នាវា​ចម្បាំង​ផ្ទុក​យន្តហោះ​របស់​សហរដ្ឋអាមេរិក​ចំនួន២គ្រឿង​បាន​ចូល​ទៅ​កាន់​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ​ក្នុង​គោលបំណង​ធ្វើ​សមយុទ្ធ​រួម។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កងនាវា​របស់​អាមេរិក។

បើ​យោង​តាម​ប្រភព​ខាង​លើនាវា​ចម្បាំង​ធំ​ៗ​ទាំង​២​នោះ ​គឺនាវា USS Carl Vinson និង​នាវា USS Abraham Lincoln ដោយ​នាវា​ទាំង​២​នេះ ​សុទ្ធ​តែ​ជា​ក្រុម​ប្រយុទ្ធ​របស់​កងទ័ព​ជើង​ទឹក​អាមេរិក។នាវា​ទាំង ​២ ​នេះ ​ធ្វើ​ប្រតិបត្តិការ​រួម​ដោយ​ហាត់​សម​លើ​វិញ្ញាសា​នានា​ដូច​ជាពង្រឹង​ប្រតិបត្តិការ​ទំនាក់ទំនង​ផ្លូវសមុទ្រប្រតិបត្តិការ​ប្រឆាំង​នឹង​នាវា​មុជ​ទឹកក៏​ដូច​ជា​ប្រឆាំង​នឹង​ការ​វាយប្រហារ​ផ្លូវអាកាសជា​ដើម។

កង​នាវា​អាមេរិកបាន​និយាយ​ថា៖ «ការ​ហ្វឹកហាត់​នេះ​ នឹង​ធ្វើ​ស្រប​តាម​ច្បាប់​អន្តរជាតិ​នៅ​ក្នុង​ដែន​សមុទ្រ​អន្តរជាតិ»។

លោក​ J.T. Anderson មេ​បញ្ជាការ​នៃ​នាវា USS Abraham Lincoln បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា៖ «ប្រតិបត្តិការ​ដូច​នេះ​ នឹង​អាច​ឱ្យ​ពួក​យើង​ពង្រឹង​ភាព​ត្រៀម​លក្ខណៈ​សម្រាប់​ការ​ប្រយុទ្ធ​ឱ្យ​បាន​ប្រសើរ​ឡើងក៏​ដូច​ជា​ធានា​ទៅ​ដល់​សម្ព័ន្ធ​មិត្តនិង​ដៃគូ​របស់​យើង និង​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​កងទ័ព​​ជើង​ទឹក​អាមេរិក​ក្នុង​ការ​ធានា​នូវ​ស្ថិរភាព​តំបន់និង​វាយ​បក​នៃ​ឥទ្ធិពល​អាក្រក់ៗ​នានា»។

ដំណឹង​នៃ​ការ​ធ្វើ​សមយុទ្ធ​របស់​នាវា​ចម្បាំង​ទាំង២​គ្រឿង​នេះ ​បាន​លេច​ចេញ​ឡើង​បន្ទាប់​ពី​តៃវ៉ាន់​បាន​ប្រកាស​ថាយន្តហោះ​ចម្បាំង​របស់​ចិន​ដី​គោក​ចំនួន៣៩គ្រឿង​បាន​ហោះ​ចូល​តំបន់​ការពារ​ដែនអាកាស​របស់​ខ្លួន៕

ហ៊ីម រដ្ឋា