កាល​ពី​ថ្ងៃ​ចន្ទ​ ទី​២៤ មករា​អង្គការ​ណាតូ​ បាន​និយាយ​ថា​ ពួកគេ​បាន​បញ្ចា​ឱ្យ​កង​កម្លាំង​មួយ​ចំនួន​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ការ​ចល័ត​ ហើយ​បាន​បញ្ជូន​នាវា និង​យន្តហោះ​ចម្បាំង​មួយ​ចំនួន​ទៅ​ពង្រឹង​ការ​ការពារ​អឺរ៉ុប​ខាង​កើត​ ក្នុង​អ្វី​ដែល​រុស្ស៊ី​​ថ្កោលទោស​ថា​ «ភាព​ឆោឡោ» របស់​លោក​ខាង​លិច​ ចំពោះ​ការ​ដាក់​ពង្រាយ​ទាហាន​របស់​ខ្លួន​នៅ​ជិត​ព្រំដែន​ជា​មួយ​អ៊ុយក្រែន​។

ក្រសួង​ការពារ​ជាតិ​អាមេរិក​ បាន​និយាយ​ថា​ទាហាន​អាមេរិក​ប្រមាណ​ ៨៥០០ នាក់​ត្រូវ​បាន​បញ្ជា​ឱ្យ​មាន​ភាព​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ហើយ​ឱ្យ​រង​ចាំ​ការ​បញ្ជា​ឱ្យ​ចល័ត​ទៅ​អឺរ៉ុប​ខាង​កើត​ប្រសិន​បើ​រុស្ស៊ី​ ឈ្លានពាន​អ៊ុយក្រែន​។

ភាព​តាន​តឹង​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ បន្ទាប់​ពី​រុស្ស៊ី​ បាន​ដាក់​ពង្រាយ​ទាហាន​ជាង​ ១០០.០០០ នាក់​នៅ​តំបន់​ជិត​ព្រំដែន​ជា​មួយ​ប្រទេស​អ៊ុយក្រែន​ ដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​រុស្ស៊ី គឺ​កំពុង​ត្រៀម​ឈ្លានពាន​អ៊ុយក្រែន​។ រុស្ស៊ី​ ​បាន​ច្រាន​ចោល​ថា​ខ្លួន​មិន​មាន​ផែនការ​ធ្វើ​ការ​ឈ្លានពាន​ទេ​ ហើយ​ការ​ឆ្លើយ​តប​របស់​លោក​ខាង​លិច​គឺ​ភ័​ស្តុតាង​បញ្ជាក់​ថា​ រុស្ស៊ី​ ​គឺ​ជា​ជន​រងគ្រោះ​នៃ​អរិភាព និង​មិន​មែន​ជា​អ្នក​បង្ក​ទេ​។

មក​ដល់​ពេល​នេះ​អង្គការ​ណាតូ​បាន​ដាក់​ពង្រាយ​ទាហាន​ពហុជាតិ​ចំនួន​ ៤០០០ នាក់​ជា​មួយ​នឹង​រថក្រោះ និង​ប្រព័ន្ធ​ការពារ​ដែន​អាកាស ​ទៅ​ពង្រឹង​កងកម្លាំង​នៅ​ប្រទេស​អេស្តូនី ឡេតូនី​ លីទុយអានី និង​ប៉ូឡូញ​។

មាន​ការ​រាយការណ៍​ថា​ក្រសួង​ការពារ​ជាតិ​អាមេរិក​ គឺ​កំពុង​បង្ហើយ​ការងារ​សម្រេច​ថា​កង​កម្លាំង​ណា​អាច​ត្រូវ​បញ្ជូន​ទៅ​កាន់​អឺរ៉ុប​ខាង​កើត​។ ប្រទេស​ដាណឺម៉ាក អេស្ប៉ាញ បារាំង និង​ហូឡង់ សុទ្ធ​តែ​មាន​គម្រោង ឬ​កំពុង​ពិចារណា​បញ្ជូន​ទ័ព យន្តហោះ ឬ​នាវា​ចម្បាំង​ទៅ​កាន់​អឺរ៉ុប​ខាង​កើត​៕