​អង្គុយ​ទល់មុខ​គ្នា​នៅ​តុ​ដ៏​វែង​មួយ ដែល​ឆ្លុះបញ្ចាំង​ពី​ការ​ព្រួយបារម្ភ​អំពី​ជំងឺ​កូ​វីដ ​១៩ ប្រធានាធិបតី​អ៊ី​រ៉ង់ ​លោក​ អ៊ីប្រា​ហ៊ីម រ៉ៃ​ស៊ី បាន​រំឭក​ប្រាប់​ប្រធានាធិបតី​រុស្ស៊ី​លោក ​វ្ល៉ាឌី​មៀរ ពូ​ទីន កាលពី​ថ្ងៃ​ពុធ ទី ​១៩ មករា​ថា ប្រទេស​អ៊ី​រ៉ង់ បាន «​ទប់​ទល់នឹង​សហរដ្ឋ​អាមេរិក​អស់​ ៤០​ ឆ្នាំ​ហើយ​»​។​

​ខណៈពេលដែល​ឥឡូវនេះ​ប្រទេស​រុស្ស៊ី កំពុង​ធ្លាក់ចូល​កាន់តែ​ជ្រៅ​ក្នុងការ​ប្រឈមមុខ​ដាក់​គ្នា​ជាមួយ​អាមេរិក​លោក ​រ៉ៃ​ស៊ី បាន​ប្រាប់​លោក ពូ​ទីន ថា វា​ដល់ពេល​ហើយ​ ដើម្បី​ប្រឆាំងនឹង​ «​អំណាច​របស់​អាមេរិក​ជាមួយនឹង​ការបង្កើន​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ​២ ​របស់​យើង​»​។​

​លោក ​រ៉ៃ​ស៊ី ដែលជា​មេដឹកនាំ​អភិរក្សនិយមបានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល ​២ ថ្ងៃ​ទៅកាន់​ទីក្រុង​ម៉ូស្គូ​កាលពី​ថ្ងៃ​ពុធ ដែល​រៀបចំឡើង​ដើម្បី​បង្ហាញ​ពី​ការ​រឹតបន្តឹង​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង ២ ដែលមាន​ផលប្រយោជន៍ផ្ទុយគ្នា​ជា​ញឹកញាប់ និង​ប្រវត្តិ​នៃ​ទំនាក់ទំនង​ដ៏​តានតឹង ប៉ុន្តែ​បាន​ខិត​មក​ជិតគ្នា​ដោយសារ​មាន​សត្រូវ​តែមួយ គឺ​សហរដ្ឋ​អាមេរិក​។​

​សម្រាប់​លោក ពូ​ទីន ដែល​កំពុង​ប្រឈមមុខ​ជាមួយ​សហ​រដ្ឋ​អាមេរិក​ជុំវិញ​បញ្ហា​ដែន​​ឥទ្ធិពល​ជាពិសេស​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ការធ្វើ​ទស្សនកិច្ច​របស់លោក ​រ៉ៃ​ស៊ី គឺជា​ឱកាស​ដើម្បី​បង្ហាញថា រុស្ស៊ី​នៅមាន​មិត្ត​ដែល​ខ្លួន​អាច​រំពឹង​បាន​ក្នុងការ​ប្រឆាំងនឹង​លោកខាងលិច​។ ដោយ​ស្របតាម​សារ​នេះ លោក រ៉ៃ​ស៊ី គឺ​ត្រូវបាន​អញ្ជើញ​ទៅ​ថ្លែង​សុន្ទរកថា​ចំពោះមុខ​សភា​រុស្ស៊ី ដែលជា​កិត្តិយស​ដ៏​កម្រ​មួយ​សម្រាប់​មេដឹកនាំ​បរទេស​មក​ទស្សនកិច្ច​នៅ​រុស្ស៊ី​។​

​លោក​ រ៉ៃ​ស៊ី បាន​សម្ដែង​ការ​​គាំទ្រ​ចំពោះ​លោក ពូ​ទីន ​នៅក្នុង​បញ្ហា​អ៊ុយ​ក្រែ​ន ហើយ​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាន​សង្កត់​ធ្ងន់​ថា ប្រធានាធិបតី​ទាំង ​២ បាន​យល់ព្រម​លើ «​ក្របខ័ណ្ឌ​» នៃ​កិច្ចព្រមព្រៀងដែល​គ្រប់គ្រង​ការបង្កើន​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​សេដ្ឋកិច្ច និង​យោធា​។​

​ទោះជា​យ៉ាងណាក៏ដោយ គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​ត្រូវបាន​ចុះហត្ថលេខា​ជា​សា​ធា​រណៈ​នោះទេ ហើយ​ទំហំ​នៃ​ឆន្ទៈ​របស់​វិមាន​ក្រឹម​ឡាំង​ក្នុង​ការលក់​អាវុធ​ទំនើបៗ​របស់​រុស្ស៊ី​បន្ថែមទៀត​ទៅឱ្យ​អ៊ី​រ៉ង់ គឺ​នៅតែ​មិនទាន់​ច្បាស់​នៅឡើយ​។ ប៉ុន្តែ​ទន្ទឹមនឹង​ការធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​នាពេល​ខាង​​មុខ ដែល​រួមបញ្ចូល​គ្នា​នាវាចម្បាំង​ពី​រុស្ស៊ី អ៊ី​រ៉ង់ និង​ចិន វិមាន​ក្រឹម​ឡាំង​ហាក់ដូចជា​មានបំណង​ចង់​ផ្ញើ​សារ​ថា ខ្លួន​កំពុង​បន្ត​ពង្រឹង​ទំនាក់ទំនង​ថ្មី ដែល​អាច​ដើរតួ​ជា​អ្នកប្រឆាំង​លោកខាងលិច​។ អ៊ីរ៉ង់ ក៏​កំពុង​បង្ហាញ​សញ្ញា​ថា ខ្លួន​ក៏មាន​ជម្រើស​ផ្សេងទៀត​ដែរ ​ប្រសិនបើ​ទណ្ឌកម្ម​លោកខាងលិច មិនត្រូវ​បាន​ដកចេញ​។​

​លោក ពូ​ទីន បាន​ប្រាប់​លោក​ រៃ​៉​ស៊ី ថា «​នៅលើ​ឆាក​អន្តរជាតិ យើង​កំពុង​សហការគ្នា​យ៉ាង​​ជិតស្និទ្ធ​» ដោយ​កត់សម្គាល់​អំពី​ពី​វិបត្តិ​នៅក្នុង​ប្រទេស​ស៊ី​រី និង​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​បាន​សន្យាថា នឹង​នាំ​អ៊ី​រ៉ង់​ឱ្យ​កាន់តែ​ខិតជិត​ទៅនឹង​ប្លុក​ពាណិជ្ជកម្ម ដែល​ដឹកនាំ​ដោយ​រុស្ស៊ី ដែល​គេ​ស្គាល់​ថា ជា​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី​។​

​បើទោះជា​យ៉ាងនេះ ក៏ដោយ​រុស្ស៊ី និង​អ៊ី​រ៉ង់ក៏​នៅ​មានការ​​ខ្វែងគំនិត​ជាច្រើន​។ សេដ្ឋកិច្ច​រុស្សី ផ្ទុយ​ពី​សេដ្ឋកិច្ច​អ៊ី​រ៉ង់ គឺ​នៅ​ត​ភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោកខាងលិច​ បើទោះបីជា​រង​ទណ្ឌកម្ម​ជាច្រើន​ឆ្នាំ​ក៏ដោយ​។ លោក ពូ​ទីន ក៏​ចង​ចំណង​ទំ​នាក់​ទំនង​ជាមួយ​ប្រទេស​អ៊ី​ស្រា​អែល ​ផងដែរ ដែល​អ៊ី​រ៉ង់​ចាត់ទុកជា​សត្រូវ​របស់​ខ្លួន​។ នៅ​ក្រុង​វី​យែ​ន រុ​ស្សុី កំពុង​ធ្វើ​ការ​ជាមួយ​អាមេរិក និង​អឺរ៉ុប​ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នុយ​ក្លេ​អ៊ែរ ដែល​នឹងដាក់​កម្រិត​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ី​រ៉ង់​។​

​ទោះជា​យ៉ាងណា នៅពេលដែល​ជម្លោះ​រវាង​រុ​ស្សុី​ជាមួយ​លោកខាងលិច​កាន់តែ​តានតឹង មន្ត្រី​រុស្ស៊ី​មាន​ឆន្ទៈ​កាន់តែខ្លាំង​ឡើង​ក្នុងការ​មើលរំលង​ការ​​ខ្វែងគំនិត​ទាំងនោះ ហើយ​លោក​ប្រធានាធិបតី អ៊ី​ប្រា​ហ៊ីម រ៉ៃ​ស៊ី បានបង្ហាញ​ការគាំទ្រ​ដល់​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយនឹង​រុ​ស្សុី បើទោះបីជា​មិនសូវមាន​ការគាំទ្រ​នៅក្នុង​ចំណោម​សាធារណជនអ៊ី​រ៉ង់​ក៏ដោយ​៕

វីដេអូ៖