អ្នកវិទ្យាសាស្ត្រ កំពុង​តាម​ដាន​យ៉ាង​ដិតដល់​លើ​បំប្លែង​វ៉ា​រ្យ៉​ង់​រង​ដែល​បាន​រកឃើញ​ថ្មីៗ​ចេញពី​វ៉ា​រ្យ៉​ង់អូ​មី​ក្រុង ដើម្បី​កំណត់​ពី​របៀប​នៃ​ការកកើត​នៃ​វ៉ា​រ្យ៉​ង់​នេះ ហើយ​ចង់ដឹងថា តើ​ការកើត​របស់​វា​អាច​ប៉ះពាល់​​ដល់​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​នាពេល​អនាគត​ ឬ​យ៉ាងណា​។ នេះ​បើតាម​ឱ្យដឹងពី​សារព័ត៌មាន Al Jazeera​។

​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង បានក្លាយ​ទៅជា​ប្រភេទ​មេរោគ​លេចធ្លោ​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ប៉ុន្តែ​អាជ្ញាធរ​សុខាភិបាល​អង់គ្លេស បានកំណត់​អត្តសញ្ញាណ​បំប្លែង​វ៉ា​រ្យ៉​ង់​រង​ដទៃទៀត​រាប់​​រយ​ករណី​ដែលមាន​ឈ្មោះថា BA.2 ខណៈដែល ទិន្នន័យ​អន្តរជាតិ​បង្ហាញថា វា​អាច​រីក​​រាលដាល​យ៉ាង​ឆាប់រហ័ស​។​

​ទីភ្នាក់ងារ​សន្តិសុខ​សុខភាព​របស់​ចក្រភព​អង់គ្លេស (UK- HSA) បានកំណត់​ករណី​ច្រើនជាង ៤០០​ ករណី​នៅក្នុង​ចក្រភព​អង់គ្លេស​ក្នុង​រយៈពេល ១០ ​ថ្ងៃ​ដំបូង​នៃ​ខែ​នេះ ហើយ​បានបង្ហាញ​ពី​វ៉ា​រ្យ៉​ង់​ចុងក្រោយ​បំផុត​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រទេស​ចំនួន​ ៤០ ផ្សេង ទៀត ដែល​គិត​ជា​ករណី​ភាគ​​ច្រើន​នៃ​ករណី​ថ្មីៗ​បំផុត​នៅក្នុង​ប្រទេស​មួយចំនួន រួមទាំង ឥណ្ឌា ដា​ណឺ​ម៉ាក និង​ស៊ុយ អែ​ត​។​

​ភ្នាក់ងារ UKHSA បានបង្ហាញ​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​បានកំណត់​អម្បូរ ​BA.2 ជា​វ៉ា​រ្យ៉​ង់​នៅក្រោម​ការស៊ើបអង្កេត (VUI) ដោយសារ​ករណី​របស់​វា​កំពុង​កើនឡើង ទោះបីជា​នៅក្នុង​ប្រទេស​អង់គ្លេស អម្បូរ​ BA.1 បច្ចុប្បន្ន​កំពុងតែ​លេចធ្លោ​ក៏ដោយ​។​

​អាជ្ញាធរក៏បាន​គូសបញ្ជាក់ថា​៖ «​នៅតែមាន​ភាពមិនច្បាស់លាស់​ជុំវិញ​សារៈសំខាន់​នៃ​ការផ្លាស់ប្តូរ​ហ្សែ​៊​ន មេរោគដែល​តម្រូវឱ្យ​មានការ​ឃ្លាំមើល ខណៈដែល​ករណី​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​បានបង្ហាញ​ពី​ការ​​កើនឡើង​យ៉ាងខ្លាំង​នៃ ឧប្បត្តិ​​ហេតុ​អម្បូរ​ BA.2 ជាពិសេស​នៅក្នុង​ប្រទេស​ឥណ្ឌា និង​ដា​ណឺ​ម៉ាក​»​។​

​លោក Antoine Flahault ​អ្នកជំនាញ​ខាង​រោគរាតត្បាត​ជនជាតិ​បារាំង​បាន​ប្រាប់​ទី​​ភ្នាក់ងារ​ព័ត៌មាន​ AFP ថា​៖ «​អ្វីដែល​ធ្វើឱ្យ​យើង​ភ្ញាក់ផ្អើល គឺ​ភាព​រហ័ស ដែល​បម្រែបម្រួល​​រង​នេះ​កំពុង​ចរាចរ​ក្នុង​កម្រិត​ដ៏​ធំធេង​ក្នុង​ទ្វីបអាស៊ី ហើយ​បាន​កាន់កាប់​ដល់​ប្រទេស​ដា​ណឺម៉ាក​»​។​

​អ្នកវិទ្យាសាស្ត្រ​ត្រូវតែ​វាយ​​តម្លៃ​ពី​របៀប​ដែល​មេរោគ​បន្ត វិ​វ​ឌ្ឍ និង​ផ្លាស់ប្តូរ​។ ការចាប់​​កំណើត​ចុងក្រោយ​បំផុត​របស់​វា មិនមាន​ការផ្លាស់ប្តូរ​ជាក់​​លាក់​ណាមួយ ដើម្បី​ប្រើ​សម្រាប់ ការតាមដាន និង​ប្រៀបធៀប​អម្បូរ BA.1 ជាមួយ​វ៉ា​រ្យ៉​ង់​ដែល​តា​ដែលជា​ប្រភេទ​ដែល​លេចធ្លោ​ពីមុន​នោះទេ​។​

​អម្បូរ ​BA.2 មិនទាន់​ត្រូវបាន​កំណត់ថា ជាការ​ប្រែប្រួល​នៃ​ការព្រួយបារម្ភ​នៅឡើយ​ទេ ប៉ុន្តែ​លោក Flahault និយាយថា ប្រទេស​នានាត្រូវតែមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​វិ​វ​ឌ្ឍ​ចុងក្រោយ​បំផុត ខណៈដែល​អ្នកវិទ្យាសាស្ត្រ​បង្កើន​ការឃ្លាំមើល​។​

​លោក​បានឱ្យដឹងថា​៖ «​ប្រ​ទេស​បារាំង រំពឹងថា នឹងមាន​ការកើនឡើង​នៃ​ការចម្លង​រោគ​នៅ​ពាក់កណ្តាល​ខែមករា​។ វា​មិនបាន​កើតឡើង​ទេ ហើយ​ប្រហែលជា​ដោយសារតែ​ប​ម្រែ​​ប​ម្រួ​ល​វ៉ា​រ្យ៉​ង់​។​

«​វ៉ា​រ្យ៉​ង់​រង​នេះ ដែល​ហាក់ដូច​​ជា​អាច​ឆ្លង​បាន ប៉ុន្តែ​មិនមាន​មេរោគ​ខ្លាំង​ជាង​អម្បូរ ​BA.1 នេះ​ទេ​»​។

​ទីភ្នាក់ងារ​សុខភាព​សា​ធារ​ណៈ​របស់​ប្រទេស​បារាំង បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​៖ «​អ្វីដែល​យើង​ចាប់អារម្មណ៍​គឺ​ប្រសិនបើ [​បម្រែបម្រួល​វ៉ា​រ្យ៉​ង់​រង​] មាន​លក្ខណៈខុសៗ​គ្នា​ពី​អម្បូរ​ BA.1 ទាក់ទង​នឹង​ការឆ្លង និង​ភាព​ធ្ងន់ធ្ងរ​»​។​

​មកទល់នឹង​ពេលនេះ ករណី BA.2 មួយ​ក្តាប់​តូច បាន​លេចឡើង​នៅក្នុង​ប្រទេស​បារាំង ប៉ុន្តែ​ប្រទេស​នេះ​កំពុង​តាមដាន​ការវិវឌ្ឍ​នៅពេលដែល​ពួកគេ​បាន​រីក​រាលដាល​ពាសពេញ​តំបន់​។​

​លោក Flahault ​នាយក​វិទ្យាស្ថាន​សុខភាព​សកល​នៃ​សាកលវិទ្យាល័យ​ហ្សឺ​ណែវ​និយាយថា ពាក្យ​ឃ្លាំមើល​មិន​ភ័យ​ស្លន់ស្លោ​ទេ ប៉ុន្តែ​យើង​ត្រូវមាន​ភាព​ប្រុងប្រយ័ត្ន ព្រោះថា សម្រាប់​ពេលនេះ យើង​កំពុង​ឃ្លាំមើល​ករណី BA.2 ធ្ងន់ធ្ងរ ដើម្បី​ធ្វើការ​ប្រៀបធៀប​ទៅនឹង​ករណី​អូ​មី​ក្រុង​ដើម​។ យ៉ាងណា​​មិញ យើង​នូវមាន​មន្ទិល​ច្រើន​ទាក់ទិន​នឹង​វ៉ា​រ្យ៉​ង់​រង​ទាំងនេះ​។

​លោក Tom Peacock អ្នក​​ជំនាញ​ខាង​មេរោគ​នៅ​មហា​​វិទ្យាល័យ ​Imperial College ទីក្រុង​ឡុង​ដ៍បានសរសេរថា​៖ «​ការសង្កេត​ដំបូង​បំផុត​ពី​ប្រទេស​ឥណ្ឌា និង​ដា​ណឺ​ម៉ាក បង្ហាញថា មិនមាន​ភាពខុស​​ប្លែក​គ្នា​យ៉ាងខ្លាំង​នៅក្នុង​ភាព​​ធ្ងន់ធ្ងរ​របស់​វា​ទេ បើ​ប្រៀបធៀប​ទៅនឹង​អម្បូរ ​BA.1»​។​

​លោក​ Peacock បាន​បន្ត​ថា​៖ «​ទំនង​ជាមាន​ភាពខុស​​ប្លែក​គ្នា​តិចតួច​ក្នុង​ប្រសិទ្ធភាព​វ៉ាក់សាំង​ប្រឆាំងនឹង BA.1 និង BA.2​។ ខ្ញុំ​មិន​ប្រាកដថា អម្បូរ BA.2 នឹងមាន​ឥទ្ធិពល​ខ្លាំង​លើ​រលក​អូ​មី​ក្រុង​បច្ចុប្បន្ន​នៃ​ជំងឺ​រាតត្បាត​នេះ​ទេ​»៕