មន្ត្រី​សហរដ្ឋអា​មេរិក​ និង​អារ៉ាប់​រួម​និយាយ​ថា ​ក្រុម​សកម្ម​ប្រយុទ្ធ​ Houthi ​របស់​​យេម៉ែន​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​​បើក​ការ​វាយ​ប្រហារ​ដោយ​​មីស៊ីល​លើ​អេមីរ៉ាតអារ៉ាប់រួម​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​កំណត់​គោលដៅ​លើ​មូលដ្ឋាន​ទ័ព​អាមេរិក​ ប៉ុន្តែ​ត្រូវ​បាន​​ស្ទាក់​កម្ទេច​ដោយ​ប្រព័ន្ធ​រ៉ាដាការពារ​​ Patriot​​​។

ការ​វាយ​ប្រហារ​ដែល​​បញ្ជូន​ទាហាន​អាមេរិក​ចូល​ទៅ​ក្នុង​លេណ​ដ្ឋាន​ គឺ​ជា​លើក​ទី២​ហើយ​​លើ​អារ៉ាប់​រួម​​​។​ កាល​​ពី​​ថ្ងៃ​​​ទី​​១៧​​ខែមករា​​ ក្រុម​Houthis ​បាន​វាយ​​​ប្រហារ​ដោយ​ដ្រូន​លើ​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​ក្នុង​រាជធានី​អាប៊ុយដាប៊ី​ដែល​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ៣ ​នាក់​​។​

ក្រុម ​Houthis ​ដែល​ប្រយុទ្ធ​ជាមួយ​ក្រុម​ចម្រុះ​យោធា​ដឹក​នាំ​ដោយ​អារ៉ាប៊ី សាអ៊ូ​ឌីត ​​​រួម​មាន​ទាំង​អារ៉ាប់​រួម​ផង​នោះ​និយាយ​ថា​ខ្លួន​មាន​គោល​បំណង​ដាក់​ទណ្ឌកម្មប្រទេស​ឈូង​​សមុទ្រ​ពែរ្ស​នេះ​​ ចំពោះ​​ការ​គាំទ្រ​ក្រុម​ជីវពល​ដែល​កំពុង​រារាំង​ការ​ប៉ុន​ប៉ង​របស់​ខ្លួន​ក្នុង​ការ​ដណ្តើម​យកតំ​បន់​ផលិត​ប្រេង​ក្នុង​ប្រទេស​យេម៉ែន​។​

រ៉យទ័រ​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​យោធា​ Houthi ​​ដែល​និយាយ​ថា​ ក្រុម​​បាន​បាញ់​មីស៊ីល​ផ្លោង ​Zulfiqar ​ទៅ​មូលដ្ឋាន​អាកាស ​al-Dhafra​ ដែល​​កង​កម្លាំង​សហរដ្ឋ​អាមេរិក​ប្រើ​ប្រាស់​ និង​គោលដៅ​រសើប​ផ្សេង​ទៀត​។​អ្នក​នាំ​ពាក្យ​ដដែល​​​និយាយ​​​ថា​​ ខ្លួន​​​ក៏​​បាន​​បាញ់​​​ដ្រូន​​ឆ្ពោះ​​ទៅ​​ទីក្រុង​​ឌូបៃ​​ផង​​ដែរ​។​លោក​បន្ត​ថា​៖​ «​យើង​ណែនាំ​ក្រុម​ហ៊ុន​បរទេស​ និង​អ្នក​វិនិយោគ​នៅ​អេមីរ៉ាតអារ៉ាប់​រួម​ឱ្យ​ចាក​ចេញ​ព្រោះ​ប្រទេស​នេះ​នឹង​​ក្លាយ​ទៅ​ជា​គ្មាន​សុវត្ថិភាព​»​។​ ​

ក្រសួង​ការ​បរទេស​អារ៉ាប់​រួម​ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​ពែរ្ស​(GCC) ​ហៅ​ការ​វាយ​ប្រហារ​នេះ​ថា​ជា​ការ​កើន​ឡើង​ឧក្រិដ្ឋកម្ម​ហើយ​​និយាយ​ថា​ ខ្លួន​មាន​សិទ្ធិ​ក្នុង​ការ​ឆ្លើយ​តប​។​​

ជា​ការ​​វាយ​បក​មួយ​លើ​ការ​វាយ​ប្រហារ​នៅ​រាជធានី​អាប៊ុយដាប៊ី​ ​ក្រុម​ចម្រុះ​ដឹក​នាំដោយ​អារ៉ាប៊ីសាអូឌីត​​បាន​បើក​ការ​វាយ​ប្រហារ​ ដែល​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ​៨៧​ នាក់ ​នៅ​ក្នុង​ខេត្ត​Saada​ កាល​ពី​ថ្ងៃ​សុក្រ ​និង​ប្រហែល ​២០​ នាក់​ នៅ​ក្នុង​រដ្ឋ​ធានី​សាណា​ដែល​គ្រប់​គ្រង​ដោយ​ Houthi ​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​៕

ហួន​ ឌីណា​