កាល​ពី​ថ្ងៃ​អាទិត្យ​ ២៣​ ​មករា​នេះ​ ​ក្រសួង​ការបរទេស​អាមេរិក​បាន​ប្រកាស​ថា​ ខ្លួន​នឹង​កាត់​បន្ថយ​ចំនួន​បុគ្គលិក​នៅ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​ប្រទេស​អ៊ុយក្រែន​ ដោយ​ចាប់​ផ្ដើម​តាមរយៈ​ការ​ចាកចេញ​របស់​បុគ្គលិក​មិន​សូវ​ចាំ​បាច់ណាមួយ​​ និង​សមាជិក​គ្រួសារ​បុគ្គលិក​ស្ថានទូត​ជាដើម​។

មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​បាន​និយាយ​ថា​ការ​សម្រេច​ចិត្ត​ធ្វើ​ឡើង​ដោយ​សារ​ «ការ​ប្រុង​ប្រយ័ត​ខ្ពស់» ខណៈ​ពេល​ដែល​ការ​គំរាម​កំហែង​ដល់​បុគ្គលិក​អាមេរិក​នៅ​ក្នុង​ប្រទេស​នេះ​មិន​មាន​ការ​កើន​ឡើង​ទេ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​។ មន្ត្រី​សំខាន់​ៗ​របស់​ស្ថានទូត​នឹង​បន្ត​ការងារ​របស់​ពួកគេ​ ប៉ុន្តែ​អាមេរិក​មិន​បាន​បញ្ជាក់​ពី​ចំនួន​មន្ត្រី​ទាំង​នេះ​ទេ​។

បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ​ ការ​សម្រេច​ចិត្ត​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​ព្រួយ​បារម្ភ​របស់​អាមេរិក​អំពី​ការ​ឈ្លានពាន​របស់​រុស្សី​ចូល​អ៊ុយក្រែន​។ រុស្សី​បាន​ប្រមូល​ផ្ដុំ​ទាហាន​ជាង​ ១០០.០០០ នាក់​នៅ​តំបន់​ព្រំដែន​ជា​មួយ​អ៊ុយក្រែន ប៉ុន្តែ​បាន​និយាយ​ថា​ខ្លួន​គ្មាន​ផែន​ការ​ដើម្បី​ធ្វើ​ការ​ឈ្លានពាន​ទេ​។

កាល​ពី​ថ្ងៃ​សុក្រ​សារព័ត៌មាន​អាមេរិក​ CNN បាន​រាយការណ៍​ថា​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​អ៊ុយក្រែន​ គឺ​ជា​អ្នក​ស្នើ​ឱ្យ​មាន​ការ​កាត់​បន្ថយ​នេះ​។​ ក្រៅ​ពី​បុគ្គលិក​មិន​សូវ​ចាំ​បាច់ និង​ក្រុម​គ្រួសារ​បុគ្គលិក​ស្ថានទូត​ ក្រសួង​ការបរទេស​អាមេរិក​ក៏​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​អាមេរិក​នៅ​ក្នុង​អ៊ុយក្រែន​ធ្វើ​ការ​ពិចារណា​ចាក​ចេញ​ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ធ្វើ​ដំណើរ​ ដោយ​លើក​ឡើង​ថា​ប្រសិន​បើ​មាន​ការ​ផ្ទុះ​សង្គ្រាម​ ការ​ជម្លៀស​អាច​នឹង​មាន​ការ​លំបាក​៕