កាល​ពី​ថ្ងៃ​អង្គារសប្ដាហ៍នេះ​ ​រដ្ឋាភិបាល​ថ្មី​របស់​អាល្លឺម៉ង់​បាន​បង្ហាញ​សញ្ញា​ថា​ខ្លួន​អាច​បញ្ឈប់​គម្រោង​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​ Nord Stream 2 ប្រសិន​បើ​រុស្ស៊ី​ធ្វើ​ការ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ បន្ទាប់​ពី​ការ​ចរចា​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​បាន​ជាប់​គាំង​កាល​ពី​សប្ដាហ៍​មុន​។

អធិការបតី​អាល្លឺម៉ង់​លោក​អូឡាហ្វ សូល​ បាន​ជួប​ជា​មួយ​អគ្គលេខាធិការ​អង្គការ​ណាតូ​លោក​ជេន ស្ទូលធេនប៊ឺក​នៅ​ក្រុង​ប៊ែរឡាំង​ដើម្បី​ពិភាក្សា​ជំហាន​បន្ត បន្ទាប់​ពី​កិច្ច​ចរចា​រវាង​រុស្ស៊ី​​ និង​លោក​ខាង​លិច​បាន​ជាប់​គាំង​។ លោក​សូល​និយាយ​ថា​ក្រុង​ប៊ែរឡាំង​អាច​បញ្ឈប់​គម្រោង​ Nord Stream 2 ប្រសិន​បើ​រុស្ស៊ី​ធ្វើ​ការ​វាយ​ប្រហារ​។

នៅ​ថ្ងៃ​អង្គារ​ដដែល​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​លោកស្រី​អាណាលីណា​ បៀរបូក​ បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្សី​លោក​សឺហ្គេ ឡាវរ៉ូវ​នៅ​ក្នុង​ទីក្រុង​ម៉ូ​ស្គូ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​លោកស្រី​និយាយ​ថា​ការ​បញ្ឈប់​បំពង់​បង្ហូរ​ឧស្ម័ន​ ដែល​សាងសង់​នៅ​បាត​សមុទ្រ​បាល់ទិក​ដើម្បី​ផ្គត់ផ្គង់​ឧស្ម័ន​រុស្ស៊ី​ ​ទៅ​ឱ្យ​អាល្លឺម៉ង់​ និង​អឺរ៉ុប​ខាង​លិច​ គឺ​ជា​មធ្យោបាយ​មួយ​សម្រាប់​រារាំង​សកម្មភាព​របស់​ក្រុងម៉ូ​ស្គូ​។ រីឯ​លោក​ឡាវរ៉ូវ​វិញ​បាន​និយាយ​ថា​ការ​ធ្វើ​ឱ្យ​បំពង់​នេះ​ក្លាយ​ជា​រឿង​នយោបាយ​គឺ​ «ប្រឆាំង​នឹង​ផលិតភាព»​។

បំពង់​ Nord Stream 2 គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​រុស្ស៊ី​ Gazprom គឺ​​ត្រូវ​បាន​​សាងសង់​រួច​រាល់​ហើយ​ ប៉ុន្តែ​នៅ​រង​ចាំ​ការ​អនុញ្ញាត​ឱ្យ​ដំណើរការ​ពី​ប្រទេស​អាល្លឺម៉ង់​។ អ្នក​រិះគន់​គម្រោង​នេះ​បាន​និយាយ​ថា​វា​នឹង​ធ្វើ​ឱ្យ​អាល្លឺម៉ង់​ និង​អឺរ៉ុប​ខាង​លិច​កាន់​តែ​រំពឹង​លើ​ប្រទេស​រុស្ស៊ី៕​