ការប្រមូលផ្ដុំ​ទាហាន​រុស្ស៊ី​ជិត ១០០ ០០០ ​នាក់ ​នៅ​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន រួមមាន​ការដាក់​ពង្រាយ​ឃ្លាំង​​ឈាម​សម្រាប់​ទាហាន​ដែល​រងរបួស​។ នេះ​បើតាម​ការ​រាយ​​ការណ៍​របស់​សារព័ត៌មាន Reuters ផ្អែកលើ​ប្រភព​ជា​មន្ត្រី​អាមេរិក​ចំនួន​៣​រូប ដែល​បាន​លើកឡើងថា ព័ត៌មាន​លម្អិត​នេះ​បង្ហាញថា រុស្ស៊ី​កំពុង​ត្រៀម​វាយប្រហារ​ប្រទេសជិតខាង​។​

​អ្នកវិភាគ​និយាយថា សូចនាករ​ដូចជា​ការដាក់​ពង្រាយ​ឃ្លាំង​​ឈាម គឺ​សំខាន់​ណាស់​សម្រាប់​វិភាគថា ​តើ​រុ​ស្សុី នឹងធ្វើ​ការឈ្លានពាន​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន ​ដែរឬទេ​។ រដ្ឋាភិបាល​រុស្ស៊ីនៅ​មិនទាន់​ធ្វើការ​អត្ថាធិប្បាយ​ទៅលើ​ការអះអាង​បែបនេះ​នៅឡើយ​ទេ​។​

​ការរាយការណ៍​នេះ បាន​កើតឡើង​បន្ទាប់ពី​ប្រធានាធិបតី​រុ​ស្សុី លោក ​វ្ល៉ា​ឌី​មៀរ ពូ​ទីន បានធ្វើការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​បារាំង លោក​ អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ដែល​ក្នុងនោះ​លោក ពូ​ទីន បាន​និយាយថា លោកខាងលិច​មិនបាន​ដោះ​ស្រាយ​ការព្រួយបារម្ភ​សន្តិសុខ​របស់​ក្រុង​ម៉ូស្គូ ប៉ុន្តែ​លោក​ក៏​និយាយថា លោក​ត្រៀមខ្លួន​ដើម្បី​បន្ត​ការចរចា​។​

​ការទាមទារ​ធានា​សន្តិសុខ​រុស្ស៊ី​រួមមាន​ការបញ្ឈប់​ការពង្រីក​សមាជិកភាព​អង្គការ​ណា​តូ ការហាមឃាត់​ការដាក់​ពង្រាយ​អាវុធ​ធុន​ធំ​នៅ​ជិត​ព្រំដែន​រុស្ស៊ី និង​ការស្ដារ​ស្ថានភាព​អង្គការ​​ណា​តូ​ឱ្យ​ដូច​មុន​ការចូលរួម​របស់​ប្រទេស​អឺរ៉ុប​ខាងកើត​ដូចជា​ប៉ូឡូញ ឡេ​តូ​នី លី​ទុយ​អា​នី និង​អេ​ស្តូ​នី​។ សហរដ្ឋអាមេរិក និង​អង្គការ​ណា​តូ​បាន​ច្រានចោល​ការទាមទារ​មួយចំនួន​របស់​រុស្ស៊ី ប៉ុន្តែ​បើកទ្វារ​ឱ្យមាន​ការចរចា​ការទាមទារ​មួយចំនួន​។​

​វិមាន​ក្រឹម​ឡាំង​បាន​និយាយថា ពួកគេ​នឹងសិក្សា​ការឆ្លើយតប​ជា​លាយលក្ខណ៍អក្សរ​រប​ស់​សហរដ្ឋអាមេរិក និង​អង្គការ​ណា​តូ​ចំពោះ​ការទាមទារ​របស់​ពួកគេ មុននឹង​សម្រេចចិត្ត​លើ​សកម្មភាព​បន្តទៀត​៕

វីដេអូ៖