ការរួមចំណែកផ្នែកហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិ​ក​ដល់អង្គការសុខភាពពិភពលោក (WHO) បានធ្លាក់ចុះ ២៥ភាគ​រយ​ក្នុ​ង​អំឡុងពេលជំងឺរាតត្បាត។ នេះ​បើតាមការ​​ឱ្យដឹងពី​ទិន្នន័យបណ្តោះអាសន្ន ស្ដីពី​ការ​គាំ​ទ្រ​នា​ពេ​លអ​នាគតរបស់ទីក្រុងវ៉ាស៊ីនតោនដល់ទីភ្នាក់ងារអង្គការសហប្រ​ជាជាតិ។

ការធ្លាក់ចុះដ៏ធំនៃមូលនិធិធៀបនឹ​ងរយៈពេល ២​ ឆ្នាំមុននេះ កើតចេញពីការកាត់បន្ថយជំនួ​យ​ ដែ​ល​សម្រេចដោយអ​តីតប្រធានាធិបតីអាមេរិក Donald Trump។

មូលនិធិរបស់សហរដ្ឋអាមេរិកត្រូវបានកំ​ណ​ត់ថា នឹងកើនឡើងម្តងទៀតនៅ​ក្នុ​ង​ថ​វិកា​រយៈ​ពេ​ល​ ២ ​ឆ្នាំបន្ទាប់របស់អង្គ​កា​រ​សុ​ខ​ភាព​ពិ​ភ​ព​លោ​កបន្ទាប់ពីការសន្យាថ្មីក្នុងខែធ្នូរួមទាំងកញ្ចប់​ជំនួយ ២៨០ លាន​ដុល្លារ ដោយរដ្ឋបាលរបស់ ប្រធានា​ធិ​បតី Joe Biden។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាល Biden ក៏​បាន​បង្កើន​កា​រ​សង្ស័យអំពីការគាំទ្រនា ពេលអនាគតរបស់វ៉ាស៊ីន​តោនចំពោះអង្គការសុខភាព​ពិភពលោកផងដែរ​។

ទីភ្នាក់ងារអង្គការសហប្រជាជា​តិបានប្រើប្រាស់​ជំនួយ​​ជាង ២០០​ លាន​ដុល្លារតិច​ជា​ងពី​ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក​ក្នុ​ង​ឆ្នាំ​​ ២០២០ និង ២០២១។ នេះបើយោងតាមទិន្នន័យបណ្តោះអាសន្នរបស់អង្គការ​WHO ដែលមាន​នៅក្នុ​​​ង​​ឯ​ក​​សា​រថវិកាដែលត្រូវបានពិនិត្យដោយសារព័ត៌មាន​ Reuters ដែលមិនទាន់ត្រូ​វ​បា​ន​បង្ហាញជា​សាធា​រ​ណៈ​នៅឡើយ។

ទិន្នន័យបណ្តោះអាសន្នបានបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនបានផ្ដល់​ប្រាក់ជំនួ​យ​​ចំនួន ៦៧២​ លាន​ដុល្លារ​ដល់អង្គការ​ WHO សម្រាប់ថវិការយៈពេល ២ ​ឆ្នាំចុងក្រោយរបស់ខ្លួន ពោលគឺធ្លាក់ចុះពី ៨៩៣លាន​ដុ​ល្លារ​ក្នុ​ង​ឆ្នាំ ២០១៨​ និងឆ្នាំ ២០១៩​។

ជាលទ្ធផលសហរដ្ឋអាមេរិកមិនមែនជាម្ចាស់ជំនួយកំពូលរបស់អង្គការ​​ WHO ទៀតទេ ដោយប្រទេស​អា​ល្លឺ​ម៉​ង់ បា​ន​ជំ​នួ​ស​វា​ប​ន្តិចម្តងៗតាមរយៈ​ការផ្ទេ​រ​ប្រា​ក់​ជាង ១ ពាន់​លា​ន​ដុ​ល្លា​រក្នុ​ង​រ​យៈ​ពេ​ល ​២ ឆ្នាំ​ចុ​ង​ក្រោយ​នេះ៕