កាល​ពី​ថ្ងៃ​ចន្ទ​ ទី​១៧​ មករា ​ប្រធានាធិបតី​ចិន​លោក ​ស៊ី ជីនភី​ង​ បាន​ជំរុញ​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ឱ្យ​ចាក​ចេញ​ពី «ចិត្ត​គំនិត​សង្គ្រាម​ត្រជាក់» ដោយ​និយាយ​ថា​ ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​តែងតែ​នាំ​មក​នូ​​វ​ផល​អាក្រក់​ទាំង​សង​ខាង​។

ក្នុង​ការ​ថ្លែង​សុន្ទរកថា​តាម​វីដេអូ​ក្នុង​កម្មវិធី​រៀប​ចំ​ដោយ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ លោក​ស៊ី​បាន​និយាយ​ថា​៖ «យើង​ត្រូវ​បោះបង់​ចិត្ត​គំនិត​សង្គ្រាម​ត្រជាក់ ហើយ​ស្វែង​រក​ការ​រួម​រស់​ដោយ​សន្តិភាព និង​លទ្ធផល​ឈ្នះ-ឈ្នះ​»​។

លោក​បន្ត​ទៀត​ថា​៖ «ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ការ​ប្រឈម​មុខ​ដាក់​គ្នា​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ។ វា​គ្រាន់​តែ​អញ្ជើញ​ផលវិបាក​មហន្តរាយ​។ ការ​ការពារ​និយម និង​ឯកតោភាគី​និយម ​មិន​អាច​ការពារ​នរណា​ម្នាក់​បាន​ទេ។ ទីបំផុត​ ពួកគេ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​អ្នក​ដទៃ ក៏​ដូចជា​ខ្លួន​ឯង​។ អ្វី​ដែល​អាក្រក់​ជាង​នេះ​ទៅ​ទៀត​គឺ​ការ​អនុវត្ត​អនុត្តរភាព​និង​ការ​សម្លុត​ដែល​ប្រឆាំង​នឹង​ជំនោរ​នៃ​ប្រវត្តិសាស្ត្រ​»​។

ការ​លើក​ឡើង​របស់​លោក​ស៊ី ជីនភី​ង​បាន​ធ្វើ​ឡើង​ខណៈ​ពេល​ដែល​ភាព​តានតឹង​ជា​មួយ​សហរដ្ឋអាមេរិក​គឺ​កំពុង​កើន​ឡើង​លើ​បញ្ហា​ជា​ច្រើន​ ជា​ពិសេស​បញ្ហា​កោះ​តៃវ៉ាន់​។ នៅ​ឆ្នាំ​នេះ​ទំនាក់​ទំនង​ដ៏​តាន​តឹង​រវាង​អាមេរិក​ និង​ចិន​ត្រូវ​បាន​គេ​កំណត់​ថា​ក្នុង​ចំណោម​ហានិភ័យ​ខ្ពស់​បំផុត​សម្រាប់​ទ្វីប​អាស៊ី ខណៈ​ពេល​ដែល​ក្រុម​អ្នក​ជំនាញ​និយាយ​ថា​កម្រិត​ភាព​តានតឹង​ដ៏​ខ្ពស់​នេះ​គឺ​ជា​សញ្ញា​ដំបូង​នៃ​សង្គ្រាម​ត្រជាក់​ថ្មី​មួយ​៕