លោក Ahmad Zahid Hamidi ប្រធានគណបក្សអង្គការរួបរួមជាតិម៉ាឡេដែលហៅកាត់ថា អ៊ុមណូ (UMNO) បានចូលទៅការពារខ្លួននៅតុលាការកំពូលកាលពីថ្ងៃចន្ទកន្លងទៅដោយប្រឈមមុខនឹងការចោទប្រកាន់សរុប ៤៧ ករណី ដែលពាក់ព័ន្ធនឹងមូលនិធិរបស់លោក។

ចំណោម៤៧ករណីនេះរួមមានបទល្មើសលាងលុយចំនួន ២៧ករណី៨ករណីសម្រាប់ការសូកប៉ាន់និងការរំលោភសេចក្ដីទុកចិត្តចំនួន១២ករណី។ ដំណើរការកាត់ក្ដី បានចាប់ផ្ដើមតាំងពីឆ្នាំ២០១៩ពោល គឺនៅពេលដែលគណបក្សប្រឆាំងដែលដឹកនាំដោយសម្ព័ន្ធនៃក្ដីសង្ឃឹម (PH) បានកាន់អំណាច។

នៅពេលសម្ព័ន្ធ PH ឡើងកាន់អំណាចដោយមានលោក មហាធៀ ម៉ូហាម៉ាដ ធ្វើជានាយករដ្ឋមន្ត្រីថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សអ៊ុមណូដែលរួមមានអតីតនាយក រដ្ឋមន្ត្រីលោក ណាជីប រ៉ាហ្សាក់ ត្រូវបានយកទៅកាត់ទោសនៅតុលាការជាមួយនឹងរឿងអាស្រូវពុករលួយនានា។

សម្រាប់ករណីលោក Zahid វិញលោកបានពាក់ព័ន្ធនឹងការប្រើប្រាស់ថវិកាខុសច្បាប់នៅមូលនិធិ Yayasan Akalbudi ដែលជាមូលនិធិសម្រាប់លុបបំបាត់ភាពក្រីក្រសរុបជិត៣០លានដុល្លារអាមេរិក។

ដំណើរការក្ដីនៅថ្ងៃចន្ទ ជាការកាត់ក្ដីបឋមមួយហើយចៅក្រមតុលាការកំពូលសម្រេចថា នឹងកាត់ក្ដីលើរឿងនេះហើយសវនាការជំនុំជម្រះលើរឿងនេះនឹងចាប់ផ្ដើមនៅខែមេសាហើយនឹងបញ្ចប់នៅខែវិច្ឆិកាខាងមុខនេះ៕

ហ៊ីម រដ្ឋា