កាលពី​ថ្ងៃ​សៅរ៍ ទី ​២៩ មករា បន្ទាប់ពី​ការចរចា​ខាងក្រៅ​ឆាក​ដ៏​ច្របូកច្របល់​មួយ​សមាជិក​​សភា​បានសម្រេច​ជ្រើសរើស​ប្រធានាធិបតី​បច្ចុប្បន្ន ​លោក​ សឺ​ជី​អូ ម៉ា​តា​រ៉េ​ឡា​ ឱ្យ​បន្ត​កាន់តំណែង​ក្នុង​អាណត្តិ​ទី​២ ​របស់លោក ដែល​ការសម្រេច​បែបនេះ នឹង​រក្សា​ស្ថានភាព​ដដែល ចៀស​​វាង​ការបោះឆ្នោត​មុន​អាណត្តិ និង​ការអូសបន្លាយ​រយៈពេល​នៃ​ស្ថិរភាព​បច្ចុប្បន្ន​របស់អ៊ីតា​លី​ក្រោម​ការដឹកនាំ​របស់លោក​​នាយករដ្ឋមន្ត្រី​ ម៉ា​រី​អូដ្រា​ហ្គី​។​

​លោក​ ម៉ា​តា​រ៉េ​ឡា ដែលមាន​អាយុ ៨០​ ឆ្នាំ និង​បានបង្ហាញ​ភាពស្ទាក់ស្ទើរ​ក្នុង​ការបន្ត​កាន់តំណែង បាន​ក្លាយជា​បេក្ខជន​ឈានមុខ​គេ បន្ទាប់ពី​ការជាប់គាំង​រយៈពេល ៦​ ថ្ងៃ​ក្នុង​សភាអ៊ីតា​លី​ខណៈពេលដែល​គណ​បក្សនយោបាយ​ក្នុង​សម្ព័ន្ធ កាន់អំណាច​បាន​បរាជ័យ​ក្នុងការ​​ព្រមព្រៀង​លើ​បេក្ខជន​ណាមួយ​។ ភាពជាប់គាំង​នេះ​បានបង្ហាញ​យ៉ាងច្បាស់​អំពី​នយោបាយ​ប្រេះ​​ស្រាំ និង​ការបែកបាក់​ដែល​នៅ​ពីក្រោម​ផ្ទៃ​នៃ​រដ្ឋាភិបាល​រួបរួម​​ជាតិ​របស់​អ៊ីតា​លី​។​

​ភាព​បែកបាក់​ក្នុង​នយោបាយ​អ៊ី​តា​លី គឺ​មិនមែនជា​រឿង​ថ្មី​ទេ ​ប៉ុន្តែ​ការបោះឆ្នោត​ត្រូវបាន​ឃ្លាំមើល​យ៉ាង​ដិតដល់ ពីព្រោះ​លទ្ធផល​របស់​វា​មាន​សក្ដានុពល​ក្នុងការ​កំ​​ណ​ត់​ថា ​តើ​លោកនាយក​រដ្ឋមន្ត្រី ដ្រា​ហ្គី អាច​នឹង​បន្ត​ក្នុង​អាជីព​ន​យោ​​បាយ ឬ​ក្លាយជា​ជនរងគ្រោះ​ក្នុង​ភាពចលាចល​នយោបាយ​។​

​ក្នុងជំនួប​ប្រជុំ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ លោក ដ្រា​ហ្គី ដែល​ក៏​ជា​បេក្ខជន​ប្រធានាធិបតី​ផងដែរ បានធ្វើការ​បញ្ចុះបញ្ចូល​លោក​ ម៉ា​តា​រ៉េ​ឡា​ ដោយផ្ទាល់​ឱ្យ​បន្ត​កាន់តំណែង បន្ទាប់ពី​ការជាប់​​គាំង​នយោបាយ​ដោយសារ​លទ្ធ​​ផល​មិនមាន​អ្នកឈ្នះ​ជាច្រើន​ដង​បានធ្វើឱ្យ​ខូច​កិត្តិយស​ដល់​បេក្ខជន​សំខាន់ៗ​មួយចំនួន​ដូចជា​ប្រធានព្រឹទ្ធសភា​អ៊ី​តា​លី និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។

​បន្ទាប់​ជំនួប​ជាមួយ​លោក​ ម៉ា​​តា​រ៉េ​ឡា លោក ដ្រា​ហ្គី ​បាន​ទំនាក់​​ទំនង​ប្រធាន​គណបក្ស​នានា​ក្នុង​សម្ព័ន្ធភាព​កាន់អំណាច​របស់លោក ដើម្បី​ចរចា​ការជ្រើសរើស​ប្រ​ធានា​​ធិបតី​។ ក្នុងការ​បោះឆ្នោត​ជុំ​ទី​៨ លោក​ ម៉ា​តា​រ៉េ​ឡា ​បានទទួល​សំឡេងគាំទ្រ​ ៧៥៩ លើ ១ ០០៩ លើសពី​គ្រប់គ្រាន់​សម្រាប់​ទទួល​ជ័យជម្នះ​។​

​ការជ្រើសរើស​លោក​ ម៉ា​តា​រ៉េ​ឡា​ ឱ្យ​បន្ត​កាន់តំណែង​បាន​បង្កើន​លទ្ធភាព​រប​ស់លោក ដ្រា​ហ្គី​ ក្នុង​ការបន្ត​កាន់តំណែង​ជានា​យក​​រដ្ឋមន្ត្រី​រហូតដល់​ការបោះឆ្នោត​ខែកុម្ភៈ ឆ្នាំ ​២០២៣​។​

​អ្នកគាំទ្រ​លោក ដ្រាហ្គី ចង់ឃើញ​លោក​ក្លាយជា​ប្រធានាធិបតី ទោះ​​ជា​តំណែង​មានអំណាច​ប្រចាំថ្ងៃ​តិចជាង​តំណែង​នាយករដ្ឋមន្ត្រី​ក៏ដោយ​។ ពួកគេ​មើលឃើញ​លោក ដ្រា​ហ្គី ​ថា អ្នកបង្កើត​ឱ្យមាន​ស្ថិរភាព​ក្នុងប្រទេសអ៊ីតា​លី ហើយ​ប្រសិនបើ​លោក​ក្លាយជា​ប្រធានាធិបតី លោក​នឹង​អាចជួយ​បន្ត​ស្ថិរភាព​នេះ​ហួសការ​​បោះឆ្នោត​ឆ្នាំ ​២០២៣​។​

​ការជ្រើសរើស​លោក ​ម៉ា​តារ៉េ​ឡា គឺជា​ជម្រើស​ទី​២​ របស់​ពួកគេ ដោយសារ​ពួកគេ​មើលឃើញថា លោក​ ម៉ា​តា​រ៉េ​ឡា ​មាន​សមត្ថភាព​រក្សា​ស្ថានភាព​ឱ្យនៅ​ដដែល និង​រារាំង​ភាពចលាចល​ក្នុង​នយោបាយ​អ៊ី​តា​លី ហើយ​អាចជួយ​បើកទ្វារ​សម្រាប់​លោក ដ្រា​ហ្គី​ ឱ្យ​ស្នង​តំណែង​ពី​លោក​។​

​អ្នកវិភាគ​មួយចំនួន​លើកឡើង​ថា នៅពេលដែល​នយោបាយ​អ៊ី​តា​លី​កាន់​តែមាន​ស្ថិរភាព លោក​ ម៉ា​តា​រ៉េ​ឡា ​អាច​លាលែង​ពី​តំណែង​នៅ​ដើម​អាណត្តិ​ទី​២ ​របស់លោក ហើយ​បើកផ្លូវ​ឱ្យ​សភា​តែងតាំង​លោក ដ្រាហ្គី​ ជា​ប្រធានាធិបតី​។

​ខុទ្ទកាល័យ​លោក ដ្រា​ហ្គី បាន​និយាយថា អ្នក​ទាំង ​២ ​មិន​ពិភាក្សា​អំពី​រឿងនេះ​ទេ​។​

​លោក​ ម៉ា​តា​រ៉េ​ឡា បានបញ្ជាក់​ជាច្រើន​សា​ថា លោក​មិន​ចង់​បន្ត​កាន់តំណែង​ជា​ប្រធានាធិបតី​នោះទេ ហើយ​បានចាប់ផ្ដើម​រើ​គេហដ្ឋាន​ចេញពី​វិមាន​ប្រធានាធិបតី​ទៅកាន់​ផ្ទះ​ថ្មី​មួយ​នៅ​ក្រុង​រ៉ូម​។ ប៉ុន្តែ​ការបរាជ័យ​ក្នុងការ​ជ្រើសរើស​បេក្ខជន​ថ្មី បាន​បង្ខំ​ឱ្យ​លោក​ធ្វើបែបនេះ​៕

វីដេអូ៖