ក្រុម​ឧទ្ទាម​ហ៊ូធី ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ និង​មាន​មូលដ្ឋាន​នៅ​ប្រទេស​យេមែន​ បាន​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​អេមី​រ៉ាត់​ អារ៉ាប់រួម (UAE) ដោយ​​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក និង​មីស៊ីល​ ធ្វើ​ឱ្យ​មាន​ការ​ផ្ទុះ​រថយន្ត​ដឹក​ប្រេង​ឥន្ធនៈ​ ១ ​គ្រឿង​ បណ្តាល​ឱ្យ​មនុស្ស​៣​នាក់ស្លាប់​​ និង​បង្ក​អគ្គីភ័យ​នៅ​ជិត​អាកាសយានដ្ឋាន​ក្រុង​អាប៊ូ ដាប៊ី​ ដែល​ជា​រាជធានី​នៃ​ប្រទេស​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ទេសចរណ៍​នៃ​តំបន់​។

ការ​វាយ​ប្រហារ​ទៅ​លើ​ UAE បាន​ធ្វើ​ឱ្យ​សង្គ្រាម​រវាង​ក្រុម​ហ៊ូធី​ និង​ក្រុម​សម្ព័ន្ធ​ភាព​យោធា​ដឹក​នាំ​ដោយ​អារ៉ាប៊ីសា អ៊ូឌីត​ ឈាន​ដល់​កម្រិត​ថ្មី​មួយ​ ហើយ​អាច​រារាំង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​តំបន់​ ខណៈ​ពេល​ដែល​អាមេរិក​ និង​អ៊ីរ៉ង់​ព្យាយាម​ចរចា​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​។

«UAE ថ្កោលទោស​ការ​វាយ​ប្រហារ​ភេរវកម្ម​នេះ​ដោយ​ក្រុម​ឧទ្ទាម​ហ៊ូធី​​លើ​តំបន់ និង​ កន្លែងស៊ីវិល​ក្នុង​ដែន​ដី​អេមី​រ៉ាត​ វា​នឹង​មិន​ចៀស​ផុត​ការ​ដាក់​ទណ្ឌកម្ម​ទេ​» ក្រសួង​ការបរទេស​ UAE បាន​និយាយ​បែប​នេះ ហើយ​បន្ត​ទៀត​ថា​៖ «UAE រក្សា​សិទ្ធិ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​ភេរវកម្ម និង​ការ​កើន​ឡើង​ឧក្រិដ្ឋកម្ម​»​។

UAE ដែល​ជា​សមាជិក​សម្ព័ន្ធ​ភាព​ខាង​លើ​ បាន​ជួយ​វឹក​ហាត់​និង​ផ្គត់ផ្គង់​អាវុធ​ឱ្យ​ក្រុម​ប្រដាប់​អាវុធ​ ដែល​ថ្មីៗ​នេះ​បាន​ប៉ះទង្គិច​ជា​មួយ​ក្រុម​ហ៊ូទី​នៅ​តំបន់​ផលិត​ឥន្ធនៈ​នៃ​ប្រទេស​យេម៉ែន​។

អ្នក​នាំ​ពាក្យ​ក្រុម​ហ៊ូធី​ ​លោក​យ៉ាយ៉ា​ សារ៉ា​បាន​និយាយ​ថា ​ក្រុម​ហ៊ូធី​​បាន​បាញ់​មីស៊ីល​ចំនួន​៥​ គ្រាប់​ និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ជា​ច្រើន​ ដើម្បី​វាយ​ប្រហារ​អាកាសយានដ្ឋាន​ក្រុង​អាប៊ូ ដាប៊ី និង​ក្រុង​ឌូបៃ​ រោងចក្រ​ចម្រាញ់​ប្រេង​ និង​«កន្លែង​រសើប​ផ្សេង​ទៀត​»​៕