សហរដ្ឋអាមេរិក​ថា​ ខ្លួន​កំពុង​ចរចា​ជាមួយ​ប្រទេស​ និង​ក្រុមហ៊ុន​ផលិត​ថាមពល​នៅ​ជុំវិញ​ពិភពលោក​ ដើម្បី​ធ្វើ​ការ​ផ្គត់ផ្គង់​ថាមពល​ឱ្យតំបន់​​អឺរ៉ុប ប្រសិន​បើ​មាន​ការ​ផ្ដាច់​ដោយ​សារ​រុស្ស៊ី​ ឈ្លានពាន​ចូល​ប្រទេស​អ៊ុយក្រែន​។

ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ទូរស័ព្ទ​មន្ត្រី​រដ្ឋបាល​អាមេរិក​ មិន​បាន​បញ្ជាក់​អត្តសញ្ញាណ​នៃ​ក្រុមហ៊ុន ឬ​ប្រទេស​ដែល​ពួកគេ​កំពុង​ចរចា​ជាមួយ​ដើម្បី​ធានា​បាន​នូវ​លំហូរ​ថាមពល​ដោយ​មិន​មាន​ការ​រំខាន​ទៅ​កាន់​ទ្វីប​អឺរ៉ុប​សម្រាប់​រដូវ​រងារ​ដែល​នៅ​សល់​ ប៉ុន្តែ​បាន​និយាយ​ការ​ចរចា​បាន​រួម​បញ្ចូល​អ្នក​ផ្គត់ផ្គង់​យ៉ាង​ទូលំ​ទូលាយ រួម​ទាំង​អ្នក​ផ្គត់​ផ្គង​ឧស្ម័ន​ធម្មជាតិ​រាវ (LNG)។

សហភាព​អឺរ៉ុប​រំពឹង​យ៉ាង​ខ្លាំង​ទៅ​លើ​ឧស្ម័ន​ធម្មជាតិ​នាំ​ចូល​ពី​ប្រទេស​រុស្ស៊ី​ ដោយ​ជាង​មួយ​ភាគ​បី​នៃ​តម្រូវ​ការ​ឧស្ម័ន​ធម្មជាតិ​របស់​ពួកគេ​ គឺ​ត្រូវ​បាន​បំពេញ​ដោយ​រុស្ស៊ី​​។ ប្រសិន​បើ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ពី​រុស្ស៊ី​រង​ភាព​រអាក់រអួល​ ឬ​រង​ការ​បិទ​ទាំង​ស្រុង​ តម្លៃ​ថាមពល​នៅ​អឺរ៉ុប ​នឹង​កើន​ឡើង​យ៉ាង​ខ្លាំង​ ហើយ​ធ្វើ​ឱ្យ​វិបត្តិ​កង្វះ​ថាមពល​នៅ​ទី​នោះ​កាន់​តែ​ពិបាក​។

ផែនការ​របស់​សេតវិមាន​អាច​ប្រឈម​មុខ​នឹង​ការ​លំបាក​យ៉ាង​ខ្លាំង​ ដោយ​សារ​ប្រទេស​ផលិត​ ឧស្ម័ន ​LNG កំពុង​ព្យាយាម​បញ្ចេញ​ឧស្ម័ន​ដល់​កម្រិត​កំពូល​រួច​ទៅ​ហើយ​ រួច​មិន​អាច​ធ្វើ​ការ​បង្កើន​ល្បឿន​បន្ថែម​ទៀត​ទេ​ ធ្វើ​ឱ្យ​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​អ្វី​មក​ជំនួស​ការ​នាំ​ចូល​ឧស្ម័ន​ពី​រុស្ស៊ី​៕