មន្ត្រី​អាមេរិកបាន​និយាយថា ពួកគេ​និង​សហភាព​អឺរ៉ុប គឺ​ជិត​ឈានដល់​ការយល់ព្រម​លើ​ការដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុ ​ដើម្បី​បង្ក​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​ធនាគារ​រុស្ស៊ី ប្រសិនបើ​ក្រុង​មូ​៉​ស្គូ​សម្រេចចិត្ត​ធ្វើការ​​វាយ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​កាលពី​ថ្ងៃ​អង្គារ ទី​ ២៥ មករា​ ប្រធានាធិបតី​អាមេរិក​លោក​ ចូ បៃ​ដិ​ន​ បាន​ជួប​ជាមួយ​បណ្ដា​មេដឹកនាំ​សហភាព​អឺរ៉ុប​តាម​វីដេអូ ដើម្បី​សម្របសម្រួល​ជំហរ​របស់​ពួកគេ​លើ​បញ្ហា​នេះ​។ បន្ទាប់ពី​ជំនួប​នេះ មន្ត្រី​អាមេរិក​បានរៀបចំ​សន្និសីទ​សារព័ត៌​មាន​តាម​ទូរស័ព្ទ ដែល​ក្នុងនោះ​ពួកគេ​បាន​និយាយថា អាមេរិក និង​សហភាព​អឺរ៉ុប​ គឺ​កាន់តែ «​ស្រប​ស៊ីគ្នា​» លើ​ការដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី ជាពិសេស​ទណ្ឌកម្ម​ហិរញ្ញវត្ថុ ហើយ​ពួកគេ​រំពឹងថា ទណ្ឌកម្ម​បែបនេះ​អាច​នឹង​រារាំង​មិនឱ្យ​រុស្ស៊ីធ្វើការ​វាយប្រហារ​។​

​បើទោះជា​យ៉ាងនេះ​ក៏ដោយ មន្ត្រី​សហភាព​អឺរ៉ុប​មួយចំនួន​បាន​និយាយថា គេ​ត្រូវ​ការងារ​បន្ថែមទៀត​នៅ​ពីក្រោយ​ឆាក​ដើម្បី​បញ្ជាក់​និយមន័យ «​កត្តាបង្កឱ្យមាន​ទណ្ឌកម្ម​» ដែល​រួមមាន​ទំហំ និង​របៀប​នៃ​ការ​​វាយប្រហារ​របស់​រុស្ស៊ី​។​

​សេត​វិមាន បាន​គាំទ្រ​ជា​សាធារណៈ​នូវ​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​សភា​អាមេរិក​ ដើម្បី​ដាក់ទណ្ឌកម្ម​លើ​ស្ថាប័ន​ហិ​រញ្ញ​វត្ថុ​រុស្ស៊ី​មាន Sberbank, VTB, Gazprombank និង​មូលនិធិ​វិនិយោគ​ផ្ទាល់​រុស្ស៊ី​។​

បន្ថែម​ពីលើ​នេះ​ទៅទៀតនោះ សហរដ្ឋអាមេរិក និង​អឺរ៉ុប​ក៏បាន​ពិភាក្សា​អំពី​ការដាក់​កម្រិត​លើ​ការនាំចេញ​ទៅកាន់​ប្រទេស​រុស្ស៊ី​។

​បើទោះជា​បាន​ត្រៀម​ចាត់​​វិធានការ​ប្រឆាំង​រុស្ស៊ី នៅពេល​មានការ​វាយប្រហារ អាមេរិក និង​អឺរ៉ុប នៅតែ​គាំទ្រ​ដំណោះ​ស្រាយ​ការទូត ដើម្បី​កាត់​​បន្ថយ​ភាព​តានតឹង​នៅ​អ៊ុយ​ក្រែ​ន​៕

វីដេអូ៖