រដ្ឋមន្ត្រី​អូស្ត្រាលី​ទទួលបន្ទុក​តំបន់​ប៉ាស៊ីហ្វិក លោក​​ Zed Seselja ​និយាយថា របាយការណ៍​ដំបូង​បង្ហាញថា មិនមាន​អ្នកស្លាប់ និង​របួស​ច្រើន​នៅ​តុង​ហ្គា​បន្ទាប់ពី​ប​ន្ទុះ​ភ្នំភ្លើង​កាល​​ពីថ្ងៃ​សៅរ៍ ដែល​បង្កឱ្យមាន​រលក​ស៊ូណាមិ ប៉ុន្តែ​មានការ​ខូចខាតយ៉ាងដំណំ​នៅតាម​បណ្ដោយ​ឆ្នេរ​។​

​លោក​ Seselja ​និយាយ​ក្នុង​បទ​សម្ភាស​ជាមួយ​ស្ថានីយ​វិទ្យុ​អូស្ត្រាលី​ថា​៖ «​យើង​ដឹងថា មានការ​ខូចខាត​ដំណំៗ​មួយចំនួន​។ យើង​ដឹងថា មានការ​ខូចខាត​យ៉ាងខ្លាំង​ចំពោះ​រមណី​យ​ដ្ឋា​ន​នានា​»​។ លោក​ថ្លែង​បែបនេះ បន្ទាប់ពី​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​បញ្ជូន​ជើងហោះហើរ​ឃ្លាំមើល​កាល​​ពីថ្ងៃ​ចន្ទ ដើម្បី​វាយតម្លៃ​ការខូចខាត​នៅលើ​កោះ​ប៉ាស៊ីហ្វិក​មួយ​នេះ​។​

​អនុប្រធាន​បេសកកម្ម​របស់​តុង​ហ្គា​នៅ​អូស្ត្រាលី លោក Curtis Tu''ihalangingie ​ស្នើ​សុំឱ្យ​មានការ​អត់ធ្មត់ ខណៈដែល​រដ្ឋាភិបាលរ​បស់​តុង​ហ្គាស​ម្រេច​ចិត្ត​អាទិភាព​របស់ខ្លួន​សម្រាប់​សុំ​ជំនួយ​។ ​តុង​ហ្គា​មានការ​​ព្រួយបារម្ភ​អំពី​ហានិភ័យ​នៃ​ការផ្តល់​ជំនួយ​ថា អាច​ពង្រាល​ការឆ្លង​កូ​វីដ ​ខណៈដែល​មកទល់ពេលនេះ​មិនមាន​ការឆ្លង​នៃ​វីរុស​កូ​រ៉ូ​ណា​ក្នុងប្រទេស​។

​លោក​ Tu''ihalangingie ​និយាយថា​៖ «​យើង​មិន​ចង់​នាំមក​នូវ​រលក​មួយទៀត​ គឺ​រលក​យក្ស​ស៊ូណាមិ​នៃ​ជំងឺ​កូ​វីដ​​ ១៩​ នោះទេ​»​។ ប៉ុន្តែ​អ្នកការទូត​និយាយថា ជំនួយ​ណាមួយ​ដែល​បញ្ជូនទៅ​តុង​ហ្គា នឹងត្រូវ​ដាក់​ឱ្យនៅ​ដាច់​ពី​គេ ហើយ​វា​ទំនងជា​មិនមាន​បុគ្គលិក​បរទេស​ណា​ម្នាក់​អនុញ្ញាតឱ្យ​ចុះ​ពីលើ​យន្តហោះ​នោះទេ​។​

​ការផ្ទុះ​ភ្នំភ្លើង ​Hunga-Tonga-Hunga-Ha''apai​ បង្កឱ្យមាន​រលក​ស៊ូណាមិ​នៅលើ​ឆ្នេរ​កោះ​តុង​ហ្គា ហើយ​កាត់ផ្តាច់​បណ្តាញទូរស័ព្ទ និង​អ៊ី​ន​ធឺ​ណិ​ត​លើ​កោះ​ទាំងមូល​។​

​បណ្តាញទូរស័ព្ទ​នៅ​តុង​ហ្គា​ត្រូវបាន​ស្តារឡើងវិញ​ហើយ ប៉ុន្តែ​ផេះភ្នំភ្លើង​កំពុង​បង្កបញ្ហា​សុខភាព​យ៉ាងធ្ងន់ធ្ងររួមទាំង​ការបំពុល​ទឹកជា​ដើម​។​ លោក​ Tu''ihalangingie ​និយាយថា​៖ «​មនុស្ស​ភាគច្រើន មិនដឹងថា​ផេះ​មាន​ជាតិពុល និង​អាក្រក់​សម្រាប់​ពួកគេ​ដកដង្ហើម​ទេ ហើយ​ពួកគេ​ត្រូវ​ពាក់​ម៉ាស់​»​។​

Hunga-Tonga-Hunga-Ha''apai​ ផ្ទុះ​ឡើងជា​ទៀងទាត់​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លងមកនេះ ប៉ុន្តែ​ឥទ្ធិពល​នៃ​ការផ្ទុះ​កាលពី​ថ្ងៃ​សៅរ៍ រាល​ឆ្ងាយ​ដល់​កោះ​ហ្វី​ជី នូ​វែ​ល​សេ​ឡង់ សហរដ្ឋអាមេរិក និង​ជប៉ុន​។​រលក​ស៊ូណាមិ​ដោយសារតែ​ប​ន្ទុះ​ភ្នំភ្លើង​នេះ បាន​បណ្តាលឱ្យ​មនុស្ស​ ២​ នាក់​ស្លាប់ នៅ​ឆ្នេរ​មួយ​នៅ​ភាគ​ខាង​​ជើង​ប៉េ​រូ ​ដែល​ស្ថិតនៅ​ច​ម្លា​យ​ជាង ១០ ០០០ ​គីឡូម៉ែត្រ​ពី​កោះ​តុង​ហ្គា​៕

​ហួន ឌី​ណា