នៅក្នុង​ឆ្នាំ ​២០២១ ចិន​នៅតែមាន​កំណើនប្រជាជន ដោយកើនឡើង​ប្រមាណ​ជាជាង​កន្លះ​លាន​នាក់ ដែល​ធ្វើឱ្យ​ចំនួន​ប្រជាជន​សរុប​នៅ​ប្រទេស​មហាអំណាច​មួយ​នេះ​នៅ​ទ្រឹង​ត្រឹម ១,៤ ​ប៊ី​លាន​នាក់​។ នេះ​បើតាម​ទិន្នន័យ​ចុះផ្សាយ​ដោយ ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ចិន​បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ​។

​ប្រទេស​នេះ មាន​ចំនួន​ទារក​ថ្មី​ចំនួន​ប្រមាណ ​១០ ​លាន​នាក់​នៅក្នុង​ឆ្នាំមុន ដែលជា​ការ​ថយ​​ចុះ​រយៈពេល​ ៥​ ឆ្នាំ​ជាប់ៗ​គ្នា​ទៅហើយ​។ ចំនួន​នេះដែរ ជា​ចំនួន​តិច​បំផុត​គិត ចាប់តាំងពី​ឆ្នាំ ១៩៦១ ដែល​ស្ថិតក្នុង​ជំនាន់​របស់លោក ម៉ៅ សេទុង ដោយនៅ​កាលនោះ​ចិន​មាន​ទារ​កកើត​ថ្មី​ចំនួន​ប្រមាណ​ ១១ លាន​នាក់​។

​ប្រទេស​ចិន ត្រូវបាន​គេ​ស្គាល់​ថា បាន​អនុវត្ត​គោល​នយោបាយ «​កូន​តែ ​១» រាប់​ទសវត្សរ៍​មកហើយ ដោយ​ចាប់​​តាំងពី​ឆ្នាំ ​១៩៨០ រហូតដល់​ឆ្នាំ​ ២០១៥​។ នៅ​ឆ្នាំ ​២០១៥ រដ្ឋការ​លោក ​ស៊ី ជីន​ភីង បានដាក់​ចេញ​នូវ​គោលនយោបាយ «​កូន​ ២» ហើយ​មកដល់​ឆ្នាំ ​២០២១ ចិន​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ «​កូន ​៣»​។

​ជាមួយគ្នានេះដែរ លោក Ning Jizhe ​នាយក​នៃ​កា​រិ​យា​ល័យ​ស្ថិតិបាន​លើកឡើងថា ការធ្លាក់ចុះ​នៃ​កំណើនប្រជាជន​ជា​រឿង​ធម្មតា​ទៅហើយ​នៅតាម​បណ្ដា​ប្រទេស​ដទៃ ដោយ​លោក​លើកយក​កូរ៉េខាងត្បូង និង​ជប៉ុន​ជា​ឧទាហរណ៍​។

​លោក​បាន​កត់សម្គាល់ថា ដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ​១៩ បានធ្វើឱ្យ​មង្គល​ការ និង​ការបង្ក​បង្កើតកូន​មានការ​ពន្យារ ហើយ​បន្ថែម​ពីនេះ​ទៅទៀត តម្លៃ​នៃ​ការចិញ្ចឹម​កូន និង​កត្តា​សង្គម​នានា ក៏បាន​រួម​​ចំណែក​ក្នុងការ​ធ្លាក់ចុះ​នេះដែរ​។

​ទោះជា​បែបនេះ​ក្ដី លោក​បង្ហាញ​នូវ​ក្ដី​ជឿជាក់ថា ប្រជា​ជន​នឹងមាន​កំណើនថេរ​នាពេល​អនាគត ក្រោយ​ពេលដែល​រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​ «​កូន​៣»​។

​អ្នកជំនាញ និង​អ្នកវិភាគ​នានា​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​ពាក់ព័ន្ធ​នឹង​ការធ្លាក់ចុះ​នៃ​កំណើនប្រជាជន​ចិន​បែបនេះ​។

​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យា​ល័យ​វី​ស្កុន​សុន​​ម៉ា​ឌី​សុន លោក Yi Fuxian​ បាន​លើកឡើង​ថា​៖ «​ចិន​កំពុងតែ​ប្រឈម​​មុខ​នឹង​វិបត្តិ​ប្រជាសាស្ត្រ ដែល​ខ្លាំង​ជាង​ការ​នឹកស្មាន​របស់​អាជ្ញាធរ​ចិន និង​សហគមន៍​​អន្តរជាតិ​ទៀតផង​»​។ នេះ​បើតាម​ការយល់ឃើញ​រប​ស់លោក​ប្រាប់​សារព័ត៌មាន The New York Times​។

​លោក Zhang Zhiwei ប្រធាន​ក្រុម​អ្នកសេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសម្បត្តិ Pinpoint បាន​ប្រាប់​សារ​ព័ត៌មាន South China Morning Post ថា​៖ «​គេ​ដឹង​គ្រប់គ្នា​ហើយ​អំពី​បញ្ហា​ប្រឈម​នៃ​ប្រជាសាស្ត្រ ប៉ុន្តែ​ល្បឿន​នៃ​កំណើនប្រជាជន​ចំណាស់​ គឺ​លឿន​ជាង​ការរំពឹងទុក​»​។​

«​នេះ​បង្ហាញឱ្យឃើញ​ចំនួន​ប្រជាជន​សរុប​នៅ​ប្រទេស​ចិន​ អាច​កើន​ដល់​ចំណុចកំពូល​នៅ​ឆ្នាំ ​២០២១ ហើយនឹង​ថយចុះ​ទៅវិញ​។ នេះ​ក៏​សបញ្ជាក់​ថា សក្ដានុពល​នៃ​កំណើន​សេដ្ឋ​កិច្ច​អាច​នឹង​កើន​យឺត​ជាង​ការ​រំពឹងទុក​ផងដែរ​»​។ នេះ​បើតាម​ការបន្ថែម​របស់​លោក Zhang​។

​លោក Chen Wei យល់​​ស្រប​ថា កំណើន​ចំនួន​ប្រជាជន​​ចិន​អាច​នឹង​ថយចុះ​មែន​នៅ​រយៈពេល​ខាងមុខ​។ នេះ​បើតាម​ការ​ព្យាករ​របស់លោក​ប្រាប់​សារព័ត៌មាន SCMP​។ យ៉ាងណាមិញ សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ចិន Renmin យល់ឃើញថា​៖ «​នៅ​រយៈពេល ១០ ​ឆ្នាំ ទៅ​ ២០ ​ឆ្នាំ​ខាងមុខ កំណើនប្រជាជន​ចិន​នឹងមិន​ថយចុះ​ទេ តែមាន​ភាព​ឡើង​ចុះ​ក្បែរៗ ០ ​ភាគរយ​តែ​មិន​ធ្លាក់ចុះ​ហួសហេតុ​នោះទេ​»៕

​ហ៊ីម រដ្ឋា​