បើតាម​ការ​ឱ្យដឹងពី​ទិន្នន័យ​បានបង្ហាញ​នៅ​ថ្ងៃ​ពុធ ករណី​ឆ្លង​មេរោគ​ថ្មី​ប្រចាំថ្ងៃ​របស់​កូរ៉េខាងត្បូង​កើន​លើសពី​ ១៣​ ពាន់​ករណី​ជា​លើកដំបូង ខណៈដែល​រដ្ឋាភិបាលបាន​ស្វែងរក​ការពិនិត្យ​ឡើងវិញ​នូវ​ការឆ្លើយតប​កូ​វីដ​របស់ខ្លួន ​ដើម្បី​ផ្តោតលើ​ទប់ស្កាត់​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង​។​

​កំណត់ត្រា​ករណី​ឆ្លង​ប្រចាំថ្ងៃ​ចំនួន​ ១៣ ០១២ ករណី​កើតឡើង​ ១​ ថ្ងៃ ​បន្ទាប់ពី​ប្រទេស​នេះ​បាន​រកឃើញ​ករណី​ឆ្លង​សរុប ៨ ​ពាន់​ករណី​ជា​លើកដំបូង​ក្រោយ​មាន​ការរីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង បើទោះបីជា​មានការ​ពន្យា​រ​ពេល​នៃ​ច្បាប់​រក្សា​គម្លាត​សង្គម​ដ៏​តឹង​រ៊ឹ​ង​ក៏ដោយ​។​

​មន្ត្រី​សុខាភិបាលបាន​ព្រមាន​ថា​អូ​មី​ក្រុង​ឆ្លង​ខ្លាំង ប៉ុន្តែ​មិនសូវមាន​គ្រោះថ្នាក់​ទេ ហើយ​វ៉ា​រ្យ៉​ង់​នេះ​បាន​ក្លាយជា​វ៉ា​រ្យ៉​ង់​លេចធ្លោ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ​កាលពី​សប្តាហ៍​មុន ​ខណៈ​ចំនួន​ឆ្លង​ប្រចាំថ្ងៃ អាច​កើនឡើង​លើសពី​ទ្វេដង ឬ​កើន​ឡើងដល់​កម្រិត​ខ្ពស់ជាង​នេះ​នៅក្នុង​សប្តាហ៍​ខាងមុខនេះ​។​

​លោកនាយក​រដ្ឋមន្ត្រី Kim Boo-kyum បាន​ប្រាប់​កិច្ចប្រជុំ​អន្តរក្រសួង​កាលពី​ថ្ងៃ​ពុធ​ថា​៖ «​យើង​នឹង​បោះ​ជំ​​ហាន​ទៅមុខ​ជានិច្ច អាទិភាព​កំពូល​របស់​យើង គឺ​កាត់បន្ថយ​អ្នកជំងឺ​ធ្ងន់ធ្ងរ និង​ការស្លាប់​»​។​

​រដ្ឋាភិបាល​បាន​ណែនាំ​គោល​​ការណ៍​ធ្វើតេស្ត​ថ្មី​នៅក្នុង​ទីក្រុង​ចំនួន ៤ ដែល​បានកំណត់​លើ​មូលដ្ឋាន​សាកល្បង ដែល​មានតែ​ក្រុម​អាទិភាព​ប៉ុណ្ណោះ​ដែល​ធ្វើតេស្ត​ប្រតិកម្ម​ខ្សែ​ចង្វាក់ polymerase (PCR) ខណៈពេលដែល​អ្នកផ្សេង​ទៀត​អាច​ទទួលបាន​ការធ្វើ​តេស្ត​អង់​ទី​ហ្សែ​៊​ន​យ៉ាង​​ឆាប់រហ័ស​នៅ​គ្លីនិក​ក្នុងស្រុក​សម្រាប់​ការធ្វើ​រោគវិនិច្ឆ័យ​ដំបូងកាន់តែលឿន​៕