កាល​ពី​ថ្ងៃ​ចន្ទ ទី​២៤ មករា​ ទីផ្សារ​ភាគហ៊ុន​ និង​មូលបត្រ​បំណុល​ និង​តម្លៃ​រូបិយប័ណ្ណ​រូប្ល​របស់​រុស្ស៊ី​ ​បាន​រង​ការ​ធ្លាក់​ចុះ​ ខណៈ​ពេល​ដែល​វិនិយោគិន​មាន​ប្រតិកម្ម​ចំពោះ​ការ​ព្រួយបារម្ភ​អំពី​ការ​ផ្ទុះ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​។

សូចនាករ​ទីផ្សារ​ភាគ​ហ៊ុន​ក្រុង​មូស្គូ (MOEX) បាន​ធ្លាក់​ចុះ ៥,៥ភាគ​រយ​ បន្ទាប់​អាមេរិក​ និង​អង់គ្លេស​ប្រកាស​កាត់​បន្ថយ​ចំនួន​បុគ្គលិក​ស្ថានទូត​ប្រចាំ​ប្រទេស​អ៊ុយក្រែន​ ធ្វើ​ឱ្យ​ធ្លាក់​ចុះ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ​កើន​ដល់​ ១៥%​។ មូលបត្រ​បំណុល​រដ្ឋាភិបាល​រុស្សី​ក៏​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​ផង​ដែរ ខណៈ​ពេល​ដែល​វិនិយោគិន​ព្រួយ​បារម្ភ​អំពី​ការ​ដាក់​ទណ្ឌកម្ម​ពី​លោក​ខាង​លិច ហើយ​ព្យាយាម​បោះបង់​ទ្រព្យសកម្ម​ពាក់ព័ន្ធ​នឹង​រុស្ស៊ី​ ។

តម្លៃ​រូបិយប័ណ្ណ​រូប្ល​ (Ruble) របស់​រុស្សី​បាន​ធ្លាក់​ ២ភាគរយ​​ ធៀប​នឹង​ដុល្លារ​អាមេរិក​ ដែល​ជា​កម្រិត​ខ្សោយ​បំផុត​ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០​។ ការ​ធ្លាក់​ចុះ​នេះ​ បាន​ជំរុញ​ឱ្យ​ធនាគារ​កណ្ដាល​រុស្សី​ធ្វើ​ការ​បញ្ឈប់​ការ​ទិញ​ប្ដូរ​រូបិយប័ណ្ណ​បរទេស​ ក្នុង​អ្វី​ដែល​ពួកគេ​និយាយ​ថា​ជា​សកម្មភាព​ដើម្បី «កាត់​បន្ថយ​អស្ថិរភាព​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ»​៕