​ប្រទេស​ឥណ្ឌូនេស៊ី​ មាន​ផែន​ការ​ក្នុង​ការបិទ​មិនឱ្យ​នាំចេញ​រ៉ែ​ធម្មជាតិ​មានតម្លៃ​មួយចំនួន​ដូចជា​រ៉ែ​សំណប៉ាហាំង បុក​ ស៊ីត មាស និង​រ៉ែ​ទង់ដែង នៅ​ពាក់កណ្ដាល​ឆ្នាំ ​២០២៣ ដោយមានបំណង​បង្វែរ​ការនាំចេញ​នេះ​មកជា​ការអំពាវនាវ​ឱ្យមាន​ការវិនិយោគ​លើ​ការផលិត​នូវ​ផលិតផល​សម្រេច​នៅក្នុង​ដី​ឥណ្ឌូនេស៊ី​ដោយផ្ទាល់​តែម្ដង​។​

​រ៉ែ​ទាំងនេះ មាន​សារៈសំខាន់​យ៉ាងខ្លាំង​សម្រាប់​ឧស្សាហកម្ម​ធ្ងន់ៗ និង​ទំនើបៗ​នៅក្នុង​ពិភពលោក​ដែល​រួមមាន​ការផលិត​យានយន្ត​អគ្គិសនី ក៏ដូចជា​ការ​​ផលិត​បន្ទះ​ឈី​ប​ដែល​សុទ្ធតែជា​ឧស្សាហកម្ម​ជឿនលឿន​នៅក្នុង​សតវត្សរ៍​ទី​២១​។​

​ស្រប​ពេលដែល​ប្រទេស​ដ៏​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​មាន​ធនធានធម្មជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ការ​រឹតត្បិត​របស់​ឥណ្ឌូនេស៊ី​នេះ ធ្វើឱ្យ​ប្រទេស​នាំចូល​នូវ​រ៉ែ​ទាំងនេះ​មាន​ភាព​ភ្ញាក់ផ្អើល និង​បង្ក​ជាការ​ថ្នាំងថ្នាក់​ចិត្ត​មួយចំនួន​។​

​តាមពិតទៅ​គោ​លន​យោ​​បាយ​ក្នុងការ​រឹតត្បិត​ការនាំ​​ចេញ​រ៉ែ​មានតម្លៃ​មួយចំនួន​ត្រូវបាន​ដាក់ចេញ​យូរ​មកហើយ ពោលគឺ​នៅ​ជំនាន់​លោក​ប្រ​ធានា​ធិបតី​ស៊ូ​ស៊ីឡូ បា​ម​បាង យូ​ត​ហូ​យូ​ណូ​ឬ គេ​ស្គាល់​ថា​ជា​ប្រធានាធិបតី​ SBY (២០០៤ ដល់​ ២០១៤) មកម្ល៉េះ តែ​ការ​ពន្យារ​ចុះឡើង​រហូត​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​។​ ចុង​​ក្រោយនេះ ក្រោម​រដ្ឋការ​លោក ​ចូ​កូ វី​ដូ​ដូ ឥណ្ឌូនេស៊ី គ្រោង​នឹង​សម្រេច​គោលនយោបាយ​នេះ​នៅត្រឹម​ឆ្នាំ​ ២០២៣ ឬ​អាចជា​មុននេះ​។​

​ការដាក់ចេញ​នូវ​គោ​លន​យោ​បាយ​ត្រូវបាន​គេ​មើលឃើញថា ជា​គោលនយោបាយ​បែប​គាំពារ​និយម ​ឬប្រកាន់ខ្ជាប់​នូវ​គំនិត​ជាតិនិយម​ផ្នែក​កាន់កាប់​ធនធានធម្មជាតិ​។ យ៉ាងណា​​មិញ សម្រាប់​ឥណ្ឌូនេស៊ី​វិញ គោលនយោបាយ គឺជា​អ្វីដែល​ត្រូវធ្វើ ខណៈពេលដែល​ប្រទេស នេះ​ជា​ប្រទេស​សម្បូរ​ធនធាន​រ៉ែ​មួយ​នៅក្នុង​ពិភពលោក ក៏ប៉ុន្តែ​វិស័យ​រ៉ែ​ផ្ដល់​តែ ​៦,៤​ ភាគរយប៉ុណ្ណោះ​ទៅដល់​សេដ្ឋកិច្ច​ឥណ្ឌូនេស៊ី​។​

​កន្លងមក​ឥណ្ឌូនេស៊ី បាន​ហាម​ការនាំចេញ​រ៉ែ​នី​កែ​ល​កាលពី​ឆ្នាំ ​២០២០ ពោលគឺ​រយៈពេល ២​ ឆ្នាំមុន​កាល​កំ​​ណ​ត់​។ ការហាម​ប្រាម​នេះ​បណ្ដាលឱ្យ​សហភាព​អឺរ៉ុប បានស្នើ​ឱ្យ​អង្គការ​ពាណិជ្ជកម្ម​​ពិភពលោក​ឱ្យ​ស៊ើបអង្កេត​ក្នុង​គោលបំណង​ «​លុបបំបាត់​នូវ​ការ​រឹតត្បិត​ការនាំចេញ​ដោយ​ខុសច្បាប់​ដាក់ចេញ​ដោយ​ឥណ្ឌូនេស៊ី​»​។ ​នេះ​បើតាម​សេច​ក្ដី​ថ្លែងការណ៍​របស់​អឺរ៉ុប​។​

​ផ្ទុយ​ពី​ការយល់ឃើញ​របស់​អឺរ៉ុប រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ឥណ្ឌូនេ​ស៊ី លោកស្រី Sri Mulyani Indrawati បានលើកឡើង​ប្រាប់​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅក្នុង​ខែមករា​នេះ​ថា ការដាក់ចេញ​នូវ​ការ​រឹតត្បិត​នេះ «​មិនមែនជា​គំនិត​ជាតិនិយម​នោះទេ​»​។​

​លោកស្រី​បាន​បន្ថែមថា​៖ «​យើងជា​ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​នៅ​អាស៊ាន​ហើយ​គ្រប់គ្នា​មិន​អនុញ្ញាតឱ្យ​ប្រទេស​សេដ្ឋកិច្ច​ធំ​ដូចនេះ​ពឹងផ្អែក​តែ​លើ​ផលិតផល​មិនមាន​ការ​​បន្ថែម​តម្លៃ​នោះទេ​»​។​

​គោលជំហរ​បែបនេះ គឺ​ស្រដៀង​នឹង​ការ​ថ្លែង​របស់លោក ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ីនា​ពេលកន្លងមក​។​

​កាលពី​ខែធ្នូ​កន្លងទៅ លោក​បាន​និយាយថា​៖ «​សេដ្ឋកិច្ច​ប្រទេស​យើង​នឹង​ហក់​ឡើង​ខ្ពស់​ប្រសិនបើ​យើង​ហ៊ាន​ធ្វើ​នូវ​អ្វីដែល​គេ​ហៅថា ឧស្សា​ហូប​នីយកម្ម និង​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅក្នុង​ប្រទេស​យើង​។​ យើង​នាំចេញ​រ៉ែ​ដែលជា​វត្ថុធាតុដើម​នេះ​រាប់​ទសវត្សរ៍​មកហើយ យើង​ត្រូវ​​តែ​បញ្ឈប់​រឿងនេះ​»​។​

«​បើ​យើង​មិន​ហ៊ាន​ធ្វើ​ដូចនេះ​ទេ តើ​នៅពេលណា​ទើប​យើង​អាច​បញ្ឈប់​ការនាំចេញ​វត្ថុធាតុដើម​បាន​?» នេះ​ជាការ​ចោទ​ចេញ​ជា​សំណួរ​របស់លោក​។​

​ប្រទេស​ឥណ្ឌូនេស៊ី​ជា​ប្រទេស ដែលមាន​រ៉ែ​នី​កែ​ល​ច្រើនជាងគេ​នៅលើ​លោក ហើយ​រ៉ែ​នេះ​ជា​សារធាតុ​សំខាន់​ក្នុង​ការផលិត​អាគុយ​សម្រាប់​យានយន្ត​​អគ្គិសនី​។ ​តម្លៃ​នៃ​រ៉ែ​នេះ បាន​ឡើង​ខ្ពស់បំផុត​ក្នុង​រយៈពេល ១០ ​ឆ្នាំក្រោយ​ពេលដែល​ឥណ្ឌូ​នេ​ស៊ី​បិទ​ការនាំចេញ​នៅ​ឆ្នាំ​ ២០២០​។ ការឡើង​ថ្លៃ​រ៉ែ​នេះ​ក៏​ធ្វើឱ្យ​អាគុយ​យានយន្ត​អគ្គិ​ស​នី​ឡើងថ្លៃ​ផងដែរ​។​

​ទោះជា​បែបនេះ​ក្ដី​គេ​សង្កេតឃើញថា បម្រាម​របស់​ឥណ្ឌូនេស៊ី​ហាក់ដូច​ជាមាន​ប្រសិទ្ធ​ភាពស្រប​ពេលដែល​ក្រុមហ៊ុន​អន្តរជាតិ​នានា​បន្តកន្ទុយ​គ្នា​មក​វិនិយោគ​លើ​ការ​ចម្រាញ់​រ៉ែ​នី​កែ​ល និង​រ៉ែ​កូ​បាល់ ដើម្បី​ផលិត​អាគុយ​ឡាន​អគ្គិសនី​។​

​ក្រុមហ៊ុន​ទាំងនោះ​មាន​ដូច​​ជា​ក្រុមហ៊ុន​អាល្លឺម៉ង់ BASF ក្រុមហ៊ុន​បារាំង Eramet ក្រុមហ៊ុន​ Tesla និង​ក្រុមហ៊ុន​នានា​មកពី​ចិន កូរ៉េខាងត្បូង និង​ជប៉ុន ដោយ​ការវិនិយោគ​ទាំង​​នេះ​សុទ្ធតែ​ក្នុងតម្លៃ​រាប់​ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ពាក់ព័ន្ធ​នឹង​រឿងនេះ​ដែរ Siwage Dharma Negara អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​សិក្សា​អាស៊ីអាគ្នេយ៍ ISEAS Yusof Ishak បាន​ប្រាប់​សារព័ត៌មាន​នី​កេ​ថា លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ​ ធ្លាប់​សន្យា​នៅក្នុង​យុទ្ធនា​ការឃោសនា​ការបោះ​ឆ្នោត​របស់លោក​ថា លោក​នឹង​ប្រែក្លាយ​ឥណ្ឌូនេស៊ី​ទៅជា​ប្រទេស​នាំចេញ​ផលិត​សម្រេច​។​

​អ្នកស្រាវជ្រាវ​រូបនេះ បាន​និយាយថា​៖ «​លោក​ វី​ដូ​ដូ មាន​ពេល​តែ ​២ ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ ក្នុងការ​សម្រេចបាន​នូវ​ការសន្យា​នយោបាយ​របស់លោក​។​នេះ​ជា​កេរដំណែល​របស់លោក​។ លោក​ជា​ប្រធានាធិបតី​ដែលមាន​សមត្ថភាព​ក្នុងការ​ទាក់ទាញ​វិនិយោគិន និង​អ្នក​នាំ​​ចេញ​បង្កើន​តម្លៃ​ឱ្យ​ឥណ្ឌូនេស៊ី​។ លោក​មិន​ត្រឹមតែ​ចង់ឱ្យ​គេ​ចាំ​ថា លោក​ជា​ប្រធានាធិបតី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តែមួយ​មុខ​នោះទេ តែ​លោក​ក៏​ចង់​ក្លាយជា​ប្រធានាធិបតី ដែលកែប្រែ​សេដ្ឋកិច្ច​ប្រទេស​លោក​ផងដែរ​»៕

​ហ៊ីម រដ្ឋា​