​លោកខាងលិច បាន​ព្រមាន​ដាក់ទណ្ឌកម្ម «​ដ៏​ធំ​» និង «​មិន​ធ្លាប់មាន​» ទៅលើ​ប្រទេស​រុស្ស៊ី ប្រសិន​វិមាន​ក្រឹម​ឡាំង​សម្រេច​ធ្វើការ​ឈ្លានពាន​ចូល​ដែនដី​ប្រទេស​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​ខណៈពេល​ភាព​តានតឹង​ឈានដល់​ចំណុចកំពូល អ្នកវិភាគ​មួយចំនួន​បាន​និយាយថា វិធានការ​លោកខាងលិច នឹងមិន​ប្រសិទ្ធភាព​ទៅលើ​រុស្ស៊ី ប្រសិនបើ​ក្រុង​ម៉ូស្គូ​ទទួល​ការគាំទ្រ​ពី​ប្រទេស​ចិន​។​

​នៅ​ដើមខែ​កុម្ភៈ ប្រ​ធានាធិបតី​រុស្ស៊ី លោក ​វ្ល៉ា​ឌី​មៀរ ពូ​ទីន ​នឹងធ្វើ​ដំណើរ​ទៅកាន់​ក្រុង​ប៉េកាំង ដើម្បី​ចូលរួម​ក្នុង​ពិធី​បើក​កីឡា​អូឡាំពិក​រដូវរងា ដែល​ក្នុងអំឡុង​ពេលនោះ​លោក​នឹង​ជួប​ជាមួយ​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​មួយ​ គឺ​ប្រ​ធានាធិបតី​ចិន​លោក ​ស៊ី ជីន​ភីង​។ ក្នុងការ​សន្ទនា​តាម​ទូរស័ព្ទ​កាលពី​ខែ​លោក ​ស៊ី បាន​សម្ដែងការគាំទ្រ​ចំពោះ​លោក ពូ​ទីន ​ជុំវិញ​ការទាមទារ​ធានា​សន្តិសុខ​ពី​លោកខាងលិច ដែល​រួម​មានការ​ធានាថា អ៊ុយ​ក្រែ​ន​នឹងមិន​ចូល​ជា​សមាជិក​នៃ​សម្ព័ន្ធភាព​យោធា​លោក​ខាង​​លិច​ណា​តូ​។​

​កាលពី ​១ ​ទសវត្សរ៍​មុន​ទំនាក់​​ទំនង​ដ៏​ជិតស្និត​នេះ​ គឺ​មិន​ទំនង​នឹង​កើតឡើង​ទេ ដោយ​កាល​​នោះ​រុស្សី និង​ចិន គឺជា​គូ​ប្រជែង​គ្នា​ច្រើនជាង​ដៃគូ​។ ប៉ុន្តែ​បន្ទាប់ពី​ឆ្លងកាត់​ការកើនឡើង​ភាព​តានតឹង​ជាមួយ​សហរដ្ឋអាមេរិក បានធ្វើឱ្យ​កើតមាន​ផលប្រយោជន៍ និង​ទស្សនៈ​ពិភពលោក​រួម​រវាង​ក្រុង​ម៉ូស្គូ និង​ក្រុង​ប៉េកាំង​។ ក្នុងការ​សន្ទនា​ខាងលើ​លោក​ ស៊ី បាន​ប្រាប់​លោក ពូ​ទីន ​ថា «​កម្លាំង​អន្តរជាតិ​មួយចំនួន​កំពុង​ជ្រៀតជ្រែក​តាម​អំពើ​ចិត្ត​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន និង​រុស្សី ក្រោមរូបភាព​ប្រជា​ធិ​បតេ​យ្យ និង​សិទ្ធិមនុស្ស​»​។​

​ការលើកឡើង​របស់លោក​ស៊ី​ទៅកាន់​លោក ពូ​ទីន ​បានបញ្ជាក់យ៉ាងច្បាស់​ថា មេដឹកនាំ​ទាំង​ ២​ ត្រូវបាន​បង្រួបបង្រួម​ដោយ​ជំនឿ​ថា សហរដ្ឋអាមេរិក កំពុង​រៀបចំ​ផែនការ​បំផ្លាញ និង​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​ពួកគេ ហើយ​ប្រើប្រាស់​សកម្មជន​ប្រជាធិបតេយ្យ​ជា​ឧបករណ៍ ​ដើម្បី​ធ្វើការ​ជ្រៀតជ្រែក​។ ក្នុងសម័យ​រុងរឿង​នៃ​លទ្ធិ​កុ​ម្មុយនី​ស្ត ទាំង​ក្រុង​ប៉េកាំង និង​ក្រុង​មូ​៉​ស្គូ​បាន​គាំទ្រ​បដិវត្តន៍​វណ្ណៈ​នៅ​ជុំវិញ​ពិភពលោក ប៉ុន្តែ​នៅ​សម័យ​បច្ចុប្បន្ន​ពួកគេ​បាន​ប្រែ​មក​ប្រឆាំង​ការធ្វើ​បដិវត្តន៍​។ នៅពេលដែល​ភាពចលាចល​ផ្ទុះឡើង​នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន ដែលមាន​ព្រំដែន​ជាប់​ទាំង​រុស្ស៊ី និង​ចិន ក្រុង​ម៉ូស្គូ​បាន​ចោទប្រកាន់​អាមេរិក​ថា ​បាន​ព្យាយាម​គាំទ្រ ​«​បដិវត្តន៍​ពណ៌​» ហើយ​ក្រុង​ប៉េកាំង បាន​បន្ធូរ​សារ​នេះ​។​

​រុស្សី និង​ចិន បាន​មើលឃើញថា​ បាតុកម្ម​នៅ​កា​ហ្សា​ក់​ស្ថាន ​គឺ​ស្របតាម​ពុម្ព​មួយ​។ រុស្សី​មាន​ជំនឿ​ជា​យូរ​មកហើយ​ថា ​អាមេរិក​បាន​ជួយ​បដិវត្តន៍​ម៉ៃ​ដាន​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ​កាលពី​ឆ្នាំ​២០១៤-២០១៥ ដែល​ឈានដល់​ការទម្លាក់​របប​គាំទ្រ​ដោយ​រុស្ស៊ី​។ ប្រទេស​ចិន​ ក៏បាន​និយាយថា «​កម្លាំង​​បរទេស​» ដែល​អាច​និយាយ​សំដៅទៅ​អាមេរិក គឺ​នៅ​ពីក្រោយ​នៃ​បាតុកម្ម​ក្រុង​ហុងកុង​ឆ្នាំ​ ២០១៩​។​

​ទាំង​លោក ពូ​ទីន និង​លោក​ ស៊ី បាន​ជឿជាក់ថា ភាព​ងាយ​​រងគ្រោះ​របស់​ពួកគេ​ចំពោះ «​បដិវត្តន៍​ពណ៌​» គឺ​ដោយសារ​គុណវិបត្តិ​ក្នុង​សណ្ដាប់ធ្នាប់​ពិភពលោក ពោលគឺ​របៀប​ដំណើរការ​នៃ​ប្រព័ន្ធ​ន​យោ​បាយ​ពិភពលោក​នាពេល​បច្ចុប្បន្ន​។ ជាហេតុ​ធ្វើឱ្យ​ប្រ​​ទេស​ទាំង ​២ ព្យាយាម​បង្កើត​សម័យថ្មី​មួយ​ក្នុង​នយោបាយ​ពិភពលោក​ ដើម្បី​បំពេញ​ផលប្រយោជន៍​របស់​ពួកគេ តាម​ទស្សនៈ​របស់​មេដឹកនាំ​ទាំង ​២ ​នាបច្ចុប្បន្ន​នេះ​។​

​អ្វីដែល​ចិន និង​រុស្ស៊ី​ប្រឆាំង​ក្នុង​ប្រព័ន្ធ​នយោបាយ​ពិភព​លោក​នាពេល​បច្ចុប្បន្ន​នោះ ​គឺ​គំនិត «​ឯក​ប៉ូល​និយម​» ដែល​ពួកគេ​និយាយថា បានផ្ដល់​អំណាច​លើសលប់​ទៅឱ្យ​សហរដ្ឋ​អាមេរិក​។ ពាក្យ​ថា «​ឯក​​ប៉ូល​និយម​» ត្រូវបាន​គេ​ប្រើប្រាស់​ជា​លើកដំបូង​បន្ទាប់ពី​ការដួលរលំ​នៃ​សហភាព​សូ​វៀត ដែល​ពេលនោះ​នៅសល់​មហាអំណាច​តែមួយគត់​គឺ​សហរដ្ឋអាមេរិក​។

​គោលការណ៍ «​ឯក​ប៉ូល​​និយម​» បានអនុញ្ញាត​ឱ្យ​អាមេរិក​ធ្វើ​សកម្មភាព​ដោយ​មិនមាន​ការប្រឆាំង​។ នេះ​ គឺ​ចាប់ផ្ដើម​ដោយ​សង្គ្រាម​ជាមួយ​អ៊ី​រ៉ា​ក់នៅ​ឆ្នាំ ​១៩៩១ និង​ការ​​អន្តរាគមន៍​ជា​បន្តបន្ទាប់​ក្នុង​សង្គ្រាមស៊ីវិល​នៅ​ជុំវិញ​ពិភព​លោក​។ បន្ទាប់​ការវាយប្រហារ​ភេរវកម្ម​នៅ​ឆ្នាំ ​២០០១ អា​​មេ​រិ​កបាន​ដឹកនាំ​ការ​ឈ្លា​នពាន​ចូល​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ហើយ​បាន​ឈ្លានពាន​ប្រទេសអ៊ី​រ៉ា​ក់នៅ​ឆ្នាំ​ ២០០៣​។​

​បន្ថែម​ពីលើ​នេះ​ចិន និង​រុស្ស៊ី​ក៏​មើលឃើញ​អាមេរិក​ គឺ​កំពុង​ផ្សព្វផ្សាយ​គំនិត​លោក​ខាង​​លិច​មក​ខាងកើត​ផងដែរ ដែល​ពួកគេ​និយាយថា​អាច​ប៉ះពាល់​ទៅដល់​វប្បធម៌​របស់​ពួកគេ​។​

​ទោះជា​យ៉ាងណាក្ដី ការ​​បរាជ័យ​របស់​អាមេរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ត្រូវ​បានបង្ហាញ​យ៉ាងច្បាស់​ដោយ​ការ​​ជម្លៀស​ដ៏​ចលាចល បានធ្វើ​រុស្សី​ជឿជាក់ថា​ «​ឯក​ប៉ូល​និយម​» របស់​អាមេរិក​ គឺ​កំពុងតែ​បែកបាក់​ហើយ​។​

​រុស្សី និង​ចិន​មានបំណង​ប្រកាន់​យកគំនិត «​ពហុ​ប៉ូល​​និយម​» ដោយ​ពួកគេ​នឹង​បង្កើត​ដែន​ឥទ្ធិពល​ក្នុង​តំបន់​របស់​ពួកគេ ហើយ​អាមេរិក​ត្រូវតែ​គោរព​ដែន​ឥទ្ធិពល​ទាំងនេះ ដោយ​ឈប់​ព្យាយាម​ជ្រៀត​ជ្រែកចូល​កិច្ចការ​ក្នុង​ដែន​ទាំងនេះ​៕