សមាជិក​អង្គការ​ណា​តូ​បានចាប់ផ្ដើម​បញ្ជូន​នាវា និង​យន្តហោះ​​ចម្បាំង​ទៅកាន់​បណ្ដា​ប្រទេស​សម្ព័ន្ធ​​មិត្ត​នៅ​អឺរ៉ុប​ខាងកើត ខណៈពេលដែល​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក ​បូរី​ស ច​ន​សុន បាន​ព្រមាន​ថា រុស្ស៊ី​បាន​ប្រមូលផ្ដុំ​ទាហាន​គ្រប់គ្រាន់​សម្រាប់ធ្វើ «​សង្គ្រាម​រន្ទះ​» ចូល​ឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន ​ដោយមាន​គោលបំណង​ចូល​កាន់កាប់​រដ្ឋធានី​កៀវ​។​

​ការលើកឡើង​របស់លោក​ ច​ន​​សុន​ បាន​កើតឡើង​ចំពេល​ដែលមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ថា រុស្ស៊ី​កំពុង​ត្រៀម​ឈ្លានពាន​អ៊ុយ​​ក្រែ​ន​។ អង្គការ​ណា​តូ​បាន​និយាយថា សមាជិក​របស់ខ្លួន​បាន​ត្រៀម​ចល័ត​កងទ័ព ប្រសិនបើ​រុស្ស៊ី​បើក​ការវាយប្រហារ​។​

​លោក​ ច​ន​សុន បាន​និយាយថា កងវរសេនាធំ និង​តូច​របស់​រុស្ស៊ី​ជាង ៦០ បាន​ប្រមូលផ្ដុំ​នៅ​តំបន់​ជិត​ព្រំដែន​អ៊ុយ​ក្រែ​ន ដែល​លោក​និយាយថា ជា​ភ័ស្តុតាង​នៃ «​ផែន​​ការ​សម្រាប់​សង្គ្រាម រន្ទះ​ដែល​អាច​ដណ្ដើមយក​ក្រុង​កៀវ​»​។​

​លោក​បាន​និយាយថា​៖ «​នោះ​នឹង​ជា​ជំហាន​ដ៏​មហន្តរាយ​មួយ​»​។ សម្រាប់​ទីក្រុង​ម៉ូស្គូ ការ​លុកលុយ​ណាមួយ «​នឹង​ក្លាយជា​រឿង​ដ៏​ឈឺ​​ចាប់ ហិង្សា និង​បង្ហូរឈាម​។ ខ្ញុំ​គិតថា វា​មាន​សារៈសំខាន់​ខ្លាំងណាស់​ដែល​ប្រជាជន​រុ​ស្សុី​យល់ថា នេះ​អាចជា​ឆេ​ឆេ​នី​ថ្មី​»​។​

​ប្រធានាធិបតី​បេឡា​រុស លោក ​អា​ឡិច​សាន់​ឌឺ លូ​កា​សិន​កូ បាន​និយាយថា លោក​នឹងដាក់​ពង្រាយ «​កងកម្លាំង​ទាំងមូល​» នៃ​កងទ័ព​របស់លោក​ទៅកាន់​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ឆ្លើយតប​ទៅនឹង​ការដាក់​ពង្រាយ​កម្លាំងរ​បស់​ណា​តូ​នៅក្នុង​តំបន់​បាល់​ទិ​ក និង​ប្រមូលផ្ដុំ​កងទ័ព​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​លោក​និយាយថា​៖ «​នេះ​គឺ​មិន​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​ណាមួយ​ទេ​។ យើង​គ្រាន់តែ​ចង់​ការពារ​ព្រំ​ដែន​ភាគខាងត្បូង​រប​ស់​យើង​»​។​

​នៅក្នុង​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប និង​អាមេរិក ប្លុក​នេះ​បាន​សង្កត់ធ្ងន់ថា រុស្ស៊ីនឹងរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ប្រសិនបើ​វាយ​ប្រ​ហារ​អ៊ុយ​ក្រែ​ន ហើយ​និយាយថា ពួកគេ​នឹង «​ព​ន្លឿ​ន​» ការងារ​រៀបចំ​ដាក់ទណ្ឌកម្ម​។​

​កាលពី​ចុង​សប្ដាហ៍​មុន អង់គ្លេស​បាន​ចោទប្រកាន់​រុស្ស៊ី​ថា កំពុង​គ្រោង​ផ្ដួលរំលំ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បច្ចុប្បន្ន ហើយ​តែងតាំង​រដ្ឋាភិបាល​ថ្មី​ដែល​គាំទ្រ​ខ្លួន​។​

​ខណៈពេលដែល​មហាអំណាច​លោកខាងលិច បាន​បញ្ចេញ​ព័​ត៌​​មាន​ចារកម្ម​អំពី​គោលបំណង​របស់​រុស្ស៊ី ក្រុង​ម៉ូស្គូ​តែងតែ​ប​ដិ​​សេធ​ម្ដង​ហើយ​ម្ដង​ទៀតថា ខ្លួន​មិនមាន​ផែនការ​ដូច្នោះ​ទេ​។ ប៉ុន្តែ​វិមាន​ក្រឹម​ឡាំង បាន​និយាយថា ​ហានិភ័យ​នៃ​ការផ្ទុះ​សង្គ្រាម​គឺ​​ «​ខ្ពស់​ណាស់​»​ នៅ​តំបន់​ដុន​បាស់ ដែលជា​កន្លែង​នៃ​សង្គ្រាម​ផ្ដាច់​​ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី​។​

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក ​ឌី​មី​ទ្រី ប៉េ​ស្កូវ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា លោកខាងលិច គឺជា​អ្នកបង្ក​ការ​កើន​ភាព​តានតឹង​ដោយ​ការដាក់​ពង្រាយ​កម្លាំង​បន្ថែមទៀត និង​ការផ្សាយ​ការ​អះអាង «​ក្លែងក្លាយ​» អំពី​ផែនការ​ផ្លាស់ប្ដូរ​របប​នៅ​អ៊ុយ​ក្រែ​ន​។​

​លោក​ ប៉េ​ស្កូវ ​ថ្លែង​ដូច្នេះ​៖ «​នេះ​មិនមែន​កើតឡើង​ដោយសារតែ​អ្វីដែល​យើង​រុស្ស៊ី​កំពុង​ធ្វើ​នោះទេ​។ ទាំងអស់នេះ​កើតឡើង​ដោយ​​សារ​តែ​អ្វីដែល​ណា​តូ និង​សហរដ្ឋ​​អាមេរិក​កំពុង​ធ្វើ និង​ព័ត៌មាន​ដែល​ពួកគេ​កំពុង​ចែកចាយ​»​។​

​បើទោះជា​យ៉ាងនេះ​ក៏ដោយ​លោក ​ប៉េ​ស្កូវ ​លើកឡើងថា រុស្ស៊ី​មិន​ចង់​ជួបនឹង​ស្ថានភាព​តានតឹង​ស្រដៀង​គ្នា​នាពេល​អនាគត​ទេ ហើយនឹង​ផ្ដោតលើ​ការចរចា​សន្តិ​សុខ​ជាមួយ​អាមេរិក​វិញ​៕

វីដេអូ៖