ចិន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ចំនួន ៣៩ គ្រឿង ​ចូល​ទៅ​ក្នុង​តំបន់​ការពារ​ដែនអាកាស​តៃវ៉ាន់ (ADIZ) កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ស្រប​ពេល​ដែល​មាន​វត្តមាន​កងទ័ព​អាមេរិក​នៅ​ក្បែរ​ៗ​ដែនដី​កោះ​តៃវ៉ាន់។

តំបន់ ADIZ មិនមែន​ទាន់​ចូល​ដល់​តំបន់​ដែនអាកាស​របស់​តៃវ៉ាន់​ទេ តែ​ជា​តំបន់​ផ្នែក​ខាង​ក្រៅ​កោះ​របស់​ខ្លួនដែល​កងកម្លាំង​យោធា​តៃវ៉ាន់​តាម​ដាន​ជា​ប្រចាំ​ខ្លាច​ក្រែង​មាន​ការ​វាយប្រហារ​ណា​មួយ​ពី​សំណាក់​ចិន​ដី​គោក​។

យន្តហោះ​ចិន​ទាំង​នោះ​រួម​មាន​យន្តហោះ​ចម្បាំង​ម៉ាស៊ីន ២ Shenyang J-16 ចំនួន ២៤ គ្រឿង យន្តហោះ​ម៉ាស៊ីន​មួយ Chengdu J-10 ចំនួន ១០ គ្រឿង ជាមួយ​នឹង​យន្តហោះ​ទម្លាក់​គ្រាប់​បែក ១ គ្រឿង និង​យន្តហោះ​ចារកម្ម​អេឡិចត្រូនិក ៤ គ្រឿង។​

តៃវ៉ាន់​ឆ្លើយតប​វិញដោយ​ប្រើប្រាស់​យន្តហោះ​ប្រដេញ​ទៅ​វិញជាមួយ​នឹង​ការ​ព្រមាន​នានាក៏​ដូច​ជា​ការ​ពង្រាយ​មីស៊ីល​តម្រង់​ទៅ​យន្តហោះ​ចម្បាំង​ទាំង​នោះ​ទៀត​ផង​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់។

វត្តមាន​យន្តហោះ​ចម្បាំង​ចិន​ប្រជាមានិត​នេះ​ ជា​ចំនួន​ច្រើន​បំផុត​គិត​ចាប់​តាំង​ពី​ខែ​តុលាឆ្នាំ​មុន ដោយ​នៅ​កាល​នោះ​រយៈពេល​ ៤ ថ្ងៃ ចិន​បញ្ជូន​យន្តហោះ​ប្រមាណ ១៤៨ គ្រឿង។

បន្ថែម​ពី​នេះ​ទៅ​ទៀតវត្តមាន​របស់​កងទ័ព​អាកាស​ចិន​នៅ​ដែន​អាកាស ADIZ របស់​តៃវ៉ាន់​ប្រតិ​​​បត្តិ​ឡើង​ស្រប​ពេល​ដែល​មាន​វត្តមាន​កងទ័ព​ជើងទឹក​អាមេរិក​យ៉ាង​ច្រើន​សន្ធឹក​នៅ​តំបន់​ក្បែរ​កោះ​តៃវ៉ាន់ ក៏​ដូច​ជា​ស្ថិត​នៅ​ក្នុង​សមុទ្រ​ហ្វីលីពីននិង​​កំពុង​តែ​​សមយុទ្ធ​​ជាមួយ​កងទ័ព​ស្វ័យការពារ​ប្រទេស​ជប៉ុន​ កាល​ពី​ថ្ងៃ​សៅរ៍​ផង​ដែរ៕

ហ៊ីមរដ្ឋា