ខណៈពេលដែល​រុស្ស៊ី ប្រមូលផ្ដុំ​ទាហាន​រាប់ម៉ឺន​នាក់​នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន ភាព​តានតឹង​ក៏បាន​កើនឡើង​នៅលើ​ទីផ្សារ​ថាមពល​ផងដែរ​។ វា​មិន​ពិបាក​មើលឃើញ​ទេ​ឧស្ម័ន​ធម្ម​​ជាតិ​រុស្ស៊ី​ហូរ​តាម​បណ្ដាញ​បំពង់​បង្ហូរ​ទៅ​រោងចក្រ​អគ្គិសនី និង​ទៅ​កម្ដៅ​គេហដ្ឋាន​នៅ​ទូទាំង​ទ្វីបអឺរ៉ុប​។ រុស្ស៊ី​ក៏​ជា​ប្រភព​ប្រេងឥន្ធនៈ​សំខាន់​របស់​អឺរ៉ុប​ផងដែរ​។​

​ឥឡូវនេះ មន្ត្រី​លោកខាងលិច​គឺ​កំពុង​ពិចារណា​ថា ​តើ​នឹងមាន​អ្វី​កើតឡើង ប្រសិនបើ​រុស្ស៊ី​សម្រេច​ប្រើប្រាស់​វិធានការ​ថ្ងៃ​អវសាន ដោយ​កាត់ផ្ដាច់​ការផ្គត់ផ្គង់​ឧស្ម័ន និង​ប្រេងឥន្ធន​:​ទាំងនោះ នៅ​ចំ​កណ្ដាល​រដូវរងា​រប​ស់​អឺរ៉ុប​។​

​ការប្រឈមមុខ​ដាក់គ្នា​លើ​អ៊ុយ​​ក្រែ​ន​កើតឡើង​នៅពេល​មិន​សម​​រម្យ​។ តម្លៃ​ថាមពល​ពិភពលោក បាន​កើនឡើង​រួចហើយ​ដោយសារ​ការផ្គត់ផ្គង់​ប្រេង និង​ឧស្ម័ន​ធម្ម​​ជាតិ​បាន​យឺតយ៉ាវ​តាម​មិនទាន់ ការ​ងើប​ឡើងវិញ​នៃ​តម្រូវការ​ពិភពលោក​បន្ទាប់ពី​ការបិទ​ខ្ទប់​ដោយសារ​ជំងឺ​កូ​វីដ ​១៩​។​

​នៅ​អឺរ៉ុប​តម្លៃ​បាន​កើន​ឡើងដល់​កម្រិត​ដ៏​ខ្ពស់​មួយ​ដែល​បាន​ទាក់​​ទាញ​ការ​នាំចូល​ឧស្ម័ន​ពី​សហរដ្ឋ​អាមេរិក កាតា និង​ប្រទេស​ដទៃទៀត ដែលជា​ធម្មតា​មានតម្លៃ​ថ្លៃ​ជាង​ឧស្ម័ន​នៅ​អឺរ៉ុប​។ កាលពី​ថ្ងៃ​អង្គារ​សេត​វិមាន​បាន​និយាយថា កិច្ចពិភាក្សា​កំពុង​ធ្វើឡើង​ ដើម្បី​ស្វែងរក​ការសម្របសម្រួល​ផ្គត់ផ្គង់​ថាមពល​ទៅ​អឺរ៉ុប ប្រសិនបើ​រុស្ស៊ី​ផ្ដាច់ការ​ផ្គត់ផ្គង់​។​

​ទ្វីបអឺរ៉ុបកំពុង​ឆ្លងកាត់​រដូវរងា ជាមួយ​វិបត្តិ​ថាមពល​ដ៏​ធំ​មួយ​ខណៈពេលដែល​តម្លៃ​ឧស្ម័ន​ធម្មជាតិ និង​អគ្គិសនី​កើនឡើង​យ៉ាងខ្លាំង​។ វិបត្តិ​នេះ​បានចាប់ផ្ដើម​កាលពី​ឆ្នាំមុន​នៅពេល​កម្រិត​ស្តុក​ទុក​ឧស្ម័ន​នៅ​អឺរ៉ុប​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ តម្លៃ​ឧស្ម័ន​ធម្មជាតិ​បាន​កើនឡើង​រហូតដល់​ ៥ ​ដង ហើយ​បើទោះបីជា​បាន​ធ្លាក់ចុះ​ដល់​ពាក់កណ្ដាល តម្លៃ​ឧស្ម័ន​ធម្មជាតិ​នៅ​អឺរ៉ុប ​គឺ​នៅ​ថ្លៃ​ជាង​ទីផ្សារ​ផ្សេង​រហូត​ទៅដល់ ៧ ដង​។ តម្លៃ​ឧស្ម័ន​ខ្ពស់​ក៏​ធ្វើឱ្យ​តម្លៃ​អគ្គិសនី​កើនឡើង​ផងដែរ ធ្វើឱ្យ​អឺរ៉ុប​បិទ​រោងចក្រ​ដែល​ប្រើប្រាស់​ថាមពល​ច្រើន​ដូចជា​រោងចក្រ​ជី និង​រោងចក្រ​លោហៈ ជា​បណ្ដោះអាសន្ន​។​

​រុ​ស្សុីក៏បាន​ធ្វើឱ្យ​បញ្ហា​នេះ​កាន់​​តែ​លំបាក​។ នៅ​ឆ្នាំនេះ​រុស្ស៊ី​បាន​នាំចេញ​ឧស្ម័ន​នៅ​កម្រិត​ទាប​ជាង​ឆ្នាំមុនៗ ហើយ​ឃ្លាំង​ឧស្ម័ន​គ្រប់​​គ្រង​ដោយ​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី បាន​រក្សា​កម្រិត​ស្តុក​ទុក​ទាប​បំផុត​។​

​ប្រទេស​រុស្ស៊ី​ផ្គត់ផ្គង់​ប្រហែល ១ ​ភាគ ​៣ ​នៃ​ឧស្ម័ន​ធម្មជាតិ​របស់​អឺរ៉ុប​ហើយ​ភាព​លេចធ្លោ​របស់ខ្លួន​ជា​អ្នកផ្គត់ផ្គង់​បាន​កើនឡើង​បន្ថែមទៀត​ ខណៈដែល​ទិន្នផល​ក្នុងស្រុក​របស់​ទ្វីប​នេះ​បាន​ធ្លាក់ចុះ​។​

​ផលិតកម្ម​នៅ​ប្រទេស​ហូ​ឡង់ ដែល​ធ្លាប់ជា​ប្រទេស​ផលិត​ឧស្ម័ន​ធំ​មួយ​នៅក្នុង​សហភាព​អឺរ៉ុប បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ខណៈពេលដែល​រដ្ឋាភិបាល​ហូ​ឡង់​បាន​បិទ​ជា​​បណ្ដើរៗ អណ្ដូង Groningen ដ៏​ធំ ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​​រញ្ជួយ​ដី​ដែល​បណ្ដាលមកពី​ការបូម​ឧស្ម័ន​។​

​ការប្រើប្រាស់​ឧស្ម័ន​ធម្មជាតិ​ក៏​កំពុង​កើនឡើង​ផងដែរ ខណៈដែល​ប្រទេស​សហភាព​អឺរ៉ុប​ដូចជា​អាល្លឺម៉ង់​ធ្វើ​ការបិទ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម និង​នុយក្លេអ៊ែរ​ដើម្បី​បំពេញ​គោល​​ដៅ​បរិស្ថាន​របស់​ពួកគេ​។​

​បើទោះបីជា​សហភាព​អឺរ៉ុប​ព្យា​យាម​ធ្វើការ​វិនិយោគ​លើ​ប្រភព​ថាមពល​កកើត​វិញ ដូចជា​ខ្យល់ និង​ពន្លឺព្រះអាទិត្យ​ពួកគេ​គឺ​នៅ​រំពឹង​លើ​ប្រភព​ថាមពល​ចាស់​ដដែល ហើយ​ឧស្ម័ន​ធម្មជាតិ​គឺជា​ប្រភព​គួរឱ្យ​ទាក់ទាញ​ជាងគេ​។​

​ក្រៅពី​បំពង់​ក្រោម​សមុទ្រ​បំពង់​បង្ហូរ​សំខាន់ៗ​មួយចំនួន​ គឺ​ឆ្លងកាត់​ប្រទេស​អ៊ុយ​ក្រែ​ន​។ អ្នកវិភាគ​មួយចំនួន​បាន​និយាយថា បំពង់​ទាំងនេះ​អាច​រង​ការខូចខាត ឬ​ការបិទ​ប្រសិនបើ​រុស្ស៊ី​សម្រេច​ធ្វើការ​ឈ្លានពាន​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ក្រៅពី​ការផ្ទុះ​សង្គ្រាម​រុស្ស៊ី អាច​កាត់ផ្ដាច់​ការផ្គត់ផ្គង់​ជាការ​ឆ្លើយ​​តប​ទណ្ឌកម្មសេដ្ឋកិច្ច​ដែល​សហ​​រដ្ឋ​អាមេរិក ​និង​ប្រទេស​លោកខាងលិច​ផ្សេងទៀត​បាន​សន្យា​នឹងដាក់​ក្នុងករណី​មានការ​ឈ្លានពាន​។​

​បើទោះជា​យ៉ាងនេះ​ក៏ដោយ​រុស្ស៊ី​នឹងមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការចាត់វិធានការ​យ៉ាង​ខ្លាំង​បែបនេះ​ប្រឆាំងនឹង​អ្វី​ដែលជា​អតិថិជន​សំខាន់បំផុត​របស់​ពួក​​គេ​។ ការធ្វើ​ដូច្នេះ​នឹងធ្វើ​ឱ្យ​ប្រភព​ចំណូល​សំខាន់​មួយ​ប្រឈម​នឹង​ហានិភ័យ​។ អឺរ៉ុប​គឺ​រំពឹង​យ៉ាងខ្លាំង​ទៅលើ​ឧស្ម័ន​រុស្ស៊ី ប៉ុន្តែ​រុ​ស្សុី​ក៏​រំពឹង​យ៉ាងខ្លាំង​ទៅលើ​ចំណូល​បាន​ពី​អឺរ៉ុប​ដែលជា​ទីផ្សារ​មួយ​ពិបាក​ស្វែងរក​អ្វី​មក​ជំនួស​បាន​។​

​ចុងក្រោយ វិបត្តិ​ថាមពល​អឺរ៉ុប និង​វិបត្តិ​អ៊ុយ​ក្រែ​ន​គឺ​នឹង​ប៉ះពាល់​យ៉ាងខ្លាំង​ក្នុង​ទំនាក់ទំនង​អ្នក​ប្រើ​ប្រាស់ និង​អ្នកផ្គត់ផ្គង់ របស់​រុស្ស៊ី និង​សហភាព​អឺរ៉ុប​។ វិបត្តិ​នេះ​បានធ្វើឱ្យ​ខូចខាត​រូបភាព​របស់​រុស្ស៊ី​ជា​អ្នកផ្គត់ផ្គង់​ដែល​អាច​ទុកចិត្តបាន ហើយ​អាច​ជំ​រុញឱ្យ​អឺរ៉ុប​ទៅ​ស្វែង​​រក​ប្រភព​ថាមពល​ថ្មី​៕