កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បានធ្វើ​ការអះអាង​ថា ក្រុង​មូ​៉​ស្គូកំពុង​រៀបចំ​ផែនការ​ដើម្បី​បង្កើត​របប​គាំទ្រ​រុ​ស្សុី​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​ពួកគេ​បានជ្រើសរើស​បេក្ខជន​មេដឹកនាំ​រួចទៅហើយ ខណៈពេលដែល​មានការ​ព្រួយបារម្ភ​ថា រុស្ស៊ីអាចធ្វើ​ការឈ្លានពាន​។​

​សេចក្ដីថ្លែងការណ៍​ដ៏​ប្លែក​របស់​ក្រសួងការបរទេស​អង់គ្លេ​ស ដែល​ចេញ​នៅពេល​យប់​ក្នុង​ទីក្រុង​ឡុង​ដ៍ បាន​កើតឡើង​ខណៈពេល​ដែល​លោកខាងលិច និង​រុស្ស៊ី​ធ្វើ​ការចរចា​ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​។ រុស្សី​បានដាក់​ពង្រាយ​ទាហាន​ច្រើនជាង ១០០ ០០០ ​នាក់​ នៅ​តំបន់​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន​ធ្វើឱ្យមាន​ការព្រួយបារម្ភ​ថា រុស្ស៊ីអាចធ្វើ​ការវាយប្រហារ​គ្រប់ពេលវេលា​។​

«​ព័ត៌មាន​ដែល​ត្រូវបាន​ចេញផ្សាយ​នៅថ្ងៃនេះ បំភ្លឺ​អំពី​វិសាល​ភាព​នៃ​សកម្មភាព​របស់​រុស្ស៊ី ដែល​រៀបចំឡើង​ដើម្បី​ផ្ដួលរំលំ​ប្រទេស​អ៊ុយ​ក្រែ​ន និង​ជាការ​​បង្ហាញ​ការយល់ដឹង​អំពី​ការ​​គិត​របស់​វិមាន​ក្រឹម​ឡាំង​» រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោកស្រី ​លី​ស ត្រាស់ បាន​និយាយ​បែបនេះ​ក្នុង​សេច​​ក្ដី​ថ្លែងការណ៍​ខាងលើ​ហើយ​បន្តទៀតថា​៖ «​រុស្ស៊ី ត្រូវតែ​កាត់​​បន្ថយ​ភាព​តានតឹង បញ្ចប់​យុទ្ធនា​ការឈ្លានពាន និង​ព័ត៌មាន​ប្រឌិត និង​បន្តដំណើរ​ទៅរក​លទ្ធិប្រជាធិបតេយ្យ​»​។​

​ការប្រកាស​របស់​អង់គ្លេស​ជា​លើក​ទី​២ ​ក្នុង​រយៈពេល​ត្រឹម​​តែ​ជាង​ ១​ សប្តាហ៍ ដែល​មហា​​អំណាច​លោកខាងលិច​បាន​ចោទប្រកាន់​ជា​សាធារណៈថា រុ​ស្សុីបាន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​អ៊ុយ​ក្រែ​ន​។ កាលពី​ថ្ងៃទី ​១៤ អាមេរិកបាន​ចោទប្រកាន់​រុស្ស៊ី​ថា បាន​បញ្ជូន​កង​ទាហាន​ពិសេស​ទៅកាន់​ផ្នែក​ខាងកើត​អ៊ុយ​ក្រែ​ន ដើម្បី​បង្កើត​លេស​សម្រាប់​ការ​​ឈ្លានពាន​។​

​ការចោទប្រកាន់​ថ្មី​របស់​ចក្រភព​អង់គ្លេស បានផ្ដល់​ព័ត៌មាន​លម្អិត​តិចតួច​អំពី​របៀប​ដែល​រុស្ស៊ី អាចឈាន​ទៅរក​ការបង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​អ៊ុយ​ក្រែ​ន ហើយ​សេចក្ដី​ថ្លែងការណ៍​មិនបាន​និយាយថា​ តើ​ផែនការ​បែបនេះ គឺពាក់ព័ន្ធ​នឹង​ការឈ្លានពាន​ដោយ​កងទ័ព​រុស្ស៊ី ឬ​យ៉ាងណា​នោះទេ​។ មន្ត្រី​អង់គ្លេសដែល​ដឹង​ពី​ស្ថានភាព​នេះ បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា ចេតនា​ទាំង​ ២ ​នៃ​សេចក្ដី​ថ្លែង​ការណ៍ គឺ​ដើម្បី​រារាំង​ការអនុវត្ត​ផែនការ​បែបនេះ និង​ផ្ដល់ដំណឹង​ដល់​រុស្ស៊ី​ថា ឧបាយកល​នេះ​ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ​។​

​មន្ត្រី​អាមេរិកបាន​និយាយថា ចារកម្ម​របស់​អង់គ្លេស​លើ​រឿងនេះ​គឺ​ត្រឹមត្រូវ​។ នៅក្នុង​សម្ព័ន្ធភាព​ចារកម្ម ដែល​គេ​ស្គាល់​ថា «​ភ្នែក ​៥» ចក្រភព​​អង់គ្លេស​មានការ​ទទួល​ខុស​​ត្រូវ​ចម្បង​ក្នុងការ​លួច​ស្ដាប់​ទំនាក់ទំនង​របស់​រុស្ស៊ី​។​

​អ្នកនាំពាក្យ​ក្រុមប្រឹក្សា​សន្តិ​សុខ​ជាតិ​អាមេរិក​លោកស្រី ​អេ​មី​លី ហ៊​ន ​ថា​៖ «​ឧបាយកល​បែបនេះ គឺ​គួរឱ្យ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ ប្រជាជន​អ៊ុយ​ក្រែ​ន​មាន​សិទ្ធិ​អធិបតេយ្យក្នុងការ​​កំណត់​អនាគត​របស់​ពួកគេ ហើយ​យើង​ឈរ​ជាមួយ​ដៃគូ​ដែល​ជាប់ឆ្នោត​តាម​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង​នៅក្នុង​អ៊ុយ​ក្រែ​ន​»​។​

​ប៉ុន្តែ​ក្រសួងការបរទេស​រុស្ស៊ី បាន​ច្រាន​ចោលការ​ចោទ​​ប្រកាន់​នេះ​យ៉ាងខ្លាំង​។

«​ការផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​ដោយ​ក្រសួង​ការ​បរទេស​អង់គ្លេស គឺជា​ភ័ស្តុតាង​មួយ​បន្ថែមទៀត ដែលថា​ប្រទេស​ណា​តូ ដឹកនាំ​ដោយ​ជនជាតិ​អង់​គ្លូ​​សាក់សុង គឺ​កំពុង​បង្កើន​ភាព​តានតឹង​នៅ​អ៊ុយ​ក្រែ​ន​» ក្រសួងការបរទេស​រុស្សី​បាន​និយាយ​បែបនេះ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ ហើយ​បន្តទៀតថា​៖ «​យើង​អំពាវនាវ​ឱ្យ​ក្រសួងការបរទេស​អង់គ្លេស​បញ្ឈប់​សកម្មភាព​បង្កហេតុ​របស់ខ្លួន​»​។​

​អ៊ុយ​ក្រែ​ន​ស្ថិតក្នុង​ស្ថានភាព​នៃ​ការព្រួយបារម្ភ​ខ្ពស់​។ ក្នុង​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ របាយ​ការណ៍​ជាច្រើន​បាន​លេចចេញ​អំពី​ផែនការ ដែលមាន​បំណង​ធ្វើឱ្យ​រដ្ឋាភិបាល​មាន​អ​ស្ថិរ​ភាព និង​ធ្វើឱ្យ​ប្រទេស​នេះ​ធ្លាក់​ក្នុង​សង្គ្រាម​។​

​បន្ថែម​ពីលើ​ការចោទប្រកាន់​របស់​អា​មេ​រិ​ក និង​អង់គ្លេស ទីភ្នាក់ងារ​ចារកម្ម​យោធា​អ៊ុយ​ក្រែ​ន​បាន​និយាយថា រុ​ស្សុី​បាន​បញ្ជូនទាហាន​ស៊ីឈ្នួល​ទៅ​ជួយ​ក្រុម​ផ្ដាច់ខ្លួន​នៅ​ខាងកើត​ប្រទេស ហើយ​កាលពី​ខែវិច្ឆិកា ​លោក​ប្រធានាធិបតី​ វ៉ុល​ឌី​មៀរ ហ្សេ​លេន​ស្គី បាន​និយាយថា​ ទីភ្នាក់ងារ​ចារកម្ម​អ៊ុយ​ក្រែ​ន​បាន​រកឃើញ​ឧបាយកល​ធ្វើ​រដ្ឋប្រហារ​គាំទ្រ​ដោយ​រុស្ស៊ី និង​ពាក់ព័ន្ធ​សេដ្ឋី​អ៊ុយ​ក្រែ​ន ​១ ​រូប​។​

​អង់គ្លេស​មិនបាន​ផ្ដល់​ភ័ស្តុ​តាង​ដើម្បី​គាំទ្រ​ការចោទប្រកាន់ របស់​ពួកគេ​ទេ​។

​សេចក្ដីថ្លែងការណ៍​រប​ស់​អង់គ្លេសបាន​លើកឡើងថា​ រុស្ស៊ីកំពុង​ពិចារណា​ជ្រើស​​រើស​សមាជិកសភា​អ៊ុយ​ក្រែ​ន ​១ ​រូប ​ឈ្មោះ ​យ៉េ​ហ្គេ​ន​នី ម៉ូ​រ៉ា​យ៉េ​វ ​ជា​មេដឹកនាំ​របប​គាំទ្រ​រុស្ស៊ី​។ លោក​ ម៉ូ​រ៉ា​យ៉េ​វ គឺជា​អតីត​សមាជិក​នៃ​គណបក្ស​គាំទ្រ​រុស្សី​របស់​អតីត​ប្រធានាធិបតី​ វិក​ទ័​រ យ៉ា​នូ​កូ​វិច​ ដែល​បាន​ភៀសខ្លួន​ទៅ​រុស្ស៊ី បន្ទាប់ពី​ធ្លាក់​ពី​អំណាច​នៅ​ឆ្នាំ​ ២០១៤​។​

​យ៉ាងណាមិញ សេចក្ដី​ថ្លែងការណ៍​ដ៏​ប្លែក​របស់​អង់គ្លេស ដែលមាន​កង្វះ​ព័ត៌មាន​លម្អិត និង​ភ័ស្តុតាង បានធ្វើឱ្យ​អ្នក​រិះគន់​គិតថា នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក ​បូរី​ស ច​ន​សុន​ កំពុង​ប្រើប្រាស់​ភាព​តានតឹង​ជាមួយនឹង​រុស្ស៊ី ដើម្បី​បង្វែរ​អារម្មណ៍​ពី​រឿងអាស្រូវ​ន​យោ​​បាយ ដែល​អាច​ទម្លាក់​លោក​ពី​អំណាច​៕