ក្រុមហ៊ុន​បច្ចេក​វិទ្យា​របស់​ជប៉ុន ​Glory ​កំពុង​សាក​ល្បង​ប្រព័ន្ធ​ទូទាត់​ប្រាក់​ដោយ​មិន​ប៉ះ​ដៃ​ដោយ​សម្គាល់​មុខ​អតិថិជន​ ទោះ​បី​ជា​ពួក​គេ​ពាក់​ម៉ាស់​ក្ដី​។​

អភិបាល​ក្រុង​ Niigata ​លោក​ Yaichi Nakahara ​គឺ​ជា​អ្នក​ដំបូង​គេ​ដែល​សាកល្បង​ប្រព័ន្ធ​នេះ​​ នៅ​ពេល​កម្មវិធី​​ចាប់​ផ្តើម​បើក​ដំណើរការ​កាល​ពី​ពាក់​កណ្ដាល​ខែ​មករា​។​ លោក​និយាយ​ថា​៖​ «​វា​លឿន​ជាង​អ្វី​ដែល​ខ្ញុំ​គិត​ទៅ​ទៀត​។​ខ្ញុំ​ចង់​ឱ្យ​មនុស្ស​ទទួល​បាន​បទ​ពិសោធ​ភាព​ងាយ​ស្រួល​នៃ​បច្ចេកវិទ្យា​ទំនើប​តាម​រយៈ​សេវាកម្ម​ប្រចាំ​ថ្ងៃ​»។​

ជាមួយ​នឹង​ប្រព័ន្ធ​BioPay​របស់​Glory ​នៅ​ពេល​ដែល​អ្នក​ប្រើ​ប្រាស់​ចុះ​ឈ្មោះ​«​មុខ​»​ និង​ព័ត៌មាន​កាតឥណទាន​នៅ​លើ​គេហទំព័រ​ ពួក​គេ​អាច​បញ្ចប់ការ​ទិញ​ក្នុង​រយៈពេល​ត្រឹម​តែ១​វិនាទី​ ឬ២​វិនាទី​ ដោយ​គ្រាន់​តែ​ឈរ​នៅ​ពី​មុខ​ថេប្លេត​។​​BioPay​ត្រូវ​បាន​ដំឡើង​នៅ​ហាង ​និង​ភោជនីយ​ដ្ឋាន​ចំនួន​១០​ នៅ​ក្រុង​Niigata ​ក្នុង​អ្វី​ដែល​ក្រុម​ហ៊ុន​មាន​គោល​បំណង​ប្រែ​ក្លាយ​ទៅ​ជា​«​របៀប​ដើរ​ទិញ​ឥវ៉ាន់​ដោយ​មិន​ប្រើ​ដៃ​»​។​

ក្រុម​ហ៊ុន​Glory ​និយាយ​ថា​ នេះ​គឺ​ជា​ការ​សាក​ល្បង​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ជប៉ុន​។​​Glory ​កំពុង​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​ការ​ឧបត្ថម្ភធន​ដែល​ផ្តល់​ដោយ​ក្រុង​Niigata ​សម្រាប់​កម្មវិធី​សាកល្បង​បច្ចេកវិទ្យា​នានា​ដូច​កម្មវិធី​នេះ​។​ ក្រុម​ហ៊ុន​ និង​អាជ្ញាធរ​មូលដ្ឋាន​មាន​បំណង​លើក​ទឹក​ចិត្ត​ឱ្យ​អាជីវកម្ម​ឆ្ពោះ​ទៅ​រក​ឌីជីថល​ដើម្បី​ធ្វើ​ឱ្យ​ប្រតិបត្តិការ​កាន់​តែ​រលូន​ និង​មាន​ប្រសិទ្ធ​ភាព​ជាង​មុន​។​

ក្រុម​ហ៊ុន​Glory ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ​១៩១៨​ដែល​មាន​ឯកទេស​ក្នុង​ការ​ជួស​ជុល​ឧបករណ៍​ផលិត​អំពូល​ភ្លើង​។​ ឥឡូវ​នេះ​ ម៉ាស៊ីន​ទូទាត់​សាច់​ប្រាក់​ និង​សេវាកម្ម​ទូទាត់​ប្រាក់​របស់​ក្រុម​ហ៊ុន​មាន​នៅ​ក្នុង​ធនាគារ​ និង​អា​ជីវករ​លក់​រាយ​ជាង​១០០​ប្រទេស​៕

ហួន​ ឌីណា​