​តុង​ហ្គា ដែលជា​ប្រទេសមួយ​ស្ថិតនៅ​ទ្វីបអូសេអានី​តែង​ជួបប្រទះ​នឹង​គ្រោះធម្មជាតិ​ជារឿយៗ ប៉ុន្តែ​គ្រោះ​​ធម្មជាតិ​ក្នុង​សប្ដាហ៍​មុន គឺជា​គ្រោះ​​ធ្ងន់​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​។

​ក្រោយ​ទទួលរង​នៅ​ព្យុះ​ធូលី​មុនពេល​មានប​ន្ទុះ​ភ្នំភ្លើង​ និង​រលក​យក្ស​ស៊ូណាមិ​រួចមក ប្រទេស​នេះ ត្រូវ​ទទួលរង​នូវ​របួស​ផ្លូវចិត្ត​ដោយសារ​គ្រោះធម្មជាតិ​ដ៏​អាក្រក់​មិន​ធ្លាប់មាន​ពីមុនមក​។ តួយ៉ាង ដូច​កាលពី​ថ្ងៃ​អា​ទិ​ត្យ​សប្ដាហ៍​មុន ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ពិភព​ខាងក្រៅ​នៅ តែមាន​ការលំបាកដោយសារ​សេវា​អ៊ី​ន​ធឺ​ណិ​ត​តិចតួច ហើយ​សេវា​ទូរស័ព្ទ​នៅ​កោះ​នៅ​ឆ្ងាយៗ ត្រូវបាន​កាត់ផ្ដាច់​ទាំងស្រុង​។​

​កាកបាទក្រហមបាន​និយាយថា ខ្លួន​មិន​ត្រឹមតែ​ផ្តល់​តង់ អាហារ ទឹក និង​បង្គន់​អនាម័យ​ដល់​ប្រជាជន​ ១៧៣ គ្រួសារ​នៅលើ​កោះធំ​របស់​តុង​ហ្គា​ប៉ុណ្ណោះ ទេ​ប៉ុន្តែ​ថែមទាំង​ផ្តល់​សេវា​ផាសុខភាព​ផងដែរ​។​

​លោក Drew Havea អនុប្រធាន​កាកបាទក្រហម​តុង​ហ្គា​បាន​និយាយថា​៖ «​មនុស្ស​គ្រប់គ្នា​នៅតែ​តស៊ូ​នៅតែ​ជួប​ការលំបាក​នៅពេលនេះ​។ ដោយ​​សារ​តែ ព្យុះ​ធូលី គ្រួសារ​ទាំងនេះ ត្រូវការពារ​កូន​របស់​ពួកគេ​មិនបាន​លេង​នៅ​ខាងក្រៅ​ឡើយ»​។

​លោក Havea បាន​និយាយថា ទោះបីជា​អ្នកស្រុក​មួយចំនួន​មកពី​កោះដាច់​ស្រយាល​ដែល​រង​ផល​ប៉ះ​​ពាល់​ខ្លាំង​បំផុត​នៅ Ha''apai ត្រូវបាន​ជម្លៀស​ទៅកាន់​កោះធំ Tongatapu​ ក៏ដោយ ប៉ុន្តែ​អ្នក​ផ្សេងទៀត បាន​បដិសេធ​មិន​ចាក​ចេញពី​ទីតាំង​ខ្លួន​នោះទេ​។ លោក​បន្តថា ឥទ្ធិពល​របួស​ផ្លូវចិត្ត​នៃ​គ្រោះធម្មជាតិ​ដ៏​អាក្រក់​ទាំង ២​​ នេះ នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ជីវិត​របស់​ពួកគេ​មួយរយៈ​។​

​គាត់​បាន​និយាយថា​៖ «​ក្មេងៗ​គ្រប់រូប​បាន​ធំ​ឡើង​នៅក្នុង​ភូមិសាស្ត្រ​នេះ ត្រូវ​រៀនរ​ស់នឹង​គ្រោះធម្មជាតិ ដែល​យើង​ជួបប្រទះ​។ ឥឡូវនេះ​ខ្ញុំ​គិតថា​យើង​ពិតជា​មានការ​ព្រួយបារម្ភ ហើយ​ចាប់​ផ្តើម​គិតថា​តើ​កន្លែង​ទាំងនេះ​នឹងត្រូវ​រងគ្រោះ​ទាំងនេះ​ញឹកញាប់​ប៉ុនណា​?»​។

​ការផ្ទុះ​នៃ​ភ្នំភ្លើង ​Hunga-Tonga-Hunga-Ha''apai ដែល​ស្ថិតនៅលើ​ខ្សែចង្វាក់​ភ្នំភ្លើង​ប៉ាស៊ីហ្វិក​សកម្ម​រញ្ជួយ បាន​បញ្ជូន​រលក​យក្ស​ស៊ូណាមិ ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​ត្រូវបាន​គេ​ឮ នៅ​ចម្ងាយ​ប្រហែល​ ២ ៣០០ ​គីឡូម៉ែត្រ ក្នុងប្រទេស​នូ​វែ​ល​សេ​ឡង់​។​

​ការផ្ទុះ​នេះ​ គឺមាន​ថាមពល​ខ្លាំង​ដែល​ផ្កាយរណប​អវកាស បាន​ចាប់យក​មិន​ត្រឹមតែ​ពពក​ផេះ​ដ៏​ធំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ ចាប់បាន​នូវ​រលក​បរិ​យា​កាស ដែល​សាយភាយ​ចេញពី​ភ្នំភ្លើង ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​ទៀត​។​

​លោក John Tukuafu ម្ចាស់​រម​ណី​យ​ដ្ឋា​ន​ឆ្នេរ Vakaloa ដែល​ត្រូវ​ប្រញាប់​ជួយសង្គ្រោះ​ភរិយា​ពី​រលក​យក្ស​ស៊ូណាមិ បាន​រំឭកថា​៖ «​ខ្ញុំ​គិតថា ពិភពលោកនឹង​ឈាន​ដល់ទី​​បញ្ចប់​។ រមណីយដ្ឋាន​នេះ ស្ថិតនៅក្នុង ​Kanokupolu ដែលជា​តំបន់​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​មួយ​នៅលើ Tongatapu ហើយ​ដើមឈើ និង​កម្ទេចកម្ទី​ត្រូវបាន​រុះ​លើ​រមណីយដ្ឋាន​នេះ​»​។​

​កញ្ញា Mary Lyn Fonua និពន្ធ​នាយក​នៃ​គេហទំព័រ​ព័ត៌មាន Matangi Tonga Online បាន​ប្រាប់​សារព័ត៌មាន Router កាលពី​ថ្ងៃអាទិត្យ​ថា​៖ «​ខ្ញុំ​គិតថា កោះ​ទាំងមូលយើង​មានការ​តក់ស្លុត​។ យើង​ត្រូវ​ចំណាយពេល​ ១ ​សប្តាហ៍​សម្រាប់​មនុស្ស​ជាច្រើន ដើម្បី​បាន​ធូរស្បើយ​ពីរ​បួស​ផ្លូវចិត្ត ដែល​កើតចេញ​មកពីបទពិសោធ​របស់​សំឡេង «​ញ័រ និង​រន្ធត់​»​នៃ​ការផ្ទុះ​នេះ​។​

​កញ្ញា​បាន​ប្រាប់​សារព័ត៌មាន​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃអាទិត្យ​ ទី​ ២៣ មករា​នេះ​ថា​៖ «​វា​ឮ​ខ្លាំងពេក ប៉ុន្តែ​ខ្ញុំ​អាចមាន​អារម្មណ៍​ថា ផ្ទះ​ញ័រ បង្អួច​ក៏​ញ័រ ហើយ​វា​កាន់តែខ្លាំង​ឡើង​រហូតដល់​មានប​ន្ទុះ​ធំ​។ អ្នកស្រុក​កំពុង​ប្រាថ្នា​ចង់បាន​ភ្លៀង​ត្រូ​ពិ​ក ដើម្បី​លាង​សម្អាត​ធូលី​ភ្នំភ្លើង ​«​ដ៏​អាក្រក់ និង​រមាស់​» ​ស្លឹកឈើ​នៅលើ​ដើមឈើ​បាន​ប្រែជា​ពណ៌​ត្នោត ហើយ​ជ្រុះ​ចេញ​»​។​

​គួរបញ្ជាក់​ផងដែរ​ថា ប​ន្ទុះ​ភ្នំភ្លើង Hunga Tonga-HungaHa''apai បាន​ឈានដល់​ការផ្ទុះ​ដ៏​ខ្លាំងក្លា​មួយ​នៅ​ថ្ងៃទី​ ១៥ ខែ មករា ឆ្នាំ ​២០២២​។ ការបញ្ចេញ​ថាមពល​យ៉ាង​លឿន​របស់​វា បាន​ជំរុញឱ្យមាន​រលក​យក្ស​ស៊ូណាមិ​ក្នុង​មហាសមុទ្រ ដែល​បណ្តាលឱ្យ​មានការ​ខូចខាត​នៅ​ឆ្ងាយ​ដូចជា​ឆ្នេរ​ខាងលិច​របស់​សហរដ្ឋ​អាមេរិក ប៉ុន្តែ​វា​ក៏បាន​បង្កើត​រលក​សម្ពាធ​នៅក្នុង​បរិយាកាស​ផងដែរ​។

​គំរូ​រលក​បរិយាកាស​ជិត​នឹង​ការផ្ទុះ មាន​ភាពស្មុគស្មាញ​ណាស់ ប៉ុន្តែ​ចម្ងាយ​រាប់ពាន់​ម៉ា​យល៍​របស់​វា បាន​លេចចេញ​ជា​រលក​ខាង​មុខដាច់ ស្រយាល ដែល​ធ្វើដំណើរ​ផ្ដេក​ក្នុង​ល្បឿន​ជាង ៦៥០ ម៉ា​យល៍​ក្នុង ​១ ម៉ោង នៅពេលដែល​វា​រាលដាល​ទៅខាង​ក្រៅ​។​

​លោក James Garvin នៃ​អង្គការ NASA និង​ជា​ប្រធាន​អ្នកវិទ្យាសាស្ត្រ​នៅ​មជ្ឈមណ្ឌល Goddard Space Flight Center បាន​ប្រាប់​សារព័ត៌មាន NPR ថា ទីភ្នាក់ងារ​អវកាស បាន​ប៉ាន់ប្រមាណ​ថា ការផ្ទុះ​នេះ គឺ​ប្រហែល ១០​ មេ​ហ្គា​តុ​ន ប្រហែល ៥០០ ​ដង​ខ្លាំង​ជាង​គ្រាប់បែក ដែល​បាន​ទម្លាក់​លើ​ទីក្រុង​ Hiroshima ប្រទេស​ជប៉ុន​ ក្នុងអំឡុងពេល​សង្គ្រាមលោក​លើក​ទី​២ ​ទៀត​។ នេះ​បើតាម​ការសង្កេត​ពី​ផ្កាយរណប ដែល​មើល​ដោយ​ឧបករណ៍​ចាប់​សញ្ញាអ៊ី​នហ្វ្រារ៉េដ​ខាងលើ រលក​មើលទៅ​ដូចជា​រលក ដែល​ផលិត​ដោយ​ការទម្លាក់​ថ្ម​នៅក្នុង​ស្រះ​៕