក​ថ្កោលទោស​ការ​​វាយប្រហារ​ភេរវកម្ម នៅក្នុង​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ដោយបាន​បន្ថែមថា អាមេរិកនឹង​សហការ​ជាមួយ​អារ៉ាប់​រួម​ និង​ក្រុម​ដៃគូ​អន្តរជាតិ ដើម្បីឱ្យ​ក្រុម​ហ៊ូ​ធី​ទទួលខុសត្រូវ​។

​លោក​​ Sullivan បាន​បន្ថែម​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​ការ​ប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​សន្តិសុខ​របស់​ប្រទេស​អារ៉ាប់​រួម មិន​ផ្លាស់ប្តូរ​ទេ ហើយ​យើង​ឈរ​នៅ​កៀក​ស្មា​ជាមួយ ក្រុម​ដៃគូ​អារ៉ាប់​រួម​ប្រឆាំងនឹង​ការ​​គំរាមកំហែង​ទាំងអស់​ចំពោះ​ដែនដី​របស់​ពួកគេ​។

​ចំណែក​ក្រសួងការបរទេស​អាមេរិក​បាន​ថ្កោលទោស​ចំពោះ​ការ​វាយ​ប្រហារ​នោះ​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​មួយ​ពី​អ្នកនាំពាក្យ​លោក Ned Price​។

​សារព័ត៌មាន​ AP បានកត់សម្គាល់​ឃើញថា ការវាយប្រហា​រដ្រូនបានកើត​ឡើង ខណៈ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​ស្ថិតនៅក្រោម​សម្ពាធ និង​ត្រួត​ពិនិត្យមើល​ការខាតបង់ ស្របពេល​មានការ​​ជំរុញ​ពី​រដ្ឋាភិបាល​យេ​ម៉ែន​។ កង​កម្លាំង​យេ​ម៉ែន​ដែល​គាំទ្រ​ដោយ​អារ៉ាប់​រួម បាន​វាយបក​ទៅលើ​ក្រុមហ៊ូ​ធី​នៅក្នុង​តំបន់​សំខាន់​នៅ​ភាគខាងត្បូង និង​កណ្តាល ដែល​បាន​រារាំង​កិច្ច​​ប្រឹងប្រែង​របស់​ក្រុម​ឧទ្ទាម​ក្នុងការ​​គ្រប់គ្រង​ភាគ​ខាងជើង​នៃ​ប្រទេស​យេ​ម៉ែន​។

​អ្នកការទូត​ជាន់ខ្ពស់​អារ៉ាប់​រួម លោក Anwar Gargash បាន​ស្តី​​បន្ទោស​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​ចំពោះ​ការ​វាយប្រហារ​នេះ​។ លោក​បាន​សរសេរ​នៅលើ​ធ្វី​ត​ធើ​រថា អាជ្ញាធរ​នៅ​អារ៉ាប់​​រួម កំពុង​ដោះស្រាយ​ជាមួយ​ក្រុម​ហ៊ូ​ធី​ជុំវិញ​ការវាយប្រហារ​ទៅលើ​រោងចក្រ​ស៊ីវិល នៅក្នុង​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ឱ្យមាន​តម្លាភាព និង​ការទទួលខុសត្រូវ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ AP​។ លោក​បាន​បន្ថែមថា ការរារាំង​សន្តិសុខ​ដោយ​ក្រុម​យុទ្ធជន​ភេរវកម្ម ខ្សោយ​ពេក​មិនអាច​ធ្វើឱ្យប៉ះពាល់​ដល់​ស្ថិរភាព និង​សុវត្ថិភាព​កន្លែង​ដែល​យើង​រស់នៅ​នោះទេ​។

​ក្រសួងការបរទេស​អា​រ៉ាប់​រួម បាន​សរសេរ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការវាយប្រហារ​នោះ​នឹងមិន​រង​ទណ្ឌកម្ម​អ្វី​ទេ​។ នេះ​បើ​យោងតាម​ការឱ្យ​ដឹង​ពីសា​រ​ព័ត៌មាន​​ Reuters​។

​ក្រសួងការបរទេសបាន​បន្ថែមទៀតថា​៖ «​អារ៉ាប់​រក្សា​សិទ្ធិ​ក្នុងការ​​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​ភេរវកម្ម និង​ការបង្ក​អំពើ​ឧក្រិដ្ឋ​​កម្ម​»។

​ប៉ូលិស​និយាយថា ពួកគេ​នាពេល​បច្ចុប្បន្ននេះ កំពុង​ត្រួត​ពិនិត្យមើល​ឧប្បត្តិហេតុ​នោះ ដោយបាន​បញ្ជាក់ថា ការរកឃើញ​ពីដំបូងបញ្ជាក់ថា បំណែក​តូចៗ​នោះ​មានការ​ពាក់ព័ន្ធ​នឹងដ្រូនបាន​ធ្លាក់​ទៅលើ​ទីតាំង ​២ បណ្តាលឱ្យ​ផ្ទុះ និង​ឆេះ​។ ទោះបីជា​យ៉ាងណាក៏ដោយ ពួកគេ​បាន​កត់​សម្គាល់​ឃើញថា មិនមាន​ការ​ខូច​ខាត​ជា​ដុំកំភួន ត្រូវបាន​គេ​កត់ត្រា​នោះទេ​៕