
បាតុករកាន់បដាសរសេរថា «ប្រទេសរុស្ស៊ី របស់លោក ពូទីន គឺជាប្រទេសភេរវកម្ម»។AFP
នៅព្រំដែនខាងកើតប្រទេសអ៊ុយក្រែន កងកម្លាំងយោធាគឺកំពុងត្រៀមទប់ទល់នឹងទាហានរុស្ស៊ីជិត ១០០ ០០០ នាក់ ដែលបានប្រមូលផ្ដុំជិតនោះ ដោយរួមជាមួយរថក្រោះ កាំភ្លើងធំ និងយន្តហោះចម្បាំង។ ខណៈពេលដែលរឿងនេះកំពុងកើតឡើង មានកន្លែងមួយកំពុងព្រួយបារម្ភអំពីលទ្ធផលនៃវិបត្តិ នោះគឺកោះតៃវ៉ាន់។
ដោយរុស្ស៊ីបានព្រមានថា នឹងចាត់វិធានការ «បច្ចេកទេសយោធា» ប្រសិនបើអង្គការណាតូមិនគោរពតាមការទាមទាររបស់ខ្លួន ដែលរួមមានការសន្យាមិនអនុញ្ញាតឱ្យអ៊ុយក្រែនចូលជាសមាជិកសម្ព័ន្ធភាពយោធាលោកខាងលិច ការព្រួយបារម្ភអំពីវិបត្តិនេះបានរីករាលដាលនៅជុំវិញពិភពលោក។ ប្រជាជនតៃវ៉ាន់ជាច្រើនបានតាមដានវិបត្តិនេះ យ៉ាងជិតដិត ដោយមានជំនឿថា ក្រុងប៉េកាំងអាចចម្លងយុទ្ធសាស្ត្ររបស់រុស្ស៊ី ហើយអនុវត្តវានៅលើពួកគេ។
ប្រជាជនតៃវ៉ាន់បានកត់សម្គាល់ភាពអសកម្មរបស់លោកខាងលិចកាលពីឆ្នាំ ២០១៤ នៅពេលដែលរុស្ស៊ីកាត់យកឧបទ្វីបគ្រីមាពីប្រទេសអ៊ុយក្រែន ដោយប្រើប្រាស់កម្លាំងយោធា ហើយព្រួយថា ចិនដីគោកអាចចម្លងរស្ស៊ី។ ក្នុងរបាយការណ៍មួយកាលពីឆ្នាំ ២០១៩ ការិយាល័យសន្តិសុខជាតិរបស់កោះតៃវ៉ាន់បានលើកឡើងថា «បក្សកុម្មុយនីស្តចិនកំពុងចម្លងវិធីសាស្ត្រ ដែលរុស្ស៊ីប្រើដើម្បីកាត់យកគ្រីមា»។
អ៊ុយក្រែន និងកោះតៃវ៉ាន់គឺប្រឈមមុខនឹងស្ថានភាពស្ទើរតែត្រួតស៊ីគ្នា។
អ៊ុយក្រែន ត្រូវបានរុស្ស៊ីចាត់ទុកថា ស្ថិតនៅក្រោមដែនឥទ្ធិពលរបស់ខ្លួនដោយសារប្រទេសទាំង ២ នេះ មានបុព្វបុរសរួម និងវប្បធម៌ស្រដៀងគ្នា ហើយធ្លាប់ជាប្រទេសតែមួយក្រោមសហភាពសូវៀត។ រីឯតៃវ៉ាន់វិញ ដែលអនុវត្តអភិបាលកិច្ចដោយខ្លួនឯងចាប់តាំងពីសង្គ្រាមស៊ីវិលចិន ត្រូវបានចិនដីគោកចាត់ទុកថា ជាដែនដីរបស់ខ្លួន ហើយថ្ងៃណាមួយនឹងត្រូវរួបរួមគ្នាវិញដោយគ្រប់មធ្យោបាយ ដែលរួមទាំងការប្រើប្រាស់កម្លាំង។ ដូច្នេះវិបត្តិនៅប្រទេសអ៊ុយក្រែន អាចបង្កើតជាគំរូសម្រាប់ទំនាក់ទំនងអនាគតរវាងមហាអំណាច គំរូមួយដែលអនុញ្ញាតឱ្យមហាអំណាចទាំងនេះ ធ្វើតាមចិត្តនៅក្នុងដែនឥទ្ធិពលរបស់ពួកគេ។
កាលពីមុន ដែនឥទ្ធិពល គឺជារឿងធម្មតា ជាពិសេសក្នុងអំឡុងនៃការប្រកួតប្រជែងរវាងមហាអំណាចដូចក្នុងសង្គ្រាមត្រជាក់ ដោយមហាអំណាចទាំងនេះ ធ្វើការបែងចែកពិភពលោកជាតំបន់គ្រប់គ្រងផ្ដាច់មុខ ដោយសារពួកគេគិតថា ការធ្វើបែបនេះនឹងជួយរារាំងជម្លោះធំដុំ។ សហរដ្ឋអាមេរិក និងសហភាពសូវៀតបានទទួលស្គាល់ជាផ្លូវការនូវដែនឥទ្ធិពលទៅវិញទៅមកនៅក្នុងឆ្នាំ ១៩៤៥ នៅសន្និសីទក្រុងយ៉ាល់តា ហើយដែនឥទ្ធិពលទាំងនេះក៏ត្រូវបានលើកឡើងជានិច្ចក្នុងសន្ធិសញ្ញាសំខាន់ៗជាបន្តបន្ទាប់ រវាងភាគីទាំង ២។
នៅក្នុងសម័យក្រោយសង្គ្រាមត្រជាក់ពោរពេញទៅដោយអនុត្តរភាពអាមេរិក គំនិតនៃដែនឥទ្ធិពល គឺត្រូវបានគេបោះបង់ចោល។ បើទោះជាយ៉ាងនេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កំពុងព្យាយាមស្ដារគំនិតនេះឡើងវិញ ដោយសង្កត់ធ្ងន់ថា ប្រទេសអ៊ុយក្រែន គឺជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធការពារប្រទេសរុស្ស៊ី ហើយមិនត្រូវអនុញ្ញាតឱ្យចូលរួមក្នុងសម្ព័ន្ធភាពយោធាលោកខាងលិចទេ។ រុស្ស៊ីបានលើកឡើងថា ការចូលរួមរបស់អ៊ុយក្រែននៅក្នុងអង្គការណាតូ នឹងក្លាយជាការគំរាមកំហែងអត្ថិភាពចំពោះសន្តិសុខរបស់ខ្លួន។
អ្នកវិភាគមួយចំនួននិយាយថា ក្រុងប៉េកាំង គឺកំពុងរំពឹងថា រុស្ស៊ី នឹងអាចសម្រេចបានគោលដៅរបស់ពួកគេដោយមិនចាំបាច់ធ្វើសង្គ្រាមជាមួយសហរដ្ឋអាមេរិក ដើម្បីប្រើជាគំរូសម្រាប់ការអនុវត្តដែនឥទ្ធិពលរបស់នៅលើកោះតៃវ៉ាន់ដោយចៀសវាងសង្គ្រាមជាមួយអាមេរិក។
អ្នកវិភាគនិយាយថា ការឈ្លានពានខ្នាតធំចូលប្រទេសអ៊ុយក្រែន គឺមិនទំនងនឹងកើតឡើងទេ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការចរចារវាងរុស្ស៊ី និងសហរដ្ឋអាមេរិក។ ប្រសិនបើសហរដ្ឋអាមេរិកធ្វើការលះបង់អ្វីមួយ ដើម្បីបំពេញចិត្តរុស្ស៊ីនោះ ប្រទេសចិន នឹងកត់ត្រាការលះបង់ទាំងនោះដើម្បីការចរចាពេលអនាគត។
ផ្ទុយទៅនឹងការរំពឹងទុករបស់លោកខាងលិចថា រុស្ស៊ី និងចិននឹងប៉ះទង្គិចគ្នាជុំវិញដែនឥទ្ធិពលត្រួតស៊ីគ្នា ជាពិសេសអតីតសាធារណរដ្ឋសូវៀតនៅអាស៊ីកណ្តាលប្រទេសចិន កំពុងឈានដល់ការទទួលយកដែនឥទ្ធិពលសម្រាប់ពេលនេះ។
អ្នកជំនាញមួយចំនួនអះអាងថា ដែនឥទ្ធិពលនឹងមិនអាចចៀសបាននៅពេលដែលអនុត្តរភាពអាមេរិករលត់ ហើយឈានដល់សម័យនៃការប្រកួតប្រជែងដ៏ខ្លាំងម្ដងទៀតរវាងមហាអំណាចពិភពលោក។
ដោយពិភពលោកប្រឈមមុខនឹងការបែងចែកដោយមហាអំណាចម្ដងទៀត ស្ថានភាពនៅអ៊ុយក្រែនអាចក្លាយជាចំណុចរបត់មួយនៅក្នុងប្រវត្តិសាស្ត្រពិភពលោក៕