រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​ អាន់តូនី ប៊ីនកែន​ និង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ ​លោក ​សឺហ្គេ ឡាវរ៉ូវ​ នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​ ខណៈ​ពេល​ដែល​ភាគីរដ្ឋាភិបាល​​ទាំង​ ២ ​កំពុង​ស្វែង​យល់​ថា​តើ​នៅ​តែ​មាន​ផ្លូវ​ការទូត​ ដើម្បី​បញ្ចៀស​ជម្លោះ​នៅ​អឺរ៉ុប​ខាង​កើត?​

ជំនួប​នេះ​នឹង​ព្យាយាម​បំបែក​ភាព​ជាប់​គាំង​ដែល​លេច​​ឡើង​កាល​ពី​សប្ដាហ៍​មុន​ នៅ​ពេល​ដែល​ការ​ចរចា​ជា​បន្ត​បន្ទាប់​ចំនួន​៣រវាង​រុស្សី​ និង​លោក​ខាង​លិច​បាន​បញ្ចប់​ដោយ​ការ​ជាប់​គាំង​។ ចំណុច​កកិត​បំផុត​ក្នុង​ការ​ចរចា​ជុំ​មុន​គឺ​ការ​ទាមទារ​របស់​រុស្ស៊ី​​ឱ្យ​អង្គការ​ណាតូ​ប្ដេជ្ញា​ថា​ ឈប់​ពង្រីក​សមាជិកភាព​មក​អឺរ៉ុប​ខាង​កើត​ ដែល​ជា​លក្ខខណ្ឌ​មួយ​អាមេរិក​ និង​អឺរ៉ុប​ខាង​លិច​បាន​ច្រាន​ចោល​។

សេតវិមាន​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​លោក​ប៊ី្លនកែន​ នឹង​«ជំរុញ​ឱ្យ​រុស្សី​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​» ហើយ​នឹង​ «គូស​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​នៅ​មាន​ផ្លូវ​ការ​ទូត​ទៅ​មុខ​»​។

កាល​ពី​ថ្ងៃ​អង្គារ​លោកប៊្លីនកែន​ ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ុយក្រែន​ដើម្បី​ជួប​ជាមួយ​លោក​ប្រធានាធិបតី​វ៉ុលឌីមៀរ ហ្សេលេនស្គី​ ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​អាមេរិក​។ នៅ​ថ្ងៃ​ព្រហស្បតិ៍​លោក​ប្ល៊ីន កែន​ នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់​ មុន​នឹង​បន្ត​ដំណើរ​ទៅ​ក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស​ ដើម្បី​ជួប​ជា​មួយ​លោក​ឡាវរ៉ូវ​នៅ​ថ្ងៃ​សុក្រ​។

រដ្ឋមន្ត្រី​ការបរទេស​ទាំង​២ បាន​សន្ទនា​តាម​ទូរស័ព្ទ​កាល​ពី​អង្គារ​ មុន​ពេល​លោកប៊ីន​កែន​ ​ចាប់​ផ្ដើម​ដំណើរ​។ ក្នុង​ការ​សន្ទនា​នេះ​លោក​ឡាវរ៉ូវ​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ថា ​ប្រទេស​រុស្ស៊ី​ កំពុង​ត្រៀម​ធ្វើ​ការ​ឈ្លានពាន​ ហើយ​ទទូច​ថា​ វា​អាស្រ័យ​លើ​ប្រទេស​អ៊ុយក្រែន​ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង។

ក្រសួង​ការបរទេស​អាមេរិក​មិន​បាន​បញ្ជាក់​ថា ​អ្នក​ទាំង​២ នឹង​ពិភាក្សា​អំពី​អ្វី​ទេ​ ប៉ុន្តែ​ក្រសួង​ការបរទេស​រុស្សី​រំពឹង​ថា​នឹង​ឆ្លើយ​តប​នឹង​ការ​ទាមទារ​របស់​រុស្ស៊ី​។ ក្រសួង​ការបរទេស​អាមេរិក​នៅ​មិន​និយាយ​ថា​លោក​ប្ល៊ីន​កែន​ នឹង​ធ្វើ​ការ​ឆ្លើយ​តប​ដែរ​ឬ​យ៉ា​ង​ណា​នោះទេ​?