សហរដ្ឋ​អាមេរិក​ ចិន​ រុស្ស៊ី​ ឥណ្ឌា ​ជប៉ុន​ និង​កូរ៉េខាងត្បូង​ សុទ្ធ​តែ​មាន​គម្រោងធ្វើ​​បេសកកម្ម​លើ​ឋាន​ព្រះចន្ទ​ក្នុង​ឆ្នាំ​២០២២​និងត​​ទៅ​មុខ​ទៀត​។​សកម្មភាព​នៃ​ការ​បាញ់​បង្ហោះ​យាន​អវកាស​ទៅ​ភព​រណប​របស់ផែ​នដី​ទាំង​នេះ​បង្ហាញ​ពី​ការ​ប្រកួត​ប្រជែង​ផ្នែក​អវកាស​ដែល​កំពុង​កើន​ឡើង​ ដើម្បី​​បង្ហាញ​ពី​សក្កានុពល​ធន​ធាន​ ឧត្តមភាព​បច្ចេក​វិទ្យា​ និង​សិរី​រុងរឿង​របស់​ជាតិ​នីមួយ​ៗ​ ជាមួយ​នឹង​សក្តានុពល​ក្នុង​ការ​ពង្រីក​ភាព​តាន​តឹង​នយោបាយ​អន្តរជាតិ​នៅ​លើ​ផែនដី​ដែល​កំពុង​កើន​ឡើង​។​

បច្ចុប្បន្ន​នេះ​ចិន​​មាន​វត្តមាន​យាន​អវកាស​របស់​ខ្លួន​លើ​ភព​ព្រះចន្ទ​ចំនួន២​ដងដែល​រួម​មាន​​យាន​ចុះ​ចត​Chang’e 4 ​​និង​យាន​រុក​រក​Yutu 2 ​​ដែល​​​យានទាំ​ង​២កំ​ពុង​ធ្វើការ​ពិសោធ​វិទ្យាសាស្ត្រ​អំពី​ភព​នេះ​។​ការ​ប្រណាំង​ដើម្បី​បង្កើត​វត្តមាន​លើ​ភព​ព្រះចន្ទ​រយៈ​ពេល​វែង​ ជំរុញ​ដោយ​កត្តា​នយោបាយ​ សេដ្ឋកិច្ច ​និង​យោធា​ ជា​ពិសេស​រវាង​ចិន​ រុស្ស៊ី ​និង​អាមេរិក​។​ ​

​​យ៉ាង​ណា​មិញ​លោក ​Malcolm Davis ​អ្នក​វិភាគ​ជាន់​ខ្ពស់​ និង​ជា​អ្នក​ឯកទេស​ខាង​អវកាស​នៅ​វិទ្យាស្ថាន​គោល​នយោបាយ​យុទ្ធសាស្ត្រ​អូស្ត្រាលី ​(ASPI) ​​និយាយ​​ប្រាប់​​កាសែត​​Nikkei Asia​​ថា​សហរដ្ឋ​អាមេរិក​ និង​ចិន​មិន​ទាន់​ស្ថិត​ក្នុង​ការ​ប្រណាំង​អវកាស​ជាមួយ​គ្នា​នា​ពេល​បច្ចុប្បន្ន​នៅ​ឡើយ​ទេ​។​

ប៉ុន្តែ​លោក​​ស្នើ​ថា​ វា​អាច​នឹង​ផ្លាស់​ប្តូរ​ ប្រសិន​បើ​ផែនការ​របស់​អាមេរិក​ កាន់​តែ​យឺត​យ៉ាវ​បន្ថែម​ទៀត​ ហើយ​ចិន​បង្កើន​ល្បឿន​របស់​ខ្លួន​ ដោយ​មើល​ឃើញ​ថា​«​ឱកាស​ដើម្បី​វ៉ា​ដាច់​ការ​ជោគជ័យ​របស់​សហរដ្ឋ​អាមេរិក​»​។​លោក ​​Davis ​​​និយាយ​ថា​៖​ «​វា​នឹង​មាន​កិត្យានុភាព​ដ៏​ធំ​សម្រាប់​ចិន​ ប្រសិន​បើ​ប្រទេស​នេះ​យក​ឈ្នះ​សហរដ្ឋ​អាមេរិក​លើ​បេសកកម្ម​ឋាន​ព្រះចន្ទ​វិញ​»​​​។

សម្រាប់​ពេល​នេះ ​សហរដ្ឋ​អាមេរិក​នៅ​តែ​នាំ​មុខ​ខណៈ​​​កម្មវិធី​Artemis ​របស់​អង្គការ​ណាសា​ត្រូវ​បាន​រៀប​ចំ​សម្រាប់​ការ​បាញ់​បង្ហោះ​លើក​ដំបូង​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ​ ជាមួយ​នឹង​យាន​បាញ់​បង្ហោះ​​Space Launch System ដ៏​ធំ​​សម្បើម​ ដោយ​សារ​តែ​ការ​បង្ហោះ​យាន​អវកាស​Orion ​ដែល​​គ្មាន​នាវិក​​ចូល​ទៅ​ក្នុង​គន្លង​ព្រះចន្ទ​។​

កម្ម​វិធី​​នេះ​​នឹង​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​បេសកកម្ម​ទី​២ ​Artemis ​ដែល​នឹង​បញ្ជូន​អវកាស​យានិក​ទៅ​ប្រតិបត្តិការ​ហោះហើរ​អវកាស​លើ​ឋាន​ព្រះចន្ទ​។​ បន្ទាប់​មក​គឺ​​បេសក​កម្ម​​Artemis III​​ដែល​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​សម្រាប់​ការ​រុក​រក​ និង​កិច្ច​សហការ​របស់​រដ្ឋាភិបាល​ជាមួយ​«​មហា​សេដ្ឋី​អវកាស​»​ជាច្រើន​រូប​។ បេសកកម្ម​នេះ​គ្រោង​នឹង​ភ្ជាប់​ជាមួយ​រ៉ុក្កែត​SpaceX Starship ​ដែល​អាច​ប្រើ​ឡើង​វិញ​បាន​​របស់​លោក​Elon Musk ​ដែល​នឹង​ត្រូវ​កំណត់​សម្រាប់​ការ​ហោះហើរ​គន្លង​ដំបូង​របស់​វា​នៅ​ឆ្នាំ​នេះ​។​ ប្រសិន​បើ​អ្វី​ៗដំណើរការ​ទៅ​តាម​ផែនការ​ នោះ ​Artemis III ​នាំ​មនុស្ស​​​នៅ​លើ​ដី​របស់​ភព​ព្រះចន្ទ​លើក​ដំបូងចា​ប់​តាំង​ពី​ឆ្នាំ​១៩៧២​មក​។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​Artemis III ​ត្រូវ​បាន​ពន្យារ​ពេល​ទៅ​យ៉ាង​ហោច​ណាស់​ឆ្នាំ​២០២៥​។ ​សវនកម្ម​របស់​អង្គការ​ណាសា​ដែល​​បោះពុម្ព​ផ្សាយ​ក្នុង​ខែ​វិច្ឆិកា​​ព្រមាន​ថា​ការ​ចុះ​ចត​អាច​យឺត​ច្រើន​ឆ្នាំ​ដោយ​សារ​តែ​ការ​លំបាក​ផ្នែក​បច្ចេកទេស​ និង​ការ​ពន្យារ​ពេល​កើន​ឡើង​ដោយ​សារ​ជំងឺ​រាត​ត្បាត​កូវីដ-១៩​។​​

លោក​Davis ​ព្រមាន​ថា​ ការ​បែង​ចែក​នយោបាយ​ក្នុង​ស្រុក​របស់​អាមេរិក​ ក៏​អាច​ធ្វើ​ឱ្យ​មាន​ការ​លំបាក​បន្ថែម​ទៀត​ក្នុង​ការ​រក្សា​យុទ្ធសាស្ត្រ​ដែល​ស៊ី​ចង្វាក់​គ្នា​ផង​ដែរ​។​ ហើយ​ប្រសិន​បើ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​នា​ពេល​អនាគត​​ សម្រេច​ចិត្ត​ដក​សិទ្ធិ​បណ្តាក់​ទុន​លើស​ពី​ស្រទាប់​បរិយាកាស​Stratosphere ​នោះ ​ចិន​ និង​រុស្ស៊ី​អាច​ក្លាយ​ជា​តួអង្គ​អវកាស​លេច​ធ្លោ​ហើយ​ប្រទេស​ទាំង​២​នឹង​សរសេរ​ច្បាប់​ឱ្យ​សម​នឹង​ខ្លួន​ពួក​គេ​។​

នា​ពេល​នេះ ​ចិន​ហាក់​ដូច​ជា​ផ្តោត​លើ​ការ​បញ្ចប់​ការ​សាង​សង់​ស្ថានីយ​អវកាស​Tiangong​របស់​ខ្លួន​នៅ​ក្នុង​គន្លង​ផែនដី​ទាប​នៅ​ឆ្នាំ​នេះ​។ ​បន្ទាប់​មក​ ចិន​គ្រោង​នឹង​ងាក​ទៅ​រក​ការ​ធ្វើ​ដំណើរ​ទៅ​ឋាន​ព្រះចន្ទ​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​២០៣០​។​ចិន​មាន​មហិច្ឆតា​បញ្ជូន​មនុស្ស​ឡើង​ភព​ព្រះចន្ទ​ចំនួន​បី​ដែល​​គ្រោង​ទុក​ក្នុង​ទសវត្សរ៍​នេះ​ រួម​ទាំង​តាម​រយៈ​បេសកកម្ម​Chang''e 8 ក្នុង​ឆ្នាំ​២០២៧​។ យោង​តាម​កាសែត​រដ្ឋ​ចិន​Global Times ​បេសកកម្ម​នេះ​​នឹង​សាង​សង់​សំណង់​ចម្បង​សម្រាប់​ស្ថានីយស្រាវជ្រាវ​លើ​ភព​ព្រះចន្ទ​អន្តរ​ជាតិ​ (ILRS) ​ដែល​បង្កើត​​ឡើង​រួម​​ជាមួយ​​រុស្ស៊ី។​

លោក​JunyaTerazono​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​ភព​ផែនដី​ជប៉ុន​​និយាយ​ថា​៖​ «​ចិន​កំពុង​គិត​យ៉ាង​ច្បា​ស់អំពី​របៀប​បញ្ជូន​អវកាសយានិក​ទៅ​កាន់​ផ្ទៃ​ព្រះចន្ទ​ មុន​ពេល​ដែល​សហរដ្ឋ​អាមេរិក​ធ្វើ​។​នៅ​ពី​ក្រោយ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បែប​នេះ​គឺ​ជា​គោលដៅ​ដើម្បី​ក្លាយ​ជា​ប្រទេស​លេខ​១​ខាង​​បច្ចេក​វិទ្យា​ក្រោម​ចក្ខុ​វិស័យ​‘​ផលិត​នៅ​ប្រទេស​ចិន​’​ ក្នុង​ឆ្នាំ​ ២០២៥​»​​​។

លោក​និយាយ​ថា​ចក្ខុវិស័យ​នោះ​គឺ​ជា​ផែនការ​របស់​ទីក្រុង​ប៉េកាំងក្នុ​ង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ផលិត​ និង​សម្រេច​បាន​នូវ​ភាព​គ្រប់​គ្រាន់​ដោយ​ខ្លួន​ឯង​​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ដូច​ជា​មនុស្ស​យន្ត​ និង​ឧបករណ៍​អវកាស​ជា​ដើម​។​

លោក​Davis ​​និយាយ​ថា​៖​ «​មាន​ហេតុផល​មួយ​ចំនួន​ដើម្បី​ត្រលប់​ទៅ​ឋាន​ព្រះចន្ទ​នា​ពេល​ឥឡូវ​នេះ​»​។​​អ្នក​ឯកទេស​ខាង​អវកាស​រូប​នេះ​​និយាយ​ថា​ ការ​រក​ឃើញ​ទឹកកក​នៅ​លើ​ភព​ព្រះចន្ទ​អាច​ជួយ​ទ្រទ្រង់​សកម្មភាព​របស់​មនុស្ស​នៅ​លើ​ និង​ជុំ​វិញ​ព្រះចន្ទ​។​​ លោក​​បន្ថែម​ថា​ ទឹក​ក៏​អាច​បំបែក​តាម​រយៈ​អេឡិចត្រូលីស៊ី​ស ​ (Electrolysis) ​ទៅ​ជា​អ៊ីដ្រូហ្ស៊ែន​ ​និង​អុកស៊ីហ៊្សែន​ ដែល​នៅ​ពេល​បញ្ចូល​គ្នា​ អាច​ប្រើ​ជា​ឥន្ធនៈ​របស់​រ៉ុក្កែត​ សម្រាប់​បេសកកម្ម​ទៅ​កាន់​ភព​អង្គារ​ និង​​​ភ​ព​ក្នុងរបស់​​ប្រព័ន្ធ​​ព្រះ​អាទិត្យ​​ផ្សេង​ទៀត​។​​

លោក​Davis​និយាយ​ទៀត​ថា ​ការ​ទាក់​ទាញ​មួយ​ទៀត​គឺ​វត្តមាន​របស់​Helium-3​ដែល​ជា​អ៊ីសូតូប​ត្រូវ​ការ​សម្រាប់​ថាមពល​នុយក្លេអ៊ែរ​។​ ចំណាប់​​អារម្មណ៍​​ជា​​ច្រើន​​ទសវត្សរ៍​​ក្នុង​​ការ​​លាយ​​បញ្ចូល​​​គ្នា​​​កើន​​ឡើង​​​នៅ​​ទូទាំង​​ពិភព​លោក ​ខណៈ​​អ្នក​​តស៊ូ​​មតិ​​​​និយាយ​​​ថា​ វា​​ជា​​ទម្រង់​​ថាមពល​​អាតូមិក​​ដែល​​មាន​​សក្ដានុពល​​ជាង​ មាន​​និរន្តរភាព​​ជាង​ និង​​គ្មាន​​ដែន​​កំណត់​។​

លោក​Sun Kwok ​​ជា​តារា​វិទូ​ និង​ជា​សាស្រ្តាចារ្យ​ទទួល​បន្ទុក​នៅ​សាកល​វិទ្យាល័យ​ហុងកុង​​និយាយ​ថា​ ការ​ជីក​យក​រ៉ែ ​និង​សកម្មភាព​ពាណិជ្ជកម្ម​ផ្សេង​ទៀត​ ទំនង​ជា​​មិន​អាច​ដំណើរការ​បាន​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ទេ​។​ យ៉ាង​ណា​ក៏​ដោយ​លោក​និយាយ​ថា​៖​ «​វា​ស្ថិត​នៅ​ក្នុង​សមត្ថភាព​បច្ចេកទេស​បច្ចុប្បន្ន​របស់​យើង ​ដើម្បី​បង្កើត​ស្ថានីយ​អចិន្ត្រៃយ៍​នៅ​លើឋា​ន​ព្រះចន្ទ​ ជាមួយ​នឹង​សមត្ថភាព​ពិសេស​មួយ​​ ដើម្បី​សង្កេត​មើល​ចក្រវាឡ​និង​សិក្សា​ពី​ប្រវត្តិ​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​»​។​

សម្រាប់​​ចិន​ លោក​​ Kwok​​លើកឡើង​ថា​ប្រទេស​នេះ​ស្ថិត​នៅ​កន្លែង​​ទទួល​បាន​ជោគ​ជ័យ​ដោយ​សារឆន្ទៈ​ និង​ការ​ប្តេជ្ញា​ចិត្ត​ជាតិ​ បូក​រួម​ទាំង​ការ​ពង្រីក​ក្រុម​នៃ​ទេពកោសល្យ​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​។​ ទន្ទឹម​នឹង​នោះ​ លោក​​សង្កត់​ធ្ងន់​លើ​កិច្ច​សហប្រតិបត្តិការ​ និង​​គូស​ឱ្យ​ឃើញ​ភាព​ខុស​គ្នា​រវាង​បេសកកម្ម​នាវិក​ និង​គ្មាន​នាវិក​។​

លោក​និយាយ​ថា​៖​ «​ក្នុង​នាម​ជា​អ្នក​វិទ្យាសាស្ត្រ ​យើង​មិន​ឃើញ​ការ​វិវឌ្ឍនៃ​បេសកកម្ម​វិទ្យាសាស្ត្រ​គ្មាន​នាវិក​ជា​ ការ​ប្រណាំង​ឬ​ការ​ប្រកួត​ប្រជែង​ ប៉ុន្តែ​ជា​ឱកាស​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​។​កម្មវិធី​ដែល​មាន​នាវិក​នឹង​តែង​តែ​មាន​និន្នាការ​នយោបាយ​ ប៉ុន្តែ​​​វាមា​ន​ផល​ប៉ះពាល់​ផ្នែក​វិទ្យាសាស្ត្រ​តិច​ជាង​»​៕

ហួន​ ឌីណា​