សហរដ្ឋអាមេរិក​ និង​រុស្ស៊ី បាន​ប្រឈម​ដាក់​គ្នា​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ជុំវិញ​វិបត្តិ​នៅ​ប្រទេស​អ៊ុយក្រែន​ ដោយ​ភាគី​អាមេរិក​ព្រមាន​ថា ​នឹង​មាន​សង្គ្រាម​ «គួរ​ឱ្យ​រន្ធត់» ប្រសិន​បើ​រុស្ស៊ី​សម្រេច​ចិត្ត​ឈ្លានពាន​ប្រទេស​ជិត​ខាង​ ខណៈ​ពេល​ដែល​ភាគី​រុស្ស៊ី​ បាន​ច្រាន​ចោល​ថា​ នឹង​មិន​មាន​ជម្លោះ​យោធា​ទេ​។

យោធា​រុស្ស៊ី បាន​ធ្វើ​ការ​ប្រមូល​ផ្ដុំ​ទាហាន​ជាង​ ១០០ ០០០ នាក់​នៅ​តំបន់​ព្រំដែន​អ៊ុយក្រែន​ ធ្វើ​ឱ្យ​មាន​វិបត្តិ​ការទូត​ និង​ធ្វើ​ឱ្យ​កើន​ឡើង​ការ​ព្រួយបារម្ភ​ក្នុង​ចំណោម​ប្រទេស​លោក​ខាង​លិច​ថា​រុស្សី​គឺ​កំពុង​ត្រៀម​ធ្វើ​ការ​ឈ្លានពាន​ចូល​ប្រទេស​អ៊ុយក្រែន​។ រុស្ស៊ី​ បាន​ច្រានចោល​ថា​ ខ្លួន​គ្មាន​ផែនការ​បែប​នេះ​ទេ​ ប៉ុន្តែ​បាន​ធ្វើ​ការ​ទាមទារ​ការ​ធានា​សន្តិសុខ​មួយ​ចំនួន​ពី​លោក​ខាង​លិច ដែល​រួមមាន​ការ​បញ្ឈប់​ការ​ពង្រីក​សមាជិកភាព​អង្គការ​ណាតូ​មក​កាន់​អឺរ៉ុប​ខាង​កើត​ ជា​ពិសេស​ប្រទេស​អ៊ុយក្រែន​។

កាល​ពី​ថ្ងៃ​ចន្ទ ទី​៣១ មករា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកស្រី​លីនដា ថូម៉ាស-ហ្គ្រីនហ្វីល​ បាន​ប្រាប់​សម័យ​ប្រជុំ​បើក​ពិសេស​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ថា​ ផែនការ​របស់​រុស្ស៊ី​ ​ដើម្បី​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ គឺ​នឹង​គំរាមកំហែង​ដល់​សន្តិសុខ​ពិភពលោក​។ លោកស្រី​និយាយ​ថា​សកម្មភាព​របស់​រុស្ស៊ី​ គឺ​ជា​ការ​ «វាយ​ប្រហារ​ចំ​បេះដូង​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​» និង​ជា​ «ការ​គំរាម​កំហែង​យ៉ាង​ច្បាស់» ដល់​សន្តិភាព​ និង​សន្តិសុខ​។

ឯកអគ្គរដ្ឋទូត​រុស្ស៊ី​​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក​វ៉ាស៊ីលី នេបេនហ្សី ​បាន​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក​ និង​សម្ព័ន្ធមិត្ត​របស់​ពួកគេ​ថា​កំពុង​បំផ្លើស​ការ​គំរាមកំហែង​នៃ​ការ​ផ្ទុះ​សង្គ្រាម​ បើ​ទោះ​បី​ជា​រុស្ស៊ី​បាន​ច្រាន​ចោល​ម្ដង​ហើយ​ម្ដង​ទៀត​ថា ​ខ្លួន​គ្មាន​ផែនការ​ធ្វើ​ការ​ឈ្លានពាន​ទេ។ លោក​និយាយ​ថា​ការ​អះអាង​ម្ដង​ហើយ​ម្ដង​ទៀត​របស់​លោក​ខាង​លិច​ គឺ​ហាក់​ដូចជា​ពួកគេ​ពិត​ជា «ចង់​វា​កើត​ឡើង» ​ចង់​ឱ្យ​ «ពាក្យ​ពួកគេ​ក្លាយ​ជា​ការ​ពិត​»​៕